ស៊ូ​កា​ណូ​

ស៊ូ​កា​ណូ​បានធ្វើ​ឲ្យ​ប្រទេស​របស់លោក​មាន​ឯកភាព និង​បង្កើតបានជា​ប្រទេស​សេរី​មួយ​។ លោក​បាន​រំដោះប្រជាជន​ឲ្យ​ចេញ​ផុតពី​ហិន​ភាព​(​ភាពអន់ថយ​) និង​បានធ្វើ​ឲ្យ​ប្រជាជនមាន​មោទនភាព​ក្នុងនាម​ជា​ប្រជាជន​ឥណ្ឌូនេស៊ី​។

ស្នាដៃ​ដែល​សម្រេចបាន​នេះ​មិនតូច​ទេ គឺ​លោក​បាន​រំដោះប្រជាជន​និង​ធ្វើ​ឲ្យ​ឯកភាព​ប្រទេស​ចេញ​ផុតពី​ការត្រួតត្រា របស់​អាណានិគម​ហុ​ល្លង់​ដែល​កាន់កាប់​ប្រទេស​នេះ​អស់​៣៥០​ឆ្នាំ រួមទាំង​ការកាន់កាប់​ត្រួតត្រា​របស់​ចក្រពត្តិ​ជប៉ុន​៣​ឆ្នាំកន្លះ​ទៀត​។​
អ្វីដែល​លោក​ស៊ូ​កា​ណូ​បានធ្វើ​នៅ​ថ្ងៃទី​១៧ សីហា ឆ្នាំ​១៩៤៥ គឺ​វា​មិន​ខុសប្លែកគ្នា​ពីអ្វី​ដែល​លោក​ថូ​ម៉ាស់ ហ្សេ​ហ្វ​ហ្វឺ​សាន់ (Thomas Jefferson) បានធ្វើ​សម្រាប់​ប្រជាជន​អាមេរិក​នៅ​ថ្ងៃទី​៤ កក្កដា ឆ្នាំ​១៧៧៦​នោះទេ​។​
ប្រហែលជា​លោក​ស៊ូ​កា​ណូ​បានធ្វើ​ច្រើនជាង​លោក​ថូ​ម៉ាស់ ហ្សេ​ហ្វ​ហ្វឺ​សាន់​ទៅទៀត​ផង​។ លោក​ស៊ូ​កា​ណូ​គឺជា​មេដឹកនាំ​នៅ​អាស៊ី​តែមួយគត់​នៃ​យុគសម័យ​ទំនើប ដែលមាន​សមត្ថភាព​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌូនេស៊ី​ជា​ប្រជាជាតិ​មួយ​ដែលមាន ជនជាតិ​ខុសៗ​គ្នា​ជាច្រើន មាន​វប្បធម៌​សាសនា​ខុសៗ​គ្នា​រួម​ឯកភាពគ្នា​តែមួយ ហើយ​លោក​បានធ្វើ​ឲ្យ​សម្រេច​ការឯកភាព​នេះ​ដោយ​គ្មាន​ការ​បង្ហូរឈាម​មួយ តំណក់​ទេ​។ បើ​ប្រៀបធៀប​លោក​ស៊ូ​កា​ណូ​ជាមួយ​អ្នក​បន្តវេន​ពី​លោក​គឺ​លោក​ស៊ូ​ហារ​តូ វិញ​គឺ​ខុសគ្នា​ដូច​មេឃ​និង​ដី ព្រោះ​លោក​ស៊ូ​ហារ​តូ​ជា​មេដឹកនាំ​ដែល​បានសម្លាប់​និង​ចាប់​ដាក់គុក​ប្រជាជន រាប់សែន​នាក់ ដើម្បី​បង្កើតឡើង​នូវ​របប​ថ្មី​មួយ​តាម​បែបផែន​របស់ខ្លួន​។​
ប្រជាជន​ឥណ្ឌូនេស៊ី​ចូលចិត្ត​ហៅ​ឈ្មោះ​លោក​ថា​“​បងកា​ណូ​”​។ លោក​ស៊ូ​កា​ណូ កើត​នៅ​ថ្ងៃទី​៦ មិថុនា ១៩០១ ជា​កូនប្រុស​របស់​វណ្ណៈ​អភិជន​ជនជាតិ​ជ្វា​មាន​ប្រពន្ធ​ជា​ជាន​ជាតិ​នៅ​កោះ បាលី​។ លោក​មាន​ទេពកោសល្យ​ផ្នែក​សិក្សា​ស្រាវជ្រាវ​និង​អត្ថ​ពលកម្ម​។ លោក​បានក្លាយ​ទៅជា​មនុ​ស្សម្នាក់​ក្នុងចំណោម​មនុស្ស​៤​ទៅ​៥​នាក់ ដែល​ត្រូវ​អនុញ្ញាតិ​ឲ្យ​ចូល​សិក្សា​ភា​សាហុ​ល្លង់ ហើយ​បន្ទាប់មក​ឪពុក​លោក​បា​នប​ញ្ចូ​ន​លោក​ឲ្យ​ទៅ​សិក្សា​នៅ​សាលា មធ្យមសិក្សា​នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ដែល​នៅ​ទីនោះ​លោក​ជួប​អ្នក​ជាតិនិយម​ដ៏​ឧ​ត្ត​ម​ម្នាក់​គឺ​លោក Tjokroaninoto​។ តាមរយៈ​អ្នក​ជាតិនិយម​រូបនេះ លោក​ស៊ូ​កា​ណូ ត្រូវបាន​គេ​ឲ្យ​ចូលរួម​នៅក្នុង​ចលនា​តស៊ូ​ដើម្បី​សេរីភាព​។​
លោក​បាន​ក្លាយទៅជា​វាគ្មិន​ដ៏​មាន​ពិសោធន៍ និង​មានការ​ទាក់ទាញ​សតិសម្បជញ្ញៈ ជា​យុវជន​ម្នាក់​ដែល​រះ​ភ្លឺ​ចិញ្ចែង​ជាង​អ្នក​ជាតិនិយម​ដែលជា​គ្រូ​របស់លោក ទៅទៀត​។ នៅ​ឆ្នាំ​១៩២៩ គឺ​២​ឆ្នាំ​បន្ទាប់មក លោក​បាន​ជួយ​បង្កើត​អង្គការ​ចាត់តាំង​មួយ​ដែលមាន​ឈ្មោះថា Partai Nasional Indonesia លោក​ស៊ូ​កា​ណូ​ក៏ត្រូវ​បាន​ពួក​អាណានិគម​ហុ​ល្លង់​ចាប់​ដាក់គុក​។ លោក​ធ្វើជា​មេធាវី​ការពារ​ក្តី​ដោយ​ខ្លួនឯង ហើយ​បាន​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​ស្នាដៃឯក​ខាង​វោហារសាស្ត្រ​។ លោក​ត្រូវបាន​ដោះលែង​ពី​គុក​នៅ​ឆ្នាំ​១៩៣១ ដោយមាន​ហ្វូង​ប្រជាជន​កកកុញ​បានមក​ចាំ​អបអរសាទរ​ដោយ​ចាត់ទុក​លោក​ជា​វីរជន ថ្មី​របស់​ប្រទេស​។​
បន្ទាប់មក​លោក​ស៊ូ​កា​ណូ បានចាប់ផ្តើម​បណ្តុះ​គំនិត​ដល់​ប្រជាជន​ឲ្យ​មាន​ឯកភាពគ្នា​រវាង​ជនជាតិ​ជ្វា ជនជាតិ​កោះ​បាលី ជនជាតិ​អា​សេ ជនជាតិ​កោះ​ស៊ូ​ម៉ា​ត្រា និង​ជនជាតិ​ដទៃទៀត​។ លោក​បាន​បំពេញភារកិច្ច​នេះ​អស់​មួយជីវិត​របស់លោក​ដើម្បី​ការឯកភាព​និង សន្តិភាព​របស់​ប្រទេស​។ នេះ​ជា​កេរដំណែល​ដ៏​មហិមា​របស់លោក​រហូត​មក ហើយ​សព្វថ្ងៃ​ប្រទេស​ឯកភាព​នេះ​ត្រូវ​ទទួលរង​នូវ​ការ​គំរាម​គំហែង​អំពី ការបែកបាក់ ការបែងចែក ដែល​នេះ​ជា​លទ្ធផល​នៃ​នយោបាយ​របស់លោក​ស៊ូ​ហារ​តូ​និង​អ្នក​បន្តវេន​ពី​គាត់ ។​
ប៉ុន្តែ​ប្រវត្តិសាស្ត្រ​មិន​ប្រណី​ចំពោះ​លោក​ស៊ូ​កា​ណូ​ទេ​។ បដិវត្តន៍​ដ៏​ត្រចះត្រចង់​នេះ​ត្រូវបាន​លោកខាងលិច​ចាត់ទុកថា​ជាការ បញ្ចើចបញ្ចើ​រាស្ត្រ និង​ជា​គំនិតអាក្រក់​របស់លោក​ស៊ូ​កា​ណូ​ទៅវិញ​។ ទោះជា​យ៉ាងណា​នៅពេលដែល​លោក​ស៊ូ​កា​ណូ និង​មហា​ម៉ា​ដ​ហាត​តា (Mohammad Hatta) ធ្វើការ​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៤ មាន​អ្នកនយោបាយ​លោកខាងលិច​និង​បញ្ញវន្ត​ជាច្រើន បាន​ហៅ​លោក​ស៊ូ​កា​ណូ​ថា​ជា​ពន្លឺ​ថ្មី​កំពុង​រះ​នៅក្នុង​ចំណោម​ប្រទេស​ក្រី ក្រក​។ សេចក្តី​កោតសរសើរ​ទាំងនោះ​បាន​សាបរលាប​បន្តិច​ម្តងៗ​នៅ​ឆ្នាំ​១៩៦៥ បន្ទាប់ពី​ការបង្កើត​ពិភព​កុ​ម្មុយ​និ​ស្ត​របស់​មហាអំណាច​ថ្មី​។​
លោក​ស៊ូ​កា​ណូ បាន​ហៅ​បញ្ហា​នេះ​ថា​ជា “​សតវត្ស​ន៍​នៃ​ការ​ភ្ញាក់រលឹក​របស់​ប្រជាជន​គ្រប់​ពណ៌​សម្បុរ​” ដែល​ធ្វើការ​គ្រវែង​ចោល​ច្រវាក់​ខ្នោះឃ្នាង​ពួក​អាណានិគមនិយម​លោកខាងលិច​។ លោក​បាន​បំពេញ​តួនាទី​ឈានមុខ​នៅក្នុង​ដំណើរការ​ផ្តួចផ្តើមឡើង​នូវ​សន្និសីទ អាស៊ី​អា​ហ្រិ្វ​ក​ជា​ប្រវត្តិសាស្ត្រ​នា​ឆ្នាំ​១៩៥៥​នៅ​ទីក្រុង​បាន​ឌុ​ង ហើយ​បន្ទាប់មក​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នេះ​បាន​រីក​រាលដាល​ទៅដល់​អាមេរិក ឡាទីន​ថែមទៀត​។ លោក​ស៊ូ​កា​ណូ បាន​ហៅ​ព្រឹត្តិការណ៍​នានា​នៅពេលនោះ​ថា​ជា “​សតវត្សរ៍​នៃ​អន្តរាគមន៍​” ជា​ពេលដែល​មហាអំណាច​ធំៗ​អាច​ជ្រៀត​ជ្រែកចូល​កិច្ចការ​ប្រទេស​តូចៗ នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន យុទ្ធសាស្ត្រ​របស់គេ​គឺ​គាំទ្រ​រដ្ឋាភិបាលយោធា ដែល​ធ្វើជា​កំពែង​ការពារ​ប្រឆាំង​ទល់នឹង​ការគំរាមកំហែង​ពី​ពួក​ក្រហម​(​ពួក កុ​ម្មុយ​និ​ស្ត​)​។​
របប​យោធា​ដែលមាន​ការបង្កា​ប​យ៉ាង​ឃោ​ឃៅ ដូចជា​របប​ម៉ូ​ប៉ូ​ទូ​(Mobutu) នៅ​ទ្វីបអាហ្វ្រិក​និង​របប​ស៊ូ​ហារ​តូ​នៅ​ទ្វីបអាស៊ី បានទទួល​ការ​ប្រសិទ្ធិ​ពរជ័យ​ពី​លោកខាងលិច ដែល​ចាត់ទុកថា​ជាការ​អនុវត្តន៍​ក្នុងនាម​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​ដើម្បី ទប់ទល់​និង​ពួក​កុ​ម្មុយ​និ​ស្ត​។​
នៅក្នុង​កាលៈទេសៈ​បែប​នោះ លោក​ស៊ូ​កា​ណូ​បាន​បាត់​ខ្លួន​ដូច​លោក​ថូ​ម៉ាស់​ហ្សេ​ហ្វ​ហ្វី​សាន់​ដែរ ប៉ុន្តែ​ត្រូវបាន​ជំនួស​ដោយ​មនុស្ស​ម្នាក់​ដែល​អនុញ្ញាត​ឲ្យ​ឥទ្ធិពល​កុ ម្មុយ​និ​ស្ត​ពង្រឹង​ខ្លួន​ចូលមក​ក្នុងប្រទេស​។ យុទ្ធនាការ​ប្រឆាំង​លោក​ស៊ូ​កា​ណូ​បាន​ផ្តើម​ដោយ​មានការ​បង្កាច់បង្ខូច​ថា លោក​ស៊ូ​កា​ណូ​គឺជា​អ្នក​ឲ្យ​ដៃ​ជប៉ុន​ចូល​ប្រទេស​បង្កាត់​ភ្លើងសង្គ្រាម ហើយ​នៅ​នាទីចុងក្រោយ​នៃ​មហាអំណាច​របស់លោក គេ​បាន​ចោទប្រកាន់​លោក​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​។ តើ​ការចោទប្រកាន់​នេះ​ពិត​ដែរឬទេ​? តើ​លោក​ស៊ូ​កា​ណូ​ជា​អ្នក​ឲ្យ​ដៃ និង​សហការ​ជាមួយ​ជប៉ុន​ឬ​? សូម្បីតែ​ពេលដែល​លោក​ស្ថិតនៅក្នុង​គុក​របស់​ហុ​ល្លង់​នៅ​ឆ្នាំ​១៩៣០ ក៏​លោក​ស៊ូ​កា​ណូ​បាន​សរសេរ​ផ្ញើរ​ទៅ​អាជ្ញាធរ​អាណានិគម​ដោយ​សំណូមពរ​(​អត់ បានការ​)​ថា ឲ្យ​ហុ​ល្លង់​សហការ​ជាមួយ​អ្នក​ជាតិនិយម​ឥណ្ឌូនេស៊ី​ប្រឆាំង​ពួក​ហ្វា​ស៊ី សជ​ប៉ុនដែរ​។ ផ្ទុយ​មកវិញ​នៅពេលដែល​ជប៉ុន​ឈ្លានពាន​ឥណ្ឌូនេស៊ី ពួក​ហុ​ល្លង់​បាន​ចុះចាញ់​ដោយ​ប្រគល់​ប្រទេស​និង​ប្រជាជន​ឥណ្ឌូនេស៊ី​ឲ្យ ជប៉ុន​តែម្តង​ដែល​ក្នុងនោះ​លោក​ស៊ូ​កា​ណូ​ក៏ត្រូវ​ជាប់គុក​ផងដែរ​។​
ខណៈនោះ​លោក​បានធ្វើ​សហប្រតិបត្តិការ​ជាមួយ​ជប៉ុន​។ ប្រការ​ដែល​លោក​ធ្វើបែបនេះ​ក៏ដោយ​សារ​មានការ​គាំទ្រ​ពី​មេដឹកនាំ​អ្នក ជាតិនិយម ហាត​តា ផងដែរ ហើយ​លោក​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់លោក​ឈានទៅ​មុខជា​ប្រយោជន៍​ដល់​ប្រទេស របស់លោក​។ លោក​បាន​ទទួលស្គាល់ថា លោក​បានជ្រើសរើស​ពល​ករ​ធ្វើការ​ដោយ​ដៃ​រាប់ពាន់នាក់​ឲ្យ​កងទ័ព​ជប៉ុន​ដែល ភាគច្រើន​បាន​ស្លាប់​និង​របួស​នៅពេល​សង្គ្រាម​។ ប៉ុន្តែ​លោក​ក៏បាន​ប្រើប្រាស់​បណ្តាញ​វិទ្យុទាក់ទង​ជប៉ុន​ធ្វើការ​ទាក់ទង គ្នា​ទៅ​ពួក​ជាតិនិយម​នៅតាម​កោះ​នានា​ដែរ​។ លោក​ស៊ូ​កា​ណូ​បាន​ឆ្លៀត​យក​ឳ​កាស​នោះ​បំផុសប្រជាជន​ឲ្យ​ភ្ញាក់រលឹក​ធ្វើ ការតស៊ូ​ដើម្បី​សេរីភាព​ឡើង​។ លោក​បាន​ប្រើប្រាស់​បទពិសោធន៍​វោហារសាស្ត្រ​របស់លោក​ដា​ស់​ប្រជាជន ដែល​ធ្លាប់បាន​ដេកលក់​អស់​ជាច្រើន​សតវត្សរ៍​មកហើយ ឲ្យ​ក្រោក​ឡើង​ធ្វើការ​ត្រៀមខ្លួន​ដើម្បី​តស៊ូ​ស្វែងរក​ឯករាជ្យភាព​។ ពិភពលោក​បាន​ធ្វើជា​សាក្សី​ឲ្យ​វីរជន​ឥណ្ឌូនេស៊ី​រូបនេះ នៅពេលដែល​ពួកគេ​បាន​ប្រយុទ្ធ​ជាមួយ​សត្រូវ​ជា​សម្ព័ន្ធមិត្ត​ដែល​បាន​ជាន់ដី ស៊ូ​រ៉ា​បា​យ៉ា (Surabaya) ដើម្បី​ធ្វើការ​កាន់កាប់​ប្រទេស​ឥណ្ឌូនេស៊ី​ម្តងទៀត​ដោយ​ពួក​ហុ​ល្លង់​នា ថ្ងៃទី​១០​វិ​ច្ឆ​កា​១៩៤៥​។​
តើ​នោះ​គឺជា​មេដឹកនាំ​ផ្តាច់ការ​ស៊ូ​កា​ណូ​ឬ​? លោក​មិនមាន​លក្ខណៈ​ត្រង់​ណាមួយ​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​នោះទេ​។ ពាក្យ​ចោទ​ទាំងនោះ​ត្រូវបាន​បង្ក​ញុះញង់​ឡើង​ដោយ​ពួកលោក​ខាងលិច​។ លោក​ស៊ូ​កា​ណូ​បាន​ធ្វើជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​អស់ពីរ​ទសវត្សរ៍ ប៉ុន្តែ​កាន់កាប់​អំណាច​ពិត​ប្រក​ដ​បានតែ​៦​ឆ្នាំ​ចុងក្រោយ​នៃ​ការគ្រប់គ្រង ប្រទេស​ជា​រយៈ​ពេលដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​អនុវត្ត​។ ហេតុអ្វី​បានជា​លោក​បង្កើត​នូវ​ប្រព័ន្ធ​បែបនេះ​? ប្រហែលជា​ដោយសារតែ​ការសន្យា​របស់លោក​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ហើយ​មើលទៅ​។ តាមរយៈ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​គណបក្សនយោបាយ​ជិត​៦០​គណបក្ស​។ ក្រោយមក​លោក​បាន​ត្រូវបាន​គេ​ដក​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារ​មួយ​ហើយ​លោក ស៊ូ​ហារ​តូ​បាន​ឡើង​ជំនួស​ជា​ប្រធានាធិបតី​។​
លោក​ស៊ូ​កា​ណូ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧០​។ លោក​ជា​បុរស​ម្នាក់​ដែល​សុ​បិ​ន្ត​ស្វែងរក​សេរីភាព សន្តិភាព​សម្រាប់​ឥណ្ឌូនេស៊ី ប៉ុន្តែ​សុ​បិ​ន្ត​នោះ​ត្រូវគេ​ប្លន់​យក​ដោយ​អំពើហិង្សា​និង​ការបង្ក្រាប ឲ្យ​ថប់ដង្ហើម​ស្លាប់​តាមរយៈ​អំណាច​យោធា​។​
កេ​រ្ត៍​ឈ្មោះ​របស់លោក​ស៊ូ​កា​ណូ ត្រូវបាន​គេ​ធ្វើការ​ពិនិត្យ​សើរើ​ឡើងវិញ​ក្រោយពី​លោក​ស៊ូ​ហារ​តូ បាន​ត្រូវគេ​ដក​ចេញពី​តំណែង​នៅ​ឆ្នាំ​១៩៩៩ ហើយ​កូនស្រី​របស់លោក​ស៊ូ​កា​ណូ​គឺ​លោកស្រី​មេ​ហ្កា​វ៉ា​ទី ស៊ូ​កា​ណូ​ពូ​ទ្រី បានឈ្នះ​នៅក្នុង​ការបោះឆ្នោត​ជាទូទៅ​ដោយ​សេរី ដែល​នោះ​គឺជា​ការវិល​ត្រឡប់មក​ក្នុង​ឆាកនយោបាយ​វិញ​នៃ​ពូជពង្ស​ស៊ូ​កា​ណូ​។​
ដកស្រង់​ចេញពី សៀវភៅ​ជន​មាន​ឥទ្ធិពល​នៅ​អាស៊ី​ – See more at: http://library.cen.com.kh/library/read_online_html?token=YTg5YzZhODllYzcxMDhmNjdlMzc4YmU1Mzk3YzQ3#sthash.1KwcNlnh.dpuf

Leave a comment