​អែ​ត​វឺ​ត ចេ​ន​ណឺ EDWARD JENNER (1749-1823)

តើ​គ្រូពេទ្យ​នៅ​ទីជនបទ​អាចជួយ​សង្គ្រោះ​មនុស្ស​ពី​ជម្ងឺ​ដែលមាន​គ្រោះថ្នាក់​ដល់​ជីវិត​យ៉ាងដូចម្តេច​?
“​កុំ​បានតែ​គិត តែ​ត្រូវ​សាកល្បង​”​នេះ​គឺជា​តម្រា​ដែល​គ្រូពេទ្យ​ជំនាញ​វះកាត់​លោក ច​ន ហាន់​ធឺ (John Hunter) តែងតែ​យកមកប្រើ ហើយក៏​ជា​ពាក្យ​ដែល គាត់​តែងតែ ផ្តល់​ដំបូន្មាន​ដល់​គ្រូពេទ្យ​ចុះ​កម្មសិក្សា​ជាមួយ​គាត់​ទាំងអស់​ឲ្យ​ចងចាំ​។ លោក អេ​វឺ​ត ចែ​ន​ណឺ (Edward Jenner) ដែលជា​សិស្ស​ដ៏​វ័យក្មេង​និង​មាន​ទេពកោសល្យ​ជាងគេ​នោះ តែងតែ​ចងចាំ​សុភាសិត​នោះ​ក្នុង​ចិត្ត​ជានិច្ច ជាហេតុ​ដែល​ញ៉ាំង​ឲ្យ​គាត់​រកឃើញ​នូវ​របប​គំហើញ​ដ៏​អស្ចារ្យ ដែល​បាន​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ឲ្យ​ប្រសើរឡើង ។​

​អែ​ត​វឺ​ត ចេ​ន​ណឺ EDWARD JENNER (1749-1823)

​ជាច្រើន​សតវត្ស​មកហើយ ជីវិត​មនុស្ស​ត្រូវបាន​គម្រាមកំហែង​ដោយ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​គេ​ហៅថា ជម្ងឺ​អុតធំ (Smallpox or Variola)​។ ជនរងគ្រោះ មាន​រោគសញ្ញា​ដំបូង​ត្រឹមតែ​ជា​កន្ទួល​រមាស់​ក្រហម​តូចៗ ដែល​វិ​វត្ត​ទៅជា​ពងទឹក​ថ្លាៗ ប៉ុន្តែ​វា​មិនមែនជា​ជម្ងឺ​ស្រាល​ដូចជា​ការគិត​នោះទេ ។ នៅក្នុង​សតវត្ស​ទី​១៨ ប្រហែល​ជាមាន​មនុស្ស​ប្រមាណ​ជាង​កន្លះ​លាន​នាក់​ស្លាប់​រៀងរាល់ឆ្នាំ ក្នុងនោះ​រួមមាន​ទាំង​ស្តេច​ប្រាំ​អង្គ​ផងដែរ ត្រូវបាន​សម្លាប់​ដោយ​ជម្ងឺ​ដ៏​ឃោរឃៅ​នេះ បើ​គិតតែ​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប​មួយ​ប៉ុណ្ណោះ​។​

​រោគសញ្ញា​របស់​ជម្ងឺ​អុតធំ ចាប់ពី​កន្ទួល​រមាស់​ថ្ងៃទី​៤ បន្ទាប់ពី​ការឆ្លង​រហូតដល់​កា្ល​យ​ជា​ពងទឹក​នៅ​ថ្ងៃទី​៧ និង​ក្លាយជា​ដំបៅ​នៅ​ថ្ងៃទី​២១

​កូនក្មេង​ដែល​កើត​ជម្ងឺ​អុតធំ​
​នៅ​សតវត្ស​ទី​១៧ អ្នកវិទ្យាសាស្ត្រ​របស់​អ៊ឺរ៉ុប បាន​សាកល្បង​ធ្វើការ​ព្យាបាល​ជម្ងឺ​អុតធំ​នេះ តាមរយៈ​វិធីសាស្ត្រ​ចាក់​ផ្ស៊ាំ ដែល​ត្រូវបាន​យកមកប្រើ​នៅ​អាស៊ី​អស់​រយៈពេល​ជាច្រើន​សតវត្ស ។ ដោយ​គេ​ធ្វើ​ឲ្យ​ស្បែក​របស់​ជនរងគ្រោះរ​បួស រួច​យក​ក្រ​ម៉​ដំបៅ​របស់​អ្នក​ជម្ងឺ​ដែល​ឋិត​នៅក្នុង​ទម្រង់​ស្រាល មក​ត្រដុស​ជាមួយ​ស្នាមរបួស​នោះ​។ ជា​លទ្ធផល​វិធី​នេះ ពេលខ្លះ​វា​ធ្វើ​ឲ្យ​កើតជា​អុតធំ​ក្នុង​ទម្រង់​ធ្ងន់​មធ្យម និង​ជួនកាល​ឲ្យ​កើតមាន​ភាពស៊ាំ​ខ្លះៗ ផ្ទុយទៅវិញ​ជា​ញឹកញាប់​វា​បែរជា​បង្ករ​ឲ្យ​ក្លាយទៅជា​ជម្ងឺ​អុតធំ​កំរិតធ្ងន់​ដែល​បណ្តាល​ឲ្យ​មានការ​រាតត្បាត​នៃ​ជម្ងឺ​នេះ​ទៀត​។ មនុស្ស​រាប់លាន​នាក់​នៅតែ​បន្ត​ស្លាប់​ដោយសារ​ជម្ងឺ​អុតធំ​ដដែល​។​

​នៅពេលដែល​លោក អែ​ត​វឺ​ត ចេ​ន​ណឺ​(Edward Jenner) បាន​ចាក​ចេញពី​ទីក្រុង​ឡុង​ទៅធ្វើ​ការពិសោធន៍​ខ្លួន​គាត់​នៅ​ទីជនបទ​មួយ​ក្នុងភូមិ បឺ​កឺ​លៃ​(village of Berkely)​នៃ គ្លូ​សេស​ស្តឺ​សៀរ (Gloucestershire) នៅ​ឆ្នាំ​១៧៧៣ គាត់​បាន​រកឃើញ​វិធី​ព្យាបាល​ជម្ងឺ​នេះ​។ នៅពេល​គាត់​បានទទួល​ព្យាបាល​ជម្ងឺ​កាន់តែច្រើន គាត់​បាន​សង្កេតឃើញ​មាន​លក្ខណៈ​ដូចៗ​គ្នា​កើតឡើង​គួរ​ឲ្យ​កត់សំគាល់ គឺ​ស្ត្រី​យក​ទឹកដោះគោ​ជាច្រើន​នាក់​ដែល​ធ្លាប់​បានមក​ពិគ្រោះ​ជាមួយ​គាត់ សុទ្ធតែ​អាច​រួច​ផុតពី​សេចក្តីស្លាប់​របស់​ជម្ងឺ​អុតធំ​ទាំងអស់​។ តាម​ការស្រាវជ្រាវ​បន្តទៅទៀត​បានបញ្ជាក់​ថា ស្ត្រី​ទាំងនោះ​សុទ្ធតែ​ធ្លាប់​ឆ្លង​ជម្ងឺ​អុតធំ​ដែលមាន​ទម្រង់​ស្រាល​យ៉ាងហោចណាស់​ម្តង​រួចមកហើយ ដែល​គេ​ហៅថា ជម្ងឺ​អុត​គោ (Cowpox)​។ វា​បញ្ជាក់​ឲ្យ​គាត់​យល់ថា បើ​អុត​គោ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដូច្នេះ​ទម្រង់​ស្រាល​នេះ​អាចធ្វើ​ឲ្យ​មនុស្ស​ជៀសផុត​ពី​ទម្រង់​ធ្ងន់ធ្ងរ​របស់​អុតធំ​បាន​។​
​ដោយ​គោរព​តាម​ពាក្យ​ប្រដៅ​ដែល​គ្រូ​គាត់​តែងតែ​អប់រំ លោក​ចែ​ន​ណឺ​បានសំរេច​ចិត្ត​សាកល្បង​នូវ​អ្វីដែល​គាត់​បានគិត​។ នៅពេលនោះ គាត់​ត្រូវការ​អ្នកស្ម័គ្រចិត្ត​មួយចំនួន​ដើម្បី​ធ្វើ​ពិសោធន៍​។ ខណៈពេល​នោះ គាត់​ជ្រើស​យក​អ្នក​ជម្ងឺ​គាត់​ម្នាក់​ដែលជា​ស្ត្រី​យក​ទឹកដោះគោ ឈ្មោះថា សា​រ៉ា​ណែ​លមែស (Sarah Nelmes) ដោយ​គាត់​បាន​ឆ្លង​ជម្ងឺ​អុត​គោ នៅពេលដែល​គាត់​ធ្វើការ​ជាមួយ​គោមួយ​ក្បាល​ឈ្មោះថា ប្លូ​ស​សម (Blossom)​។ នៅ​ថ្ងៃទី ១៤ ខែឧសភា ១៧៩៦ លោក​ចែ​ន​ណឺ បាន​ប្រមូលយក​ទឹករងៃ​ពី​ពងបែក​របស់​ស្ត្រី​នោះ ហើយ​ចម្លង​វា​ទៅ​កូនប្រុស​របស់​អ្នក​ថែរ​សួន​ឲ្យ​គាត់​ឈ្មោះថា ចែម​ហ្វី​ប (James Phipps)​។ ប៉ុន្មាន​ខែក្រោយ​មក នៅ​ថ្ងៃទី​១ ខែកក្កដា គាត់​បានធ្វើ​ឲ្យ​ក្មេងប្រុស​នោះ​ចម្លង​ជម្ងឺ​អុត​គោ​បានសម្រេច​។​

​លោក​អែ​ត​វឺ​ត ចេ​ន​ណឺ (EDWARD JENNER) កំពុង​សាកល្បង​ចាក់​វ៉ា​ក់​សុំា​ង​ឲ្យ​ក្មេងប្រុស​
​ចែម ហ្វី​ប​( James Phipps) អាយុ​៨​ឆ្នាំ​
​វា​ពិតជា​ប្រថុយ​នឹង​គ្រោះថ្នាក់​ណាស់​ក្នុងការ​ធ្វើបែបនេះ ប៉ុន្តែ​ក្មេងប្រុស​ម្នាក់​នោះ​ពិតជា​អាច​រួច​ផុតពី​គ្រោះថ្នាក់​មែន ដែល​វា​ក្លាយទៅជា​រឿង​ដែល​គេ​និយាយ​តៗ​គ្នា​។ រឿងនិទាន​នោះ​ដំណាល​ថា ក្មេងប្រុស​ចែម​ហ្វី​ប គឺជា​មនុស្ស​ទីមួយ​ដែល​បានទទួល​ការចាក់​វ៉ា​ក់​ស៊ាំ​ង​បង្ការ​ជម្ងឺ​អុតធំ​មុនគេ​នៅលើ​ពិភពលោក​។ ពាក្យ​វ៉ា​ក់​ស៊ាំ​ង “Vaccination”​មាន​ប្រភព​មកពី​ពាក្យ​ថា វ៉ា​ក់​កា​“Vacca” ដែលជា​ពាក្យ​ឡាតាំង​មានន័យថា “​គោ​” ។ ទោះជា​វា​អាចមាន​គ្រោះថ្នាក់​ខ្លាំង​មែន ប៉ុន្តែ​ចែ​ន​ណឺ បាន​ថ្លឹងថ្លែង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​រួចជាស្រេច ហើយ​គាត់​ជឿជាក់ថា​លទ្ធផល​ប្រាកដជា ធ្វើ​ឲ្យ​ក្មេងប្រុស​នោះ​មាន​ភាពស៊ាំ​នឹង​ជម្ងឺ​។​
​លោក ប្រែ​ន​សាន់ (Branson)​តាមរយៈ​ការវាស់ស្ទង់​កំរិត​សុខភាព​មួយ​បាន​ឲ្យ​ដឹងថា​ការព្យាបាល​ដោយ​វ៉ា​ក់​ស៊ាំ​ង​បង្ការ​អុត​របស់ លោក​អែ​ត​វឺ​ត ចែ​ន​ណឺ បាន​បន្ថយ​អត្រា​មរណភាព​អស់​ជិត​ស្មើ មួយ​ភាគ​បួន​នៃ​ប្រជាជន​លើ​ពិភពលោក​។​

​នេះ​ជា​ថ្នាំ​បង្ការ​អុតធំ​
​នៅ​ឆ្នាំ ១៧៩៨ លោក​ចែ​ន​ណឹ បាន​សរសេរ​កូនសៀវភៅ​មួយ​ណែនាំ​អំពី សារៈសំខាន់​នៃ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​។ ទោះបីជា​យ៉ាងណា​គាត់​ត្រូវ​ចំណាយ​ពេលវេលា​អស់​៤០​ឆ្នាំ​ក្នុង​ការពន្យល់​រាជរ​ដ្ខា​ភិ​បាល​ពី​សារៈប្រយោជន៍​នៃ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​។ នៅ​ឆ្នាំ​១៨៤០ គាត់​បានធ្វើ​ឲ្យ​អ្នកនយោបាយ​នៅក្នុង​ស្រុក​យល់​ពី សារៈសំខាន់​នៃ​ភាពជោគជ័យ​របស់គាត់ ហើយពីរ​ឆ្នាំ​ក្រោយមក​ការចម្លង​រោគ​អុតធំ​ត្រូវបាន​កំចាត់ ហើយ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​ប្រឆាំង​ជម្ងឺ​អុតធំ បាន​ក្លាយជា​កម្មវិធី​មួយ​ដ៏​ចាំបាច់​។​
​ចែ​ន​ណឺ​មិន​បានដឹង​ពី​យន្តការ​ពិតប្រាកដរ​បស់​វ៉ា​ក់​ស៊ាំ​ង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជម្ងឺ​អុតធំ​នោះទេ តែ​គាត់​យល់ច្បាស់​អំពី​សក្តានុពល​នៃ​របប​គំហើញ​របស់គាត់​។​នៅ​ឆ្នាំ​១៩៨០ អង្គការ​សុខភាព​ពិភពលោក​បានប្រកាសថា ជម្ងឺ​អុតធំ​ត្រូវបាន​លុបបំបាត់​ទាំងស្រុង​។ នៅមាន​ធាតុ​គំរូ​នៃ​ជម្ងឺ​នេះ តែ​វា​ត្រូវបាន​គេ​ទុក​នៅក្នុង​មន្ទីរពិសោធន៍​ដ៏​មាន​សុវត្ថិភាព​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​រុស្ស៊ី​។ មកដល់​សព្វថ្ងៃនេះ ជីវិត​រាប់​កោដិ​នាក់​ត្រូវបាន​សង្គ្រោះ​ដោយ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​ប្រឆាំងនឹង​ជម្ងឺ​គ្រប់​ប្រភេទ​។​ដូចដែល​លោក​ប្រា​សាន់​បានលើកឡើង ៖ “​ជាច្រើន​ជំនាន់​មកហើយ វ៉ា​ក់​ស៊ាំ​ង​គឺជា​ភាពជោគជ័យ​មួយ​ដ៏​ធំ​បំផុត​របស់​វិស័យ​សុខាភិបាល​សម័យ​ទំនើប​”៕
​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​រាលដាល​នៃ​ជម្ងឺ​អ៊ុត​
​នៅ​ឆ្នាំ​១៨៧៤ គ្រូពេទ្យ​វ័យក្មេង​ម្នាក់​ឈ្មោះ វីលាម អូស​ឡឺ (William Osler) បាន​ព្យាបាល​អ្នក​ជម្ងឺ​ដំបូង​ម្នាក់​របស់គាត់​នៅ​មន្ទីរពេទ្យ​មួយ​នៅ មុន​ទ្រី​ត​(Montreat)​។ អ្នក​ជម្ងឺ​ម្នាក់​នោះបាន​ឆ្លង​ជម្ងឺ​ម្យ៉ាង​ដែល ពួក​កាណាដា​ប៉ែក​បារាំង ហៅថា La Picotte Noir គឺជា​ជម្ងឺ​អុតធំ​ក្បាល​ខ្មៅ​ដែល​អាចធ្វើ​ឲ្យ​ស្លាប់​បាន​។ ទោះបីជា មានការ​រកឃើញ​វ៉ា​ក់​ស៊ាំ​ង​របស់លោក​ចែ​ន​ណឺ និង​ការអនុវត្ត​ចាក់​វ៉ា​ក់​ស៊ាំ​ង​នៅលើ​ពិភពលោក​ក៏ដោយ ក៏​គ្រូពេទ្យ​នៅតែ​មិនមាន​វិធី​ព្យាបាល​អ្នក​ជម្ងឺ​ដែល​ឈឺ​ដោយ​ជម្ងឺ​នេះឡើយ​។ ដូចនេះ វិធានការ​សំខាន់​គឺ​ត្រូវតែ​ធ្វើការ​ចាក់​វ៉ាក់សាំង​ឲ្យ​មនុស្ស​ទាំងអស់​នៅក្នុង មុន​ទ្រី​ត និង​ត្រូវតែ​ឃុំ​អ្នក​ជម្ងឺ​ទាំងអស់​មិន​ឲ្យ​ចម្លង​ដល់​អ្នក​ដ៏​ទៃ តែ​វា​មិនមែន​ងាយស្រួល​ក្នុងការ​អនុវត្ត​នោះទេ​។​
​នៅ​ឆ្នាំ​១៨៧០ ជម្ងឺ​អុតធំ​មាន​លក្ខណៈ​កាច​សាហាវ​ណាស់ នៅមុន​ទ្រី​ត ដែល​មន្ទីរពេទ្យ​ទាំងមូល​ត្រូវបាន​ទុក​សំរាប់​ព្យាបាល​តែ​អ្នក​ជម្ងឺ​អុតធំ​។ អស់​រយៈកាល​ជាច្រើន​ឆ្នាំ ដែល​ការ​រាតត្បាត​នៃ​ជម្ងឺ​បាន​ចុះថយ​សន្សឹមៗ យ៉ាងណាមិញ​មន្ទីរពេទ្យ​នេះ​ត្រូវបាន​បិទទ្វារ​ដើម្បី​បង្ការ​ការឆ្លង​រោគ​។ ប៉ុន្មាន​ឆ្នាំក្រោយ​មកទៀត វា​បានចេញ​មុខសញ្ញា​អាក្រក់​ម្តងទៀត​។​
​នៅពេលដែល​អ្នកបើកប​រ​រថភ្លើង​ម្នាក់​គឺ លោក​ច​ច ឡង់​គ្លី (George Longley)​បាន​ទៅដល់​ស្ថានីយ​រថភ្លើង​នៅមុន​ទ្រី​ត នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៨៨៥ គាត់​មាន​សភាព​មិន​ស្រួល​យ៉ាងខ្លាំង​។ នៅពេលដែល​សភាព​ជម្ងឺ​របស់គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ គ្រូពេទ្យ​បានដាក់​គាត់​នៅក្នុង​មន្ទីរពេទ្យ​Hotel-DieuHospital​ប៉ុន្តែ​គាត់​មិនបាន​ឆ្លង​ជម្ងឺ​អុតធំ​ទេ​។ នៅមុន​ខែមេសា ក្រសួងសុខាភិបាល​បានធ្វើការ​ស្រាវជ្រាវ​យ៉ាងខ្លាំង ហើយ​បាន​បិទ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សម្លាប់​មេរោគ​ដោយ​ប្រើ​ស្ពាន់ធ័រ​។ ចំពោះ​ករណី​អ្នក​ជម្ងឺ​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​មិនអាច​ឃុំ​នៅក្នុង​មន្ទីរពេទ្យ​បាន ត្រូវបាន​ឲ្យ​ឃុំ​នៅក្នុង​ផ្ទះ ដែល​គេ​ឲ្យ​ឈ្មោះថា​គេហដ្ឋាន​ជនរងគ្រោះ​ដោយ​អុតធំ ។ ទោះជា​យ៉ាងណា នៅមុន​ទ្រី​ត គេ​នៅ​មិនទាន់​អាច​គ្រប់គ្រង​មេរោគ​អុតធំ​បាន​នៅឡើយ​។​
​អ្នក​ជម្ងឺ​មិនបាន​សហការ​ជាមួយ​ភ្នាក់ងារ​សុខាភិបាល​ទេ ពួកគេ​បាន​ហែកក្រដាស់​បំរាម​នៅផ្ទះ​របស់​ពួកគេ​ហើយ​បាន​បដិសេធ​នូវ​ការឃុំខ្លួន​។ ការចាក់​វ៉ាក់សាំង​នៅតែ​ត្រូវបាន​មនុស្ស​ជាច្រើន​គិតថា​ជា​ទង្វើ​ដែល​មិន​ត្រឹមត្រូវ ក្នុងនោះ​ក៏មាន​គ្រូពេទ្យ​ធំៗ​ជាច្រើន​ក៏​គិត​ដូចគ្នា​ដែរ​។​ពួកគេ​បាន​អះអាងថា​ការចាក់​ជម្ងឺ​របស់​សត្វ​មក​ក្នុង​ខ្លួន​មនុស្ស​គឺជា​រឿង​ដែល​ប្រឆាំងនឹង​ធម្មជាតិ​។​
​នៅពេលដែល​មានការ​រាតត្បាត​យ៉ាង​លឿន ភាពចលាចល​បាន​ផ្ទុះឡើង ហើយ​អត្រា​មរណៈភាព​បាន​កើនឡើង​យ៉ាងខ្លាំង​។ គេ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​របស់​ជម្ងឺ​នេះ ហើយ​ប្រហែលជា​២​ភាគរយ​នៃ​ប្រជាជន​នៅក្នុង​ទីក្រុង​នេះ​បាន​ស្លាប់​ដោយ​ជម្ងឺ​អុតធំ ភាគច្រើន​នៃ​ជនរងគ្រោះ​សុទ្ធតែជា​កុមារ​។ បញ្ហា​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​សោកនាដកម្ម​នេះ​កើតឡើង គឺ​ដោយសារតែ​ឱ​ពុក​ម្តាយ​ភាគច្រើន​បាន​បដិសេធន៍​នូវ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​ឲ្យ​កូន​របស់​ពួកគេ​។​
​មកដល់​ការអប់រំ​សម័យ​បច្ចុប្បន្ននេះ នៅតែមាន​មនុស្ស​ព្រួយ​បារ​ម្មណ៍​អំពី​ការចាក់​វ៉ាក់សាំង​នៅឡើយ ដោយ​ពួកគេ​អាច​យល់ច្រឡំ​ថា ការចាក់​វ៉ា​ក់​ស៊ាំ​ង​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​។ នៅ​ខែកុម្ភៈ ១៩៩៨ អែន​ឌ្រូ វេ​ក​ហ្វីល (Andrew Wakefield)​បាន​ចុះផ្សាយ​នូវ​ការសិក្សា​មួយ​ក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ ដឺ​ឡង់សេ (The Lancet)​ដែល​បានបញ្ជាក់​ពី​ទំនាក់ទំនង​រវាង ការចាក់​ថ្នាំ​បង្ការ​ជម្ងឺ​អុតធំ ជម្ងឺ​ក​ញ្ច្រិ​ល ជម្ងឺ​ក្រឡទែន ជាមួយ ជម្ងឺ​អូត​ទី​ស (Autism)​។ ទោះបីជា​យ៉ាងណា​ការសិក្សា​នោះ​ផ្អែកទៅលើ​តែម​នុស្ស​គំរូ ១២​នាក់​ប៉ុន​ណ្ណោះ ហើយ​ទិន្ន័យ​ហាក់បីដូចជា​មិន​ត្រឹមត្រូវ​។ ទោះបីជា​ការសិក្សា​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​ខុស ប៉ុន្តែ​ជាក់ស្តែង​យើង​សង្កេតឃើញថា​ចំនួន​ករណី​របស់​អ្នក​ជម្ងឺ​ក​ញ្ច្រិ​ល​បាន​កើនឡើង បន្ទាប់ពី​ការចាក់​វ៉ា​ក់​ស៊ាំ​ង​ត្រូវបាន​កាត់បន្ថយ ពី​៩២​ភាគរយ​ទៅ​៨០​ភាគរយ ហើយ​កុមារ​ពីរ​នាក់​ត្រូវបាន​សម្លាប់​។​
​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន ការចាក់​វ៉ា​ក់​ស៊ាំ​ង​នៅតែ​ត្រូវបាន​ហាមឃាត់​ដោយ​ជំនឿ​សាសនា ឬ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អំពើ​ខុសឆ្គង​ដែល​កើតឡើង​ចំពោះ​ជនជាតិភាគតិច​។ ដោយហេតុ​នេះហើយ គេ​នៅតែ​សង្កេតឃើញ​មាន​ចលនា​ប្រឆាំងនឹង​ការចាក់​វ៉ា​ក់​ស៊ាំ​ង នៅក្នុង​សហគមន៍​នៅឡើយ​។ លោក ប្រា​សាន់​បាន​ឲ្យ​ដឹងថា ៖ “​នៅពេលដែល​គុណប្រយោជន៍​នៃ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​ត្រូវបាន​បំភ្លៃ​ដោយ​ក្រុម​អ្នកប្រឆាំង​នៅ សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស អត្រា​នៃ​ជម្ងឺ​ជាច្រើន​បាន​កើនឡើង​។ យើង​ត្រូវតែ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ទាំងអស់​យល់ច្បាស់​ពី​ការចាក់​វ៉ា​ក់​ស៊ាំ​ង ដែល​វា​ជា​វិធី​ងាយស្រួល តែមាន​សារៈសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​សុខភាព​របស់​មនុស្ស​”៕ – See more at: http://library.cen.com.kh/library/read_online_html?token=ZTJmNGMwYT#sthash.hXk0eyHJ.dpuf

Leave a comment