លន់ ណុន

លន់ ណុន ជា​ប្អូនប្រុស​បង្កើត​របស់ លន់ នល់ ជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​ក្នុងការ​រៀបចំ​ចាត់ចែង​ឱ្យមាន​រដ្ឋប្រហារ​នៅ ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដើម្បី​ទំលាក់​សម្តេច​នរោត្តម​សីហនុ ពី​តំណែង​ព្រះប្រមុខរដ្ឋ ។ តពីនោះមក ឆ្លងកាត់​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ដ៏​គ្មាន​ប្រសិទ្ធ​ជាច្រើនលើក និង​សង្គ្រាមស៊ីវិល​ដ៏​ក្រពុលមុខ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​របប​ខ្មែរក្រហម ឬ របប​កម្ពុជា​ប្រជាធិបតេយ្យ ដ៏​សែន​ប្រល័យ ។

សាធារណៈមតិ​ជាតិ និង អន្តរជាតិ​យល់ថា​មាន​មនុស្ស​៣​រូប​ជា​មេគំនិត​នាំឱ្យមាន​ព្រឹត្តិការណ៍​១៨ មីនា ១៩៧០​គឺ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ១, ឧ​ត្ត​ម​សេនីយ៍ ឬ សេនាប្រមុខ លន់ នល់ ១ និង អ៊ិន តាំ ១ ។ ដោយហេតុនេះ ទើប​មនុ​ស្សទាំង​៣​រូបនេះ​ត្រូវបាន​គេ​ហៅថា “ មនុស្ស​១៨​មីនា ” ។​

ប៉ុន្តែ​សៀវភៅ​ឈ្មោះ សាធារណរដ្ឋ​ខ្មែរ របស់ បណ្ឌិត សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ បាន​អះអាងថា ព្រឹត្តិការណ៍​រដ្ឋប្រហារ​កើតឡើង​ទៅបាន​ដោយសារ​មានការ​សម្របសម្រួល នៃ​ការបន្លំ​របស់​មនុស្ស​ទី​៤ គឺ​វរៈសេនីយ៍ លន់ ណុន ដែលជា​ប្អូនប្រុស​បង្កើត​របស់ ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ។​

​លន់ ណុន ត្រូវបាន​គេ​ជឿថា​ជា​មនុស្ស​ខ្ចីដៃ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ធ្វើឱ្យ​រដ្ឋប្រហារ​មួយ​នៅ​ប្រទេស​កម្ពុជា​ប្រកបដោយ​ជោគជ័យ ។ លន់ ណុន បានធ្វើការ​ជាច្រើន គឺអាច​និយាយថា ធ្វើ​ច្រើនជាង លន់ នល់ ដែលជា​បងប្រុស​របស់​គាត់ និង ជា​មនុស្ស​ម្នាក់​ចេញមុខ​ទទួលខុសត្រូវ​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ទំលាក់ សម្តេច សីហនុ ទៅទៀត ។​

លោក លីវ សេង មានកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម និង ជា​អតីត​សមាជិក CIA ម្នាក់​បាន​កត់សំគាល់ថា “ លន់ នល់ ជា​មនុស្ស​មិនសូវ​ចិត្ត​លះ​ប៉ុន្មាន​ទេ ប៉ុន្តែ លន់ ណុន វិញ ទោះជា​មិនសូវ​ចេញមុខ​ក្តី ប៉ុន្តែ​គាត់​ជា​មនុស្ស​ដៃដល់ និង ចិត្តមុត ហើយ​ប្រាថ្នា​ចង់​ស្នង​តំណែង​បងប្រុស​របស់គាត់​ទៀតផង “ ។​

​លន់ ណុន មិនមែន​គ្រាន់តែ​ចង់បាន​អំណាច​ក្នុងសម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេច នរោត្តម​សីហនុ ទេ ប៉ុន្តែ​គាត់​ត្រូវបាន​គេ​ជឿថា មានបំណង​បង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​កម្ពុជា​ជំនួស​របបរាជានិយម ។​

ព្រះអង្គម្ចាស់ សិរី​មតៈ ជា​បងប្អូន​ជីទួតមួយ​នឹង​ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ប៉ុន្តែ ព្រះអង្គម្ចាស់​អង្គ​នេះ ត្រូវ​បា​គេ​មើលឃើញថា ដូចជា​ជើងឆ្វេង និង ជើង​ស្តាំ ជាមួយ លន់ នល់ ដោយសារ​គាត់​ជា​មិត្ត​នឹង​គ្នា​តាំងពី​កុមារភាព ហើយ​អ្នក​ទាំងពីរ​ចម្រើន​វ័យ​ធំធាត់​ជាមួយគ្នា​ទៀតផង ។​

សិរី​មតៈ មានឈ្មោះ​ជា​មេ​នាំអាទិ៍​សំខាន់​មួយរូប ក្នុងចំណោម​មេ​នាំអាទិ៍​ដ៏​សំខាន់ៗ​ក្នុងការ​ដកហូត​មុខតំណែង​ពីស​ម្តេច សីហនុ ។ ទោះយ៉ាងណា​បន្ទាប់ពី​ទំលាក់​សម្តេច​សីហនុ បាន​ដោយ​ជោគជ័យ​ហើយ​នោះ ព្រះអង្គ​តែងតែ​មិន​យល់ព្រម​ជាមួយ​លន់ នល់ និង លន់ ណុន ក្នុងការ​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ​ឡើយ ។​

​ទោះ​យ៉ាងនេះ​ក្តី នៅពេលដែល​ទីបំផុត របប​សាធារណរដ្ឋ​ខ្មែរ នៅតែ​ត្រូវបាន​បង្កើត​នោះ ទោះជា​ព្រះអង្គ​មិនសូវ​ចុះសម្រុង​គ្នា​ជាមួយ លន់ ណុន ដែលជា​ប្អូនប្រុស​របស់ លន់ នល់ ក្តី​ក៏​ព្រះអង្គ​បានក្លាយ​ជាម​នុស្ស​ទី​២​ក្នុង​របប​នេះដែរ ហើយ​ព្រះអង្គ​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​កិច្ចការ​នយោបាយ​ក្នុង​និង ក្រៅប្រទេស ។​

គេ​ជឿថា មូលហេតុ​ដែល​លន់ ណុន ចង់​បង្កើត​របប​សាធារណរដ្ឋ​នៅ​កម្ពុជា​នោះ ក៏​ព្រោះតែ​គាត់​យល់ថា ដ៏​រាប​ណា​ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​របបរាជានិយម នោះ មនុស្ស​ដែលជា​ប្រជារាស្ត្រ​ដូចជា​រូបគាត់ មុខជា​នឹងមិន​មាន​វាសនា​ក្នុងការ​កាន់អំណាច​ក្នុង​ប្រទេសមួយ​នេះឡើយ ។ និយាយ​ម្យ៉ាង​ទៀតថា ការដែល​គាត់​រៀបចំ​ឱ្យមាន​រដ្ឋប្រហារ​ទំលាក់​សម្តេច​សីហនុ បន្ទាប់មក​បង្កើត​រប​ប​សាធារណៈរដ្ឋ​នោះ គឺជា​ការបង្កើត​ឱកាស​សម្រាប់​ខ្លួន​គាត់​ឡើងកាន់​អំណាច​ក្នុងប្រទេស កម្ពុជា​តែម្តង ។

​លន់ ណុន កើត​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​១៩៣០ នៅ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ។ ឪពុក​ឈ្មោះ លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ នួន ហើយ​គាត់​ជា​កូន​ទី​៧​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​១០​នាក់ ។​

លន់ ណុន បាន​ទៅ​សិក្សា ផ្នែក​ស៊ើបអង្កេត នៅ​ប្រទេស​បារាំង​ក្នុង​សាលា​ឯកជន​មួយ ។ ពេល​ត្រឡប់មក​ប្រទេស​វិញ គាត់​បាន​ចូល​បំរើ​ការងារ​ក្នុង​អង្គភាព​ប៉ូលិស​ជាតិ លុះ​ក្រោយមក​បន្ទាប់ពី​បាន​ឆ្លងកាត់​សាលា​យោធា​ខ្មែរ​នៅ​ភ្នំពេញ គឺ​សាលា​នាយទាហាន​សកម្ម​ជំនា​ន់ទី​១៣ ហើយ​បានទទួល​ឋានៈ​ជា​អនុសេនីយ៍ទោ ។ បន្ទាប់មក​គាត់​បាន​ប្តូរ​ទៅធ្វើ​ការ​នៅក្នុង​ផ្នែក​កងរាជអាវុធហត្ថរ​ហូត ដល់​ឆ្នាំ​១៩៧០ ។​

សម័យ​សង្គមរាស្ត្រនិយម គាត់​ជា​អ្នក​ឧបត្ថម្ភ​កាសែត​ក្នុងស្រុក​មួយចំនួន​ទាំង​ផ្នែក​ការពារ ផ្នែក​ថវិកា និង សម្ភារៈ ។ ឋានៈ​របស់​លន់ នល់ ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស ជាដើម​នោះ ជា​ឱកាស​ដែល​ធ្វើឱ្យ លន់ ណុន ជា​មនុស្ស​មាន​ទឹកមាត់​ប្រៃ​ជាង​ឋានៈ​របស់គាត់ ។ គាត់​រស់នៅ​ក្រោម​ការ​គាំពារ​ពី​បងប្រុស​របស់គាត់​ជានិច្ច សូម្បី​ការិយាល័យ​ធ្វើការ និង លំនៅឋាន​របស់គាត់​គឺ​នៅក្នុង​ភូមិគ្រឹះ​តែមួយ​ជាមួយ​បងប្រុស​របស់គាត់ ក្បែរ​ទំនប់​ពេទ្យរុស្ស៊ី ។ ដោយហេតុនេះ​គាត់​ទទួលបាន​នូវ​ការចូល​ពឹងពាក់​ពី​មនុស្ស​ជាច្រើន​និង ញឹកញាប់​ឥត​ដាច់ ។ ប្រការនេះ​ជា​ឱកាស​ឱ្យ​គាត់​ប្រមូលផ្តុំ​ពួក​បញ្ញាវន្ត​ដែល​ប្រឆាំង​របប រាជាធិបតេយ្យ បង្កើតបានជា​ក្រុម​តស៊ូ​នយោបាយ​តូចៗ​តាំងពី​ពេលនោះ​មក ។ រហូតដល់​ឆ្នាំ​១៩៦៨ ក្រុម​តស៊ូ​នយោបាយ​តូចៗ​នេះ បាន​កើតមាន​កាន់តែច្រើន​ឡើងៗ និង សម្ម​ឡើងៗ ។​

​គាត់​បាន ប្រើប្រាស់​គេហដ្ឋាន​នៅ​ជនបទ​របស់គាត់​មួយទៀត​ដែល​ស្ថិតនៅ​ក្បែរ​វត្ត​ហា ប្រប​មាត់​ស្ទឹង​កន្ទួត ស្រុក​កំពង់កន្ទួត ខេត្តកណ្តាល ចំងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ភ្នំពេញ សម្រាប់​ប្រជុំ​សំងាត់​ផ្សេងៗ ។
​សៀវភៅ សាធារណរដ្ឋ​ខ្មែរ របស់​បណ្ឌិត សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ ដែល​បាន​អះអាងថា គាត់​ធ្លាប់ជា​មនុស្ស​ស្និទ្ធ​នឹង លន់ ណុន ម្នាក់​ដែរនោះ បាន​រៀបរាប់ថា “ នៅក្នុង​អង្គប្រជុំ​នីមួយៗ សា​មា​ជិ​ក​ទាំងឡាយ​តែងតែ​ចាប់ផ្តើម​ដោយ​ការវិភាគ​ស្ថានការណ៍​ប្រទេសជាតិ​ទាំង ក្នុងប្រទេស និង លើ​ឆាក​អន្តរជាតិ ។ បន្ទាប់មក​ពួកគេ​ចាប់ផ្តើម​និយាយ​ជា​ហូរហែ​ពី​រឿង​ស្រលាញ់​ជាតិ​, ជាតិនិយម​, លទ្ធិ​វាទី​និយមនៃ​ពួក​វៀតណាម​ខាងជើង និង វៀត​កុង​ជាពិសេស​អំពី​លទ្ធិផ្តាច់ការ​របស់​សម្តេច​សីហនុ ដែល​ជំរុញ​ដោយ​មហេសី​របស់​ព្រះអង្គ គឺ​អ្នក​ម្នាង​ម៉ូ​និក និង ការ​ពុករលួយ​ដល់​ឆ្អឹង​នៃ​ពួក​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​ម្នាង ។ បេសកកម្ម​របស់​មនុស្ស​ម្នាក់ៗ (​ក្នុង​អង្គប្រជុំ​) គឺត្រូវធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំវិញខ្លួន​ដឹង​ច្បាស់​ពី​ព្រឹត្តិការណ៍ ទាំងនេះ ។ ប៉ុន្តែ​ពេលនោះ ពួកគេ​មិនទាន់​ដែល​និយាយ​ដល់​អំពី​រឿង​រាជាធិបតេយ្យ​ឬ​សាធារណរដ្ឋ​នៅឡើយ “ ។​

លោក លីវ សេង បាន​និយាយថា “ លន់ ណុន បាន​រក្សា​ទំនាក់ទំនង​សំងាត់​ជាមួយ​ចលនា​ខ្មែរ​សេរី ។ សឺ​ង ង៉ុ​កថា​ញ់ ជា​ប្រមុខ​នៃ​ចលនា​នេះ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ភាគខាងត្បូង​វៀតណាម​នោះ បាន​ឆ្លង​មកកាន់​ប្រទេស​កម្ពុជា​ជាសំងាត់​ដើម្បី​ពិគ្រោះគ្នា​ជាមួយ​គាត់​នៅ គេហដ្ឋាន​របស់គាត់​នៅ​វត្ត​ហា​ដែរ “ ។
​លីវ សេង បាន​បន្ថែមទៀតថា “ លន់ ណុន មាន​មនុស្ស​២​រូប​ដែល​ជាទី​ទុកចិត្ត​របស់គាត់​គឺ ពលបាលត្រី គា ឃី​ន និង កុល ឡុង​សេង ជា​អ្នក​រងរ៉ាប់​ទំនាក់ទំនង​ផ្សេងៗ​ជាមួយ​សឺ​ង ង៉ុ​កថា​ញ់ និង ធ្វើដំណើរ​បំពេញបេសកកម្ម​ជា​ទៀងទាត់​ទៅកាន់​ខេត្តស្វាយរៀង ដែល​ជាប់​ព្រំដែន​វៀតណាម​ខាងត្បូង “ ។​

ផ្នែក​ខាង​សារព័ត៌មាន គាត់​បាន​ពឹងពាក់​កាសែត​ប្រចាំថ្ងៃ​ក្នុងស្រុក​ជា​ភាសា​ខ្មែរ​ចំនួន​២​គឺ កាសែត “ ប្រយោជន៍​ខ្មែរ “ ដែលមាន លឿង វ៉ែន ជា​ចាងហ្វាង និង កាសែត “ សុវណ្ណ​ភូមិ “ ដែលមាន​ឃូ​ន​ថៃ ជានា​យក ។​
ពេល​មាន​របប​រដ្ឋាភិបាល “ ស្រោចស្រង់​ជាតិ “ នោះ សម្តេច​សីហនុ និង ព្រះអង្គម្ចាស់ សិរិមតៈ ជា​ញឹកញាប់​មានការ​ប្រឈមមុខ​ដាក់​គ្នា ។
​លោក លឿង វ៉ែន បាន​ព្យាយាម​សរសេរ​អត្ថបទ​រិះគន់​សម្តេចព្រះ​ប្រមុខរដ្ឋ​ជា​បន្តបន្ទាប់ ចុះផ្សាយ​តាម​កាសែត ប្រយោជន៍​ខ្មែរ របស់គាត់ ខណៈ​កាសែត នគរធំ របស់​សុទ្ធ ប៉ូ​លីន ជា​មិត្ត​របស់​លន់ ណុន ក៏បាន​ធ្វើការ​ដូចគ្នានេះ​ដែរ ។
​ប្រការនេះ​ត្រូវបាន​គេ​មើលឃើញ​គ្រប់គ្នា និង គិតថា សិរិមតៈ និង លន់ ណុន មានការ​ព្រម​ព្រៀ​គ្នា​ដើម្បី​គាប​ព្រះប្រមុខរដ្ឋ សីហនុ ។

លឿង វ៉ែន ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​បន្ទា​ប់​ពី​ត្រូវបាន​តម្រូវឱ្យ​បកស្រាយ បំភ្លឺ​ជា​សាធារណៈ និង ផ្តល់​ភស្តុតាង​ផ្សេងៗ នៅ​ចំពោះ​ព្រះ​ភក្ត្រ​សម្តេចព្រះ​ប្រមុខរដ្ឋ ទាក់ទង​នឹង​ការចោទប្រកាន់​របស់គាត់ ក្នុងឱកាស​សមាជជាតិ​ចុងក្រោយ​របស់​សង្គមរាស្ត្រនិយម ។​
បន្ទាប់មក​មាន​ដំណឹង​ថា វរៈសេនីយ៍ឯក អ៊ុំ ម៉ា​ណូ​រិន្ទ និង សូ​ស្តែ​ន​ហ្វែ​រណង់​ដេ​ស បានចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​បញ្ញាវន្ត , សាស្ត្រាចារ្យ , គ្រូបង្រៀន​,​មន្ត្រីរាជការ និង យោធា​ចំនួន​៥០០​នាក់ ដែល​ក្នុងនោះ​ភាគច្រើន​ជា​មនុស្ស​របស់​លន់ ណុន មាន​ជាអាទិ៍ ថោង លឹម​ហួង ជាដើម ។ លន់ ណុន ដែល​ធ្លាប់តែ​ជា​មនុស្ស​ផ្តល់នូវ​ការ​គាំពារ​គ្រប់​យ៉ាងនោះ ពេលនេះ​គាត់​ក៏បាន​គេចខ្លួន​ផងដែរ ដោយ​ការប្រើ​រូបភាព​សុំ​បញ្ជា​ធ្វើ​បេសកកម្ម​មួយ​ដែល​គាត់​ជា​អ្នក ចុះហត្ថលេខា​ដោយ​ខ្លួនឯង ដែល​ការពិត គឺជា​ការរត់​ទៅ​លាក់ខ្លួន​នៅ​កំពង់ស្ពឺ តែប៉ុណ្ណោះ ។​

ខែកុម្ភៈ ឆ្នាំ​១៩៧០ លន់ ណុន បាន​ផ្ញើលិខិត​ទៅឱ្យ​មនុស្ស​របស់គាត់​ដោយបាន​ចោទសួរ​ពួកគេ​នូវ​សំនួរ ដែល​គាត់​បានដឹង​ចំលើយ​រួច​ទៅហើយនោះ​ថា​តើ​ពួកគេ​ត្រូវការ “ សាធារណរដ្ឋ ឬ រាជាធិបតេយ្យ “ ។

ទោះជា​មានការ​ជជែក​ដេញដោល​យ៉ាង​ជូរចត់​នៃ​សមាជិកសភា​ក្តី ក៏​មិនទាន់មាន​នរណា​ដឹងថា អនាគត​របស់​ប្រទេស​កម្ពុជា​នឹងត្រូវ​ធ្វើដំណើរ​ទៅលើ​វិថី រាជានិយម ឬ ជា​អ្វី​នៅឡើយ ដោយសារ​រហូតមកដល់​ពេលនេះ លន់ នល់ ជា​មនុស្ស​ដែល​គេ​ចាត់ទុកថា ជា​មេខ្លោង​ក្នុងការ​ផ្លាស់ប្តូរ​របប​នៅ​ប្រទេស​កម្ពុជា​ឱ្យទៅជា សាធារណរដ្ឋ​នោះ មិនទាន់​បញ្ចេញ​សញ្ញា​អ្វី​ជាក់លាក់​គួរឱ្យកត់សំគាល់​នៅឡើយ ។​
​ការពិត​ពេលនេះ លន់ នល់ នៅមាន​ភាព​រារែក​និង​ចាំមើល​សញ្ញា​យល់ព្រម​ពី​ព្រះអង្គម្ចាស់​សិរី​មតៈ ខណៈ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរី​មតៈ ក៏​ហា​ក់នៅ​រារែក​មិន​ហ៊ាន​សម្រេច​ព្រះទ័យ​ថា​នឹង​ត្រូវធ្វើ​រដ្ឋប្រហារ ទំលាក់​សម្តេច​សីហនុ ឬ​យ៉ាងណា ។ និយាយ​ដោយ​ខ្លី​គឺ​លន់ នល់ និង សិរិមតៈ មាន​ការមិនទុកចិត្ត​គ្នា និង មានការ​ក្រែង​ចំពោះ​គ្នា​ទៅវិញទៅមក ទោះជា​មនុស្ស​២​រូបនេះ​បានធ្វើការ​ជាមួយគ្នា​រហូត​នាំ​ស្ថានភាព​ប្រទេស កម្ពុជា​មកដល់​ដំណាក់​កាលដែល​រដ្ឋប្រហា​រ​មួយ​មាន​ឧបមេយ្យ​ដូចជា​ព្រួញ​ដែល គេ​បានដាក់​នៅលើ​ខ្សែ​ធ្នូរ​និង​បាន​ត្រូវ​ទាញ​បន្តឹង​រួចទៅហើយ​នោះ ក្តី ។​

នេះ​ជា​ដំណាក់កាល​សំខាន់​ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ចេះតែ​ជជីក​សួរ គ្នា​ថា បើ​មេក្លោង​ទាំង​២​រូប​សុទ្ធ​តែមាន​សភាព​បែបនេះ តើ​ការ​បំបែក​ភាព​នៅ​គាំង​នៃ​ស្ថានភាព​នេះ ប្រព្រឹត្តទៅ​យ៉ាងណា ហើយ​នរណា​ជា​អ្នក​ញាក់ចិញ្ចើម​ដាក់​នរ​ណា​មុន ?
​សៀវភៅ​សាធារណរដ្ឋ​ខ្មែរ បាន​រៀបរាប់​រឿង​ដ៏​អាថ៌កំបាំង​នេះ​ថា គឺ លន់ ណុន ជា​អ្នក​ទំលាយ​ភាពទ័លច្រក​នេះ ។​
សៀវភៅ​ខាងលើនេះ បាន​រៀបរាប់ថា “ តាមពិត​អនាគត​របស់​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅក្នុង​យប់​ថ្ងៃទី​១៨ ឈានចូល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ។

ទាល់តែ​៤​ឆ្នាំ ក្រោយមក​ទើប​ខ្ញុំ ( អ្នកនិពន្ធ គឺ រស់ ច​ន្ត្រា​បុត្ត ) រកឃើញ​អា​ថិ៍​កំបាំង នៅក្នុង​យប់នោះ ។ នៅ​ឆ្នាំ​១៩៧៤ លន់ ណុន បានរស់នៅ​អស់​មួយ​ភាគ​ក្នុងការ​និរទេស​ខ្លួន​របស់គាត់​នៅ​ប្រទេស​បារាំង ហើយ​នៅ​ខែមិថុនា នៃ​ឆ្នាំ​ដដែល​នោះ ក្នុងឱកាស​នៃ​ការដើរ​កំសាន្ត​តែ​ពីរ​នាក់​តតួ​ក្នុង​ឧទ្យាន​ប៊ូ​ឡូញ (Boulogne) ទើប​គាត់​បាន​បង្ហើប​ប្រាប់​ពី​អា​ថិ៍​កំ​បាំ​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង នៅក្នុង​យប់​ដ៏​វែងឆ្ងាយ​នោះ ។​ – See more at: http://library.cen.com.kh/library/read_online_html?token=ZTQ4MmJhYTI4M2I3Mjg0MWZjZTZlOTBmMjFlZWQ1#sthash.O6in6Sql.dpuf

Leave a comment