តើទឹកដីកម្ពុជាក្រោមត្រូវបាត់បង់តាំងពីឆ្នាំណាមក?

ចំណែកពណ៌បៃតង គឺជាដីកម្ពុជាក្រោមដែលបារាំងកាត់ទៅឲ្យវៀតណាម
ដោយ សេង ឌីណា
ជម្លោះកំពុងតែផ្ទុះឡើងខ្លាំង រវាងសហគមន៍ខ្មែរកម្ពុជាក្រោម ព្រមទាំងយុវជនខ្មែរមួយចំនួន និងមន្រ្តីស្ថានទូតវៀតណាមប្រចាំកម្ពុជា ទាក់ទងទៅនឹងប្រវត្តិទឹកដីកម្ពុជាក្រោម។ ជម្លោះដែលបានផ្ទុះឡើង ក្រោយពីមន្រ្តីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាបានលើកឡើង ថា ទឹកដីកម្ពុជាក្រោមជាកម្មសិទ្ធិរបស់វៀតណាមតាំងពីយូរមកហើយ មិនមែនទើបតែត្រូវអាណានិគមបារាំងកាត់ចេញពីកម្ពុជា នៅឆ្នាំ១៩៤៩។ តើពិតប្រាកដទៅ កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាមចាប់តាំងពីពេលណាមក?
ប្រវត្តិនៃទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា កូសាំងស៊ីន (Cochinchine) ត្រូវបានកត់ត្រាទុកនៅក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ដែលមិនគួរជាបញ្ហាចម្រូងចម្រាស ដូចអ្វីដែលបានកើតឡើងនៅពេលនេះទេ ប្រសិនបើភាគីម្ខាងៗមិននាំគ្នាបកស្រាយទាញយកត្រូវតែរៀងៗខ្លួនទេនោះ។
ទឹកដីកម្ពុជាក្រោមត្រូវបានបារាំងកាត់ទៅឲ្យវៀតណាម នៅឆ្នាំ១៩៤៩ គឺជារឿងមិនអាចប្រកែកបាន ដោយសារតែមានឯកសារច្បាប់ជាសំអាង គឺ ច្បាប់ ដែលសភាបារាំងបានអនុម័ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ គេក៏គួរតែទទួលស្គាល់ផងដែរថា ច្បាប់ឆ្នាំ១៩៤៩នោះ មិនមែនកាត់ទឹកដីកម្ពុជាក្រោមចេញពីទឹកដីកម្ពុជា ប្រគល់ទៅឲ្យវៀតណាមនោះទេ ពីព្រោះថា ទឹកដីកម្ពុជាក្រោមនេះលែងស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាតាំង ពីរាប់រយឆ្នាំមុនម៉្លេះ។

តាមការពិត កម្ពុជាបានចាប់ផ្តើមបាត់ដីកម្ពុជាក្រោមបន្តិចម្តងៗ តាំងពីអំឡុងសតវត្សរ៍ទី១៧ គឺនៅក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី២ ដែលមានមហេសីជាកូនស្រីស្តេចអាណ្ណាម ហើយដែលបានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមករស់នៅក្នុងខេត្តព្រៃនគរ (ឈ្មោះដើម ខេត្តព្រៃគ)។ បន្តិចម្តងៗ នៅក្នុងពេលដែលនគរខ្មែរធ្លាក់ចុះទន់ខ្សោយ ដោយសារតែការកៀបសង្កត់ពីសៀម និងអាណ្ណាមផង និងដោយសារជម្លោះផ្ទៃក្នុងដណ្តើមរាជបល្ល័ង្កផង នគរអាណ្ណាមក៏បានពង្រីកការកាន់កាប់ទឹកដីកម្ពុជាក្រោមជាលក្ខណៈ អចិន្រ្តៃយ៍ ដោយតាំងខ្លួនជាម្ចាស់ស្រុក។

គិតត្រឹមឆ្នាំ១៨៣៤ ពោលគឺប្រមាណជា ៣០ឆ្នាំមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមស្ទើរតែទាំងស្រុង (លើកលែងតែស្រុកទ្រាំង ដែលបាត់បង់នៅឆ្នាំ១៨៤០)។

នៅឆ្នាំ១៨៤៥ នៅពេលដែលព្រះបាទអង្គឌួងឡើងគ្រងរាជ្យ នគរខ្មែរត្រូវបាត់បង់ឯករាជ្យស្ទើរតែទាំងស្រុង ដោយត្រូវស្ថិតក្រោមការត្រួតត្រារបស់នគរសៀម និងនគរអាណ្ណាម។ នៅក្នុងស្ថានភាពនោះហើយ ដែលព្រះបាទអង្គឌួង ត្រូវសៀម និងអាណ្ណាមបង្ខំឲ្យចុះកិច្ចព្រមព្រៀងកាត់ខេត្តប៉ែកពាយ័ព្យទៅឲ្យ សៀម និងទទួលស្គាល់ឲ្យវៀតណាមបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមតទៅទៀត។ ចាប់ពីពេលចុះសន្ធិសញ្ញានោះហើយ ដែលប្រជាជនខ្មែរនៅកម្ពុជាក្រោមបាននាំគ្នារត់មករស់នៅនគរខ្មែរ វិញ ដោយសារតែពួកទទួលរងនូវការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងពី ប្រជាជន និងអាជ្ញាធរអាណ្ណាម។ ឈ្មោះភូមិ ស្រុក ខេត្តទាំងអស់នៅកម្ពុជាក្រោមត្រូវបានអាជ្ញាធរអាណ្ណាមប្តូរទៅជា ភាសាវៀតណាមវិញទាំងអស់ ដើម្បីឲ្យគេភ្លេចឈ្មោះដើមជាខ្មែរ។

មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែដែនដីខ្មែរកណ្តាលក៏ត្រូវប្រឈមមុខនឹងការបាត់បង់ផងដែរ នៅពេលនោះ។ ហេតុដូច្នេះហើយបានជាព្រះបាទអង្គឌួងស្វះស្វែងរកជំនួយពីអធិរាជ ណាប៉ូឡេអុងទី៣របស់បារាំង ដើម្បីទប់ទល់នឹងនគរសៀម និងអាណ្ណាម។

នៅឆ្នាំ១៨៥៨ បារាំងបានបញ្ជូនកងទ័ពទៅវាយលុកទៅលើនគរអាណ្ណាម រហូតដណ្តើមយកទឹកដីកម្ពុជាក្រោមមកកាន់កាប់ នៅឆ្នាំ១៨៦២ មុននឹងដាក់អាណាព្យាបាលលើកម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើតទៅជាសហភាពឥណ្ឌូចិន។

គួរបញ្ជាក់ថា នៅក្នុងសហភាពឥណ្ឌូចិននេះ ដែនដីកូសាំងស៊ីនមានលក្ខណៈពិសេសពីប្រទេសកម្ពុជា វៀតណាម និងឡាវ។ កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង ចំណែកកូសាំងស៊ីនវិញ នៅក្រោយពេលដែលបារាំងច្បាំងដណ្តើមយកបានពីនគរអាណ្ណាម នៅឆ្នាំ១៨៦២ បារាំងមិនបានដាក់បញ្ចូលមកក្នុងទឹកដីកម្ពុជាវិញនោះទេ តែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Ouetre-Mer)។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ បារាំងក៏បន្តមានដែនដីនៅនាយសមុទ្រយ៉ាងច្រើនដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសអូស្រ្តាលី និងនូវែលសេឡង់។

ដូច្នេះ សរុបសេចក្តីមកវិញ បើយោងទៅលើឯកសារប្រវត្តិសាស្រ្ត កម្ពុជាក្រោម គឺជាអតីតទឹកដីរបស់នគរខ្មែរ មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ។ ក៏ប៉ុន្តែ កម្ពុជាក្រោមនេះក៏មិនមែនទើបនឹងត្រូវបានបាត់បង់ ដោយសារបារាំងកាត់ឲ្យវៀតណាម នៅឆ្នាំ១៩៤៩នេះដែរ។ តាមរយៈច្បាប់ ថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ បារាំងគ្រាន់តែបានប្រគល់ទឹកដីកូសាំងស៊ីន ដែលបារាំងច្បាំងដណ្តើមយកពីវៀតណាម នៅឆ្នាំ១៨៦២ ឲ្យទៅវៀតណាមវិញប៉ុណ្ណោះ មិនមែនជាការកាត់យកពីកម្ពុជាទៅឲ្យវៀតណាមនោះទេ។ ទឹកដីកម្ពុជាក្រោមនេះ កម្ពុជាបានបាត់បង់ទៅវៀតណាម តាំងពីមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិនទៅទៀត គ្រាន់តែថា កម្ពុជាក៏មិនបានបោះបង់ការទាមទារយកទឹកដីកម្ពុជាក្រោមនេះពីវៀតណាម មកវិញនោះដែរ។ រហូតទាល់តែមានច្បាប់បារាំង ដែលសម្រេចភ្ជាប់ទឹកដីកូសាំងស៊ីនទៅប្រទេសវៀតណាម នៅឆ្នាំ១៩៤៩ ទើបធ្វើឲ្យកម្ពុជាលែងអាចធ្វើការតវ៉ាតាមផ្លូវច្បាប់ទាមទារយក ទឹកដីកម្ពុជាក្រោមនេះមកវិញ ពីព្រោះថា យោងតាមគោលការណ៍នៃនីតិអន្តរជាតិ ព្រំដែនដែលបន្សល់ទុកដោយមហាអំណាចអាណានិគម គឺជាព្រំដែនស្ថាពរ ដែលមិនអាចសើរើឡើងវិញបាន៕

ទស្សនះរបស់ខ្ញុំ

Do you want to know about leader all over the wold?
ទំពាំងស្នងប្ចស្សី
ប៉ុនែ្តប្ចស្សីយូរកាលណាខ្លឹមកាលនឹង!!!!
សុបិន្តល្អយ៉ាងណា ក៏គង់តែភ្ញាក់!!!!
ចង់មានអោយជួញអង្ករចង់ក្រអោយជួញឡាន
ចំណេះដឹងបានមកពីការងឿងឆ្ញល់

 

គ្រួសាររបស់ខ្ញុំ

តើអ្នកដឹកនាំត្រូវមានគុណសម្បតិ្តអ្វីខ្លះ?