ប្លា​តូ (PLATO)

ប្លា​តូ (PLATO) កើត​ឆ្នាំ​៤២៨​មុន​គ​.​ស ស្លាប់​ឆ្នាំ ៣៤៨ មុន​គ​.​ស​។ លោក​ជា​ទស្សនវិទូ​ក្រិច​បូរាណ ដែល បាន​រូ​ម​ចំណែក កសាង​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​លោកខាងលិច​។​

​ប្លា​តូ ជា​កូន​របស់លោក អា​រី​ស្តុ​ន (Ariston) និង​អ្នកស្រី ប៉េ​រីត​ត្យូ​ន (Perictione)​។ លោក​មាន កំណើត​នៅ​អាថែន (Athen) ឬ​ប្រហែលជា​នៅ​អា​ជីន​ណា (Agiena) ក្នុង​ឆ្នាំ​៤២៨​មុន​គ​.​ស ដែលជា​ឆ្នាំ វីរបុរស​ដ៏​អស្ចារ្យ ផែ​រី​គ្លី (Pericles) បាន​ស្លាប់​។ គាត់​ស្ថិតនៅក្នុង​វង្ស​ត្រកូល​គ្រួសារ ដែលមាន​កេរ្តិ៍ឈ្មោះ ល្បីល្បាញ​ជាងគេ​នៅ​អាថែន​។​

​និយាយ​អំពី​ឪពុក​របស់​ប្លា​តូ គ្មាន​នរណា​ដឹង​អំពី​ការស្លាប់​របស់គាត់​ឡើយ​ហើយ​គេ​គិតថា​គាត់​បាន​ស្លាប់ តាំងពី​ប្លា​តូ​នៅ​ក្មេង​ម្ល៉េះ​។ ម្តាយ​របស់​ប្លា​តូ​បាន​រៀបការ​ជាមួយ​ស្វាមី​ថ្មី​ដែលជា​ពូ​របស់​អ្នកស្រី គឺ​លោក ពី​រី​លែ​ម ដែលជា​អ្នក​ជួយ​ទំនុកបំរុង​ភែ​រី​គ្លី ហើយ​ប្រហែលជា​ប្លា​តូ បាន​ធំ​លូតលាស់​នៅក្នុង​ផ្ទះ​របស់​ឪពុកចុង​របស់ គាត់​នេះ​។ ទស្សនវិទូ សូ​ក្រា​ត គឺជា​មនុស្ស​សំខាន់​ជាងគេ​ដំបូង ដែលមាន​ឥទ្ធិពល​លើ​ផ្លា​តូ​។​

​ប្លា​តូ​បាន​ក្លាយជា​សិស្ស​របស់​សូ​ក្រា​ត មិនមែន​ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ របស់គាត់​ជាមួយ សូ​ក្រា​ត​នោះទេ តែ​តាមរយៈ​ការប្តេជ្ញាចិត្ត​របស់គាត់​ទៅលើ​ទស្សន​វិទ្យា និង ការយកចិត្ត​ដាក់​របស់គាត់​ទៅលើ បញ្ហា​ក្រមសីលធម៌ ព្រមទាំង​វិធីសាស្ត្រ​ដ៏​សម​ហេតុផល​របស់​សូ​ក្រា​ត​។​

​មហិច្ឆតា​ចំបង​របស់លោក​ប្លា​តូ ក៏​ដូច​មិត្ត​រួម​ថ្នាក់​ដទៃទៀត​របស់គាត់​ដែរ គឺ​ចូលធ្វើ​នយោបាយ​។ ពួក ក្រុម​បះបោរ​អភិរក្សនិយម បាន​បង្ខំ​ឲ្យ​គាត់​ធ្វើជា​ប្រជាជន​សាមញ្ញ​ប៉ុន្តែ​គាត់​បានធ្វើ​ការប្រឆាំង​យ៉ាង​ប្រុងប្រយ័ត្ន ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ពួកក្រុម​អភិរក្ស​នោះ​ត្រូវបាន​ផ្តួល​រលំ​ដោយសារ​សកម្មភាព​ឃោរឃៅ​របស់គេ​។​

​បន្ទាប់ពី​ការដួលរលំ​របស់​រដ្ឋា​ភិ​បាល​ផ្តាច់ការ​នោះ លោក​ប្លា​តូ តែងតែ​សង្ឃឹមថា​នឹងមាន​ភាពល្អ ប្រសើរ​ជាង​នេះ តាមរយៈ​ការ​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​។ ទោះបីជា​យ៉ាងណា នៅ​ទីបំផុត គាត់ ទទួលស្គាល់ថា​នៅក្នុង​នយោបាយ​របស់​អាថែន គឺ​គ្មាន​ទីកន្លែង​សំរាប់​មនុស្ស​ដែលមាន​ឧ​ត្ត​ម​គតិ​ទេ​។ នៅ​ឆ្នាំ ៣៩៩​មុន​គ​.​ស រដ្ឋាភិបាល​ប្រជាធិបតេយ្យ​អាថែន បាន​ផ្តន្ទាទោស និង​សម្លាប់​លោក​សូ​ក្រា​ត រីឯ​លោក​ប្លា​តូ និង សមាជិក​ដទៃទៀត​រប​ស់លោក​សូ​ក្រា​ត​បាន​រត់​ភៀសខ្លួន​មក​ជ្រក​នៅ​មេ​ហ្គា​រ៉ា​។​

​ប៉ុន្មាន​ឆ្នាំក្រោយ​មកទៀត គាត់​បានធ្វើ​ដំណើរ​ទៅ​រស់នៅក្នុង​ប្រទេស​ក្រិ​ក ប្រទេស​អេ​ហ្សី​ព និង​ក្នុង ប្រទេស​អ៊ីតាលី​។​

​នៅ​ឆ្នាំ​៣៨៧​មុន​គ​.​ស​ប្លា​តូ​បាន​បង្កើត​សាលា​មួយ ដែល​អាច​ឲ្យ​គាត់​បន្ត​ការបង្រៀន និង​ស្រាវជ្រាវ ផ្នែក​ទស្សនវិជ្ជា និង​វិទ្យាសាស្ត្រ​។ គាត់​បាន​ចំណាយ​ជីវិត ដែល​សេសសល់ ក្នុងការ​ដឹកនាំ និង គ្រប់គ្រង​សាលា នេះ​។

​ប្លា​តូ (PLATO)
​នៅក្នុង​សាលា​នេះ លោក​អា​រី​ស្តូ​ត​បាន​ចំណាយ​ពេលវេលា​ជាង​២០​ឆ្នាំ​ដំបូង​ជា​សិស្ស រហូត​ក្លាយជា សាស្ត្រាចារ្យ​របស់​សាលា​។ នៅក្នុង​សាលា​មាន ការបណ្តុះបណ្តាល​នូវ​មុខជំនាញ​ជាច្រើន ដូចជា​ផ្នែក​តារាវិទ្យា ជីវវិទ្យា ក្រមសីលធម៌ ភូម​វិទ្យា និង មុខវិជ្ជា​វោហារសាស្ត្រ​។ ស្នាដៃ​ផ្នែក​គណិតវិទ្យា​សំខាន់ៗ​ជាច្រើន នៅ ស​.​វ​ទី​៤​មុន​គ​.​ស គឺ​សុទ្ធតែជា​ស្នាដៃ​របស់​មិត្តភក្តិ និង​សិស្ស​របស់​ប្លា​តូ​ទាំងអស់​។ ធី​ថេ​ធឺ​ស​(Theaetetus)​ក៏​ជា​សិស្ស​ម្នាក់​នៅក្នុង​នោះដែរ ហើយ​គាត់​ប្រហែលជា​សិស្ស​ដំបូង​គេ ដែល​សិក្សា​និង​បង្កើត​ធរណីមាត្រ​របស់ វត្ថុ​តាន់​។ អ៊ឺដ​ក​សឺ​ស (Eudoxus of Cnidus) បាន​ប្តូរ​សាលា​របស់គាត់ ពី​ស៊ី​ហ្ស៊ី​ឃើ​ស​(Cyzicus)​មក អាថែន ក្នុង​គោលបំណង​ចូលរួម​ជាមួយ​លោក​ផ្លា​តូ​។ គួរតែ​រំលឹក​ផងដែរ លោក​អ៊ឺដ​ក​សឺ​ស (Eudoxus of Cnidus) គឺជា​អ្នកសរសេរ​ទ្រឹស្តី​សមាមាត្រ ដែល​ត្រូវបាន​អធិប្បាយ​នៅក្នុង​អង្គធាតុ​នៃ​អឺ​គ្លី​ត និង​ជា​អ្នកបង្កើត នូវ​រូបមន្ត​សំរាប់​គណនា​ផ្ទៃក្រឡា និង​មាឌ​របស់​វត្ថុ​កោង ព្រមទាំង​ជា​អ្នក​រកឃើញ បែបផែន​តារាវិទ្យា​រប​ស់ រង្វង់​ចូល​ផ្ចិត ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​លោក​អា​រី​ស្តូ​ត (Aristotle)​។ រីឯ​លោក អា​ឈី​តាស (Archytas) ជា​អ្នកបង្កើត​វិទ្យាសាស្ត្រ​មេកានិច និង​ជា​មិត្តភក្តិ​របស់លោក​ប្លា​តូ ក៏​បានមក​ចូលរួម​ជាមួយ​គាត់ ដែរ​។ ក្រៅពីនេះ នៅមាន​អ្នកវិទ្យាសាស្ត្រ​ដទៃទៀត ដែល​យើង​មិនបាន​រៀបរាប់​នៅទីនេះ​។ យើង​សូម​លើក​តែ លោក​ស្ពឺ​ស៊ី​ផឺ​ស (Speusippus) មក​និយាយ​។ គាត់​គឺជា​ក្មួយ​របស់លោក​ប្លា​តូ​និង​ជា​អ្នកវិទ្យាសាស្ត្រ​ដ៏​ជោគជ័យ ម្នាក់​។ លោក​ស្ពឺ​ស៊ី​ផឺ​ស (Speusippus) គឺជា​អ្នកនិពន្ធ អំពី​ប្រវត្តិ​នៃ​ធម្មជាតិ និង ស្នាដៃ​ជីវវិទ្យា​របស់លោក អា​រី​ស្តូ​ត ដែល​បាន​ជំរុញ​ឲ្យ​គាត់ ក្លាយជា​អ្នក​បន្តវេន​បន្ទាប់ពី​មរណភាព​របស់​ប្លា​តូ​។​

​ការនិយាយ​កំប្លែង​លេង​នៅក្នុង​សាលា បាន​ក្លាយជា​ចំណាប់អារម្មណ៍ ហើយក៏​មាន​វិធី​ចំណាត់​ថ្នាក់លើ ប្រភេទ​រុក្ខជាតិ​ផងដែរ​។ ក្នុងនោះ យើង​ក៏​ឃើញ​មានការ​សិក្សា​យ៉ាងសកម្ម​នៅក្នុង​ផ្នែក​នីតិសាស្ត្រ និង​ការអនុវត្ត ច្បាប់​ផងដែរ​។​

​ទោះបីជា​លោក​ប្លា​តូ​បាន​ស្លាប់ទៅ​ក៏ដោយ ក៏​សាលា​របស់គាត់ នៅតែ​បន្តការងារ​របស់គាត់​ដដែល​។ មិន​ថា​មាន​ការកែ​ប្រែល ការផ្តោត​ទៅលើ​សារៈសំខាន់​នៃ​វិទ្យាសាស្ត្រ និង ទិសដៅ​ទស្សន​វិទ្យា​ក៏ដោយ ក៏​សាលា​នេះ​បាន​បន្ត​ការសិក្សា​អំពី​ចំណេះដឹង​នៃ​ជីវិត អស់​រយៈពេល​ពីរ​សត​វត្ស​កន្លះ​ដែរ បន្ទាប់ពី​ពេល​អវត្តមាន របស់លោក​ប្លា​តូ​។ តាមរយៈ​ការសិក្សា ដែល​ផ្តោតលើ​សង្គមមនុស្ស និង​ការពិត​នៃ​វិទ្យាសាស្ត្រ សាលារៀន របស់លោក​ប្លា​តូ​ត្រូវបាន​គេ​ឲ្យ​តំលៃ​យ៉ាង​ក្រៃលែង ដែល​អាច​ចាត់ទុកថា​ជា​សាកលវិទ្យាល័យ​ទីមួយ ដែល​ត្រូវ បាន​បង្កើតឡើង​៕​ – See more at: http://library.cen.com.kh/library/read_online_html?token=MDZmYmE0N2#sthash.qs7VFEZA.dpuf

Leave a comment