សម័យ​ក្រោយ​ការ​គ្រងរាជ្យ​​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២

នៅ​ក្រោយ​ការ​សោយរាជ្យ​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ដែល​ជា​ព្រះមហាក្សត្រ​សាង​ប្រាសាទអង្គរវត្ត និង​កាន់​ព្រហ្មញ្ញ​សា​សា​នា​នោះ ព្រះរាជា​ក្រោយៗ ចាប់​ផ្ដើម​ងាក​ទៅកាន់​ព្រះពុទ្ធសាសនា​វិញ។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ សម័យ​ក្រោយ​ការ​គ្រងរាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២។

ក១៩. ព្រះបាទ​ធរណិន្ទ្រ​វរ្ម័ន​ទី​២ ឆ្នាំ​១១៥០​-​ឆ្នាំ​១១៦០

ក្រោយ​ពី​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ សោយ​ទិវង្គត​ទៅ ប្អូន​ជីដូន​មួយ​របស់​ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះអង្គ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ធរណិន្ទ្រ​វរ្ម័ន​ទី​២។ ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ គឺ​ម្ចាស់​ក្សត្រិយ៍​ចូឌាមណី ជា​ព្រះ​រាជបុត្រី​របស់​ព្រះបាទ​ហស៌​វរ្ម័នទី​៣។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ចំប៉ា ដែល​ជា​សង្គ្រាម​បន្ត​ពី​រាជ្យ​មុន​មក។ ព្រះអង្គ​បាន​ទុក​ព្រះទ័យ​អោយ​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម​ជយវ៌ធន ដែល​ជា​អនាគត​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​កាល​ណោះ​មាន​ព្រះ​ជន្មាយុ​ប្រមាណ​២៥​ព្រះវស្សា​នៅឡើយ អោយ​កាន់​អគ្គ​បញ្ជា​ការ​កង​ទ័ព រួចហើយ​លើក​ទៅ​វាយ​ក្រុង​វិជ័យ​នៃ​ប្រទេស​ចំប៉ា។

ព្រះបាទ​ធរណិន្ទ្រ​វរ្ម័ន​ទី​២ ជា​ព្រះមហាក្សត្រ​ដែល​សព្វ​ព្រះរាជហឫទ័យ គោរព​បូជា​ព្រះពុទ្ធសាសនា​មហាយាន ដែល​កាល​ណោះ​មាន​អ្នក​គោរព​បូជា​កាន់តែ​កើន​ច្រើន​ឡើងៗ។ ព្រះអង្គ​ទ្រង់​បាន​បោះបង់​ចោល​នូវ​ប្រពៃណី​សាសនាព្រាហ្មណ៍ ដែល​មាន​ពី​យូរ​យា​មក​ហើយ​នោះ​ថែម​ទៀត​ផង។ ព្រះបាទ​ធរណិន្ទ្រ​វរ្ម័ន​ទី​២ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១១៥០ ហើយ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១១៦០ នៃ​គ.ស ប៉ុន្តែ​គេ​មិនបាន​ដឹង​ព្រះ​មរណនាម របស់​ព្រះអង្គ​ទេ។

ក២០- ព្រះបាទ​យសោវរ្ម័ន​ទី​២ (ឆ្នាំ​១១៦០-ឆ្នាំ​១១៦៥)

ព្រះរាជា​ដែល​សោយរាជ្យ​ស្នង​ព្រះបាទ​ធរណិន្ទ្រ​វរ្ម័ន​ទី​២ គឺ​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​២ ដែល​ទ្រង់​ជាប់​ជា​ព្រះ​ញាតិសាលោហិត​នឹង​ព្រះអង្គ។ ក្នុង​រាជ្យ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​២ មាន​កើត​ការ​វឹកវរ​ចលាចល ដោយ​សិលា​ចារិក និង​រូបចម្លាក់​ប្រាសាទ​បន្ទាយឆ្មារ​បាន​អោយ​ដឹង​ថា ព្រះបាទ​យ​សោ​វរ្ម័ន​ទី​២ ត្រូវ​សត្រូវ​ឈ្មោះ​រាហ៊ូ​វាយលុក។ ទាំង​សិលា​ចារិក ទាំង​រូបចម្លាក់​និយាយ​ពី​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ដោយ​រាហ៊ូ​នេះ នាំ​អោយ​មាន​ចម្ងល់​ថា តើ​រា​ហ៊ូ​នេះ​ជា​អ្វី ជា​អ្នកណា តើ​ពេល​នោះ​អាច​មាន​គំនិត​ក្បត់​ណាមួយ​កើតឡើង​ក្នុង​ព្រះរាជវាំង​ឬទេ ឬក៏​មាន​ការ​បះបោរ​របស់​មហាជន ឬក៏​ការ​បះបោរ​របស់​ពួក​ចាម​ចង់​សងសឹក ព្រោះ​ខ្លួន​បាន​ទទួល​បរាជ័យ​យ៉ាង​ដំណំ​នៅ​ក្នុង​រាជ្យ​ស្ដេច​មុន​នោះ។

ប៉ុន្តែ​នៅ​ទី​បញ្ចប់​នៃ​ព្រឹត្តិការណ៍​នេះ គេ​បាន​ដឹង​ច្បាស់​ថា ព្រះបាទ​យសោវរ្ម័ន​ទី​២ ទ្រង់​បាន​សង្គ្រោះ​អោយ​រួច​ផុត​ពី​គ្រោះថ្នាក់ ដោយ​អ្នក​ការពារ​ព្រះអង្គ​យ៉ាង​អង់អាច​ក្លាហាន​ឈ្មោះ​ស្រិន្ទ្រកុមារា ដែល​ជា​ព្រះរាជបុត្រ​មួយ​អង្គ​របស់​អនាគត​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។ ថ្វី​ត្បិត​តែ​ព្រះអង្គ​បាន​គេច​ផុត​ពី​គ្រោះ​ថ្នាក់​នៃ​ការ​បះបោរ​របស់​រាហ៊ូ​នៅ​ពេល​នោះ​មែន ប៉ុន្តែ​នៅ​ចុង​បញ្ចប់​នៃ​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ​យសោវរ្ម័ន​ទី​២ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះអង្គ​ម្នាក់​ក្បត់​ដណ្ដើម​រាជ្យ ហើយ​ធ្វើ​គត់​ព្រះអង្គ​នៅ​ឆ្នាំ​១១៦៥​នៃ​គ.ស។

ក២១- ព្រះបាទ​ត្រីភូវនាទិត្យាវរ្ម័ន (ឆ្នាំ​១១៦៥​-​ឆ្នាំ​១១៧៧)

ក្រោយ​ពី​ពេល​ធ្វើ​គត់​ព្រះបាទ​យសោវរ្ម័ន​ទី​២​បាន​ហើយ មន្ត្រី​ក្បត់​ដណ្ដើម​រាជ្យ​ព្រះអង្គ​នេះ ក៏​ប្រកាស​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១១៦៥ ដោយមាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ត្រីភូវនាទិត្យាវរ្ម័ន។ ក្នុង​រាជ្យ​របស់​ព្រះរាជា​ជ្រែក​រាជ្យ​នេះ សង្គ្រាម​រវាង​ចាម​និង​ខ្មែរ​នៅតែ​បន្ត​ទៅ​ទៀត ហើយ​ព្រឹត្តិការណ៍​ដែល​សំខាន់​បំផុត ដែល​កើតមាន​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ត្រីភូវនាទិត្យាវរ្ម័ន​នេះ គឺ​ភាព​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ខ្មែរ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​ចាម​បាន​វាយ​យក​បាន​ក្រុង​អង្គរ​នៅ​ឆ្នាំ​១១៧៧។ ស្ដេច​ចាម​ដែល​បើក​ការ​វាយ​លុក​ដណ្ដើម​យក​ក្រុង​អង្គរ​នេះ ក៏​ជា​ស្ដេច​ទើប​ជ្រែករាជ្យ​បាន​នៅ​នគរ​ចំប៉ា​ដែរ។ ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះបាទ​ជ័យ​ឥន្ទ្រវរ្ម័ន​ទី​៤។ ស្ដេច​ចាម​នេះ បាន​នាំ​ទ័ព​ជើង​ទឹក​ដោយ​មាន​ជនជាតិ​ចិន​លិច​សំពៅ​ម្នាក់​ជា​អ្នក​នាំ​ផ្លូវ ឡើង​តាម​ទន្លេ​មេគង្គ រួច​ឆ្លង​កាត់​ទន្លេសាប មក​លុក​លុយ​ក្រុង​អង្គរ​បាន ហើយ​ធ្វើ​គត់​ស្ដេច​ជ្រែករាជ្យ​នៅ​កម្ពុជា​នេះ គឺ​ព្រះបាទ​ត្រីភូវនាទិត្យាវរ្ម័ន សុគត​ក្នុង​ពេល​នោះ​ទៅ។

ក្រោយ​ពី​នោះ ប្រទេស​ចំប៉ា​ក៏​បាន​កាន់​កាប់ និង​ដាក់​នឹម​ត្រួតត្រា​លើ​ប្រទេស​កម្ពុជា អស់​រយៈ​ជាង ៤​ឆ្នាំ ពី​ឆ្នាំ ១១៧៧ ដល់​ឆ្នាំ ១១៨១ នៃ​គ.ស។ គឺ​មាន​រយៈកាល​ប្រហែល​គ្នា​និង​ខ្មែរ​បាន​កាន់​កាប់ ប្រទេស​ចំប៉ា​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ ពី​ឆ្នាំ ១១៤៥ ដល់​ឆ្នាំ ១១៤៩ ដូច្នោះ​ដែរ៕

Leave a comment