លោក​សាក់ ស៊ុត​សា​ខន

លោក​សាក់ ស៊ុត​សា​ខន បានទទួល​មរណភាព​នៅ​ព្រឹក​ថៃ្ង​ទី​២៩ ខែមេសា ឆ្នាំ​១៩៩៤ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ដោយសារ​ជំងឺ​គាំងបេះដូង ក្នុងពេលដែល​លោក​មាន​ថា​នៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ជា​ទីប្រឹក្សាយោធា​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទីមួយ​នៃ ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ និង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី ។

លោក​បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ក្រុងភ្នំពេញ ហើយ​តាម​ការបញ្ជាក់​របស់​ក្រុម​វេជ្ជបណ្ឌិត​បានឱ្យដឹងថា លោក​ក៏មាន​មេរោគ​គ្រុនចាញ់​នៅក្នុង​ខ្លួន​ដែរ ។​

ជា​ប្រមុខរដ្ឋ​ចុងក្រោយ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​មុនពេល​ខ្មែរក្រហម កាន់កាប់​ភ្នំពេញ​នា​ឆ្នាំ​១៩៧៥ លោក​សាក់​ស៊ុត​សា​ខន​តែងតែ​ត្រូវបាន​គេ​រំលឹក​ដល់​ក្នុងនាម​ជា​អ្នកចាញ់ ដែល​រត់ចោលស្រុក ។​
លោក​កើត​នៅ​ខេត្តបាត់ដំបង នា​ថៃ្ង​ទី​២៨ កុម្ភៈ ឆ្នាំ​១៩២៨ ហើយ​ជាប់​សាច់ឈាម​ជា​បងប្អូន​ជីដូនមួយ​ជាមួយ​នួន​ជា​ដែលជា​បងធំ​ទី​២​នៃ របប​ខ្មែរក្រហម ។ ប៉ុន្តែ​អ្នក​ទាំងពីរ​បានជ្រើសរើស​ផ្លូវ​ដើរ​ខាង​នយោបាយ​យ៉ាង​ផ្ទុយស្រឡះ ពីគ្នា​៖ ម្នាក់​ជា​ជន​សាធារណរដ្ឋ និង​ម្នាក់ទៀត​ជា​ជន​កុម្មុយនីស្ត​ដ៏​ក្រហមឆ្អិនឆ្អៅ ។​

លោក​សាក់ ស៊ុត​សា​ខន បានបញ្ចប់​ការសិក្សា​នៅ​សាលា​នាយទាហាន​ភ្នំពេញ​នា​ឆ្នាំ​១៩៤៦ ហើយ​នៅ​ឆ្នាំ​១៩៤៧ បាន​បន្ត​ការសិក្សា​ផ្នែក​យោធា​នៅ​ប្រទេស​បារាំង​រហូត​បញ្ចប់​ការសិក្សា ផ្នែក​វិស្វករ​យោ​ធានា​ឆ្នាំ​១៩៤៩ ។​
អាជីព​ជា​ទាហាន​របស់លោក​បានចាប់ផ្តើម​ពី​មេបញ្ជាការរង​នៅ​តំបន់​ស្វយ័ត ខេត្តសៀមរាប​-​កំពង់ធំ (​ឆ្នាំ​១៩៤៩-១៩៥២) រួច​ទើប​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ លោក​វិល​ទៅ​សិក្សា​ផ្នែក​សេនាធិការ​យោធា​នៅ​ប្រទេស​បារាំង​ម្តងទៀត ។​

ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៥៤ លោក​សាក់ ស៊ុត​សា​ខន បាន​បំពេញ​នាទី​ជា​នាយការិយាល័យ​យុទ្ធសាស្ត្រ​ក្នុង​សេនាធិការ​នៃ​កងយោធពល ខេ​មរ​ជាតិ ហើយ​ប្រការ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​គឺ​នៅ​ខែកក្កដា ឆ្នាំ​១៩៥៤ លោក​បាន ធ្វើជា​សមាជិក​យោធា​ខ្មែរ​ទៅ​ប្រជុំ​សន្និសីទ​ហ្សឺ​ណែវ (​ស្វី​ស​) ស្តីពី បញ្ហា​ឥណ្ឌូចិន ។​

តួនាទី​របស់លោក​សាក់ ស៊ុត​សា​ខន បាន​ឈានឡើង​យ៉ាង​ឆាប់រហ័ស ដោយ​ពី​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៥៥ ជា​នាយសេនាធិការរង​នៃ​កងយោធពល​ខេ​មរ​ជាតិ និង​ពី​ឆ្នាំ​១៩៥៧ ឆ្នាំ​១៩៥៩ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ឃោសនាការ ។ លោក​ស៊ុត​សា​ខន​បាន​ក្លាយទៅជា​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ក្មេង​ជាងគេ បំផុត​នា​សម័យ​នោះ ពេលដែល​ទើប​មាន​អាយុ​២៩​ឆ្នាំ ក្នុងពេលដែល​ប្រទេស​កម្ពុជា​ស្ថិតក្នុង​របប​នយោបាយ​ឯក​បក្ស ក្រោម​ការដឹកនាំ​របស់​គណបក្ស​សង្គមរាស្ត្រនិយម ក៏ប៉ុន្តែ ក៏​មិនមែនជា​ពេលដែល​រាជរដ្ឋាភិបាល​មាន​ស្ថេរភាព​នោះទេ ពោលគឺ​ក្នុង​រយៈពេល​២​ឆ្នាំនេះ​មាន​រាជរដ្ឋាភិបាល​៨​បាន​ផ្លាស់​វេន​គ្នា ឡី​ង​គ្រប់គ្រង​ប្រទេសជាតិ​ដែល​ដឹកនាំ ដោយ​លោក​សាន យុន​, លោក​ស៊ឹម វ៉ា​, សម្តេច​ប៉ែន នុត​, និង​សម្តេចព្រះ​នរោត្តម​សីហនុ​ផ្ទាល់ ។​

បន្ទាប់ពី​ទៅ​ទទួល​នាទី​ជា​មេបញ្ជាការ​យោធា​នៃ​យោធភូមិភាគ​ទី​២​អស់ រយៈពេល​៣​ឆ្នាំ (១៩៥៩-១៩៦២), ក្នុង​ជំនាន់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម កន្តុល លោក​បានទទួល​ការតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ និង​ការពារ​លើ​ផ្ទៃ​ប្រទេស​រយៈពេល​ពីរ​ឆ្នាំ​គឺ​ពី​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ ១៩៦៤ ។​

ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ពេលដែល​សម្តេច​សីហនុ​បាន​ត្រូវ​ទម្លាក់​ពី​អំណាច ដោយ​ឧ​ត្ត​ម​សេនីយ៍​លន់ នល់ លោក​សាក់ ស៊ុត​សា​ខន បាន​បន្ត​អាជីព​របស់លោក​នៅក្នុង​កងទ័ព​ដែល​បាន​ប្រែ​ឈ្មោះ​ទៅជា​កងទ័ព ជាតិខ្មែរ ។ លោក​បាន​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជាច្រើនលើក ជា​មេបញ្ជាការ​កងទ័ព​ពិសេស​នៃ​កងទ័ព​ជាតិខ្មែរ និង​ជា​ឥស្សរជន​មួយរូប​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​ជួរ​អាមេរិក​ថា ជា​នាយទាហាន​មាន​សមត្ថភាព និង​ជា​អ្នកនយោបាយ​មិន​ពុករលួយ ។​

បន្ទាប់ពី​អាមេរិកាំង និង​ប្រធានាធិបតី​ស្តីទី​សូ​ខាំ​ខូ​យ “​រត់ចោល​” ភ្នំពេញ​នា​ថ្ងៃ​១២ មេសា ១៩៧៥, ឧ​ត្ត​ម​សេនីយ៍​សាក់ ស៊ុត​សា​ខន បាន​ដឹកនាំ​គណកម្មការ​ជាន់ខ្ពស់​មួយ​មាន​សមាជិក ៧​រូប ទ្រោល​អំណាច​ចំពោះ​មុខការ​រលំរលាយ​នៃ​សាធារណរដ្ឋ​ខ្មែរ ។ លោក​បាន​ទទួលយក​ថា​នៈ​ជា​ប្រមុខរដ្ឋ​និង​ជា​ប្រមុខ​នៃ​គណកម្មការ​គ្រប់គ្រង ដែល​ព្យាយាម​ចរចា​នូវ​លក្ខ​ខ័​ណ្ឌ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ខ្មែរក្រហម ដែល​នាពេលនោះ​ហ៊ុមព័ទ្ធ​ភ្នំពេញ​ជុំជិត​ទៅហើយ ។ លោក​ប្រធានាធិបតី​ចុងក្រោយ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ បាន​បន្ត​ស្ថិតនៅ​ទីក្រុង​ភ្នំពេញ​រហូតដល់​ពេលដែល​ពួក​ខ្មែរក្រហម​ចូលមក ទើប​លោក​ចាកចេញ​តាម​ឧទ្ធម្ភាគចក្រ​ចុងក្រោយ​មួយគ្រឿង ។​

សាក់ ស៊ុត​សា​ខន បាន​ទៅ​រស់នៅ​អាមេរិក​ហើយ​បាន​ក្លាយជា​ជនជាតិ​អាមេរិកាំង ។​
នៅ​ឆ្នាំ​១៩៨១ លោក​បានមក​ចូលរួម​ជាមួយ​អ្នកនយោបាយ​ជើងចាស់​សឺ​ន សាន និង​ឧ​ត្ត​ម​សេនីយ៍​ឌៀ​ន​ឌែ​ល​ដែល​បាន​បង្កើត​រួចមកហើយ​នូវ​រណសិរ្ស​ជាតិ​រំដោះ ប្រជាពលរដ្ឋ​ខ្មែរ (KPNLF=Khmer People’s National Liberation Front) ហើយ​បាន​ក្លាយជា​មេបញ្ជាការ​កងទ័ព​រប​ស់រណ​សិរ្ស​នេះ​ដែលមាន​ឈ្មោះថា​កងទ័ព ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLAF=Khmer People’s National Liberation Armed Force) ។ លោក​បាន​ព្យាយាម​ក្នុងការ​ប្រមូលផ្តុំ​ភាគី​ប្រដាប់អាវុធ​នានា នៅក្នុង​រណសិរ្ស​នេះ ។​

នៅ​ឆ្នាំ​១៩៨២ សម្ព័ន្ធភាព​នយោបាយ​មួយ​បាន​បង្កើតជា​រដ្ឋាភិបាល​ចំរុះ​កម្ពុជា ប្រជាធិបតេយ្យ ដោយ​ការចូលរួម​រវាង KPNLF, FUNCINPEC និង​ខ្មែរក្រហម​ដែល​សម្ព័ន្ធភាព​មួយ​នេះ​គេ​តែង​ហៅថា “​ពួក​ត្រីភាគី​” ។​
នៅ​ឆ្នាំ​១៩៨៥ លោក​សាក់ ស៊ុត​សា​ខន​មាន​ការមិនចុះសំរុង​គ្នា​ជាមួយ​លោក​សឺ​ន សាន ទៅលើ​វិធី​នៃ​ការធ្វើ​សង្គ្រាម​ជាពិសេស​បញ្ហា​សហការ​ជាមួយ​ពួក​រាជានិយម ដែល​លោក​សាក់ ស៊ុត​សា​ខន​ចង់បាន ។ ជា​លទ្ធផល​វា​បានធ្វើ​ឲ្យ​មានការ​បែកបាក់ ហើយ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ប៉ារីស​នា​ឆ្នាំ​១៩៩១ លោក​ស៊ុត សា​ខន បាន​បំបែក​ខ្លួន​ចេញពី​លោក​សឺ​ន​សាន​បង្កើតជា​គណបក្ស ប្រជាធិបតេយ្យ​សេរី ដែលមាន​រូបលោក​ជា​ប្រធាន ។​

គួររំលឹកថា នៅ​ឆ្នាំ​១៩៨០ លោក​សាក់ ស៊ុត​សា​ខន បាន​បោះពុម្ពផ្សាយ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា “The Khmer Republic at War and the Final Collapse” (​សាធារណរដ្ឋ​ខ្មែរ​ក្នុង​សង្គ្រាម និង​ការដួលរលំ​ចុងក្រោយ​) ដែលជា​ប្រភពព័ត៌មាន​ដ៏​សំខាន់​មួយ​នៃ​សង្គ្រាម ស៊ីវិល​នៅ​កម្ពុជា ៕ – See more at: http://library.cen.com.kh/library/read_online_html?token=Nzg0MThiYjFlNWFkOGU1MGM5MjNjMGNlZjk1Zjhh#sthash.du9kIjtw.dpuf

Leave a comment