ហ្ស​កដា​ណូ ប្រុយ​ណូ​,​និមិត្តរូប​នៃ​សេរីភាព​ក្នុង​ការគិត

កើត​នៅ​ឆ្នាំ​១៥៤៨ និង​ទទួលមរណភាព​នៅ​ឆ្នាំ​១៦០០ លោក​ប្រុយ​ណូ​(Giordano Bruno) គឺជា​គណិត​វិទូ តារាវិទូ និង​ទស្ស​វិទូ ជនជាតិ​អ៊ីតាលី​ដែលជា​ម្ចាស់​ទ្រឹស្តី​សំខាន់ៗ​នៃ​វិទ្យាសាស្ត្រ​សម័យ​ទំនើប​។​

​ ​លោក​ប្រុយ​ណូ​មាន​ឳ​ពុក​ជា​មន្ត្រី​យោធា​ម្នាក់​។​ពីដំបូង​គាត់​ត្រូវបាន​គេ​ដាក់ឈ្មោះថា ហ្វី​លី​ប៉ូ (Filippo) ហើយ​ក្រោយមក​ត្រូវបាន​គេ​ហៅថា អ៊ី​ល ណូ​ឡា​ណូ (ilNolano)​ដែលជា​ឈ្មោះ​នៃ​ទីកន្លែង​កំណើត​របស់លោក​។ នៅ​ឆ្នាំ​១៥៦២ គាត់​បាន​ផ្លាស់​ទៅ​នៅ​ទីក្រុង ណា​ភឺ​ល (Naples​ឬ​ណា​ប៉ូ​លី​តាម​ភាសា​អ៊ីតាលី​) និង​បាន​សិក្សា​ជំនាញ​មនុស្សា​ស្ត្រ តក្កវិជ្ជា និង​ជំនាញ​តស៊ូ​មតិ​។ នៅ​ឆ្នាំ​១៥៦៥ គាត់​បាន​ចូល​សាសនា ដូ​មី​នី​ក (Dominican Covent of San Domenic Maggiore) នៅក្នុង​ទីក្រុង ណា​ប៉ូ​លី​ហើយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ហ្ស​កដា​ណូ​។ ដោយមាន​អាកប្បកិរិយា​ឆ្គង​នឹង​សាសនា ក្រោយមក​លោក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកប្រឆាំង ប៉ុន្តែ​ទោះជា​យ៉ាងណា នៅ​ឆ្នាំ​១៥៧២ លោក​បាន​ក្លាយជា​បព្វជិត​សាសនា​។

​ ​នៅ​ខែកក្កដា​ឆ្នាំ​១៥៧៥ ប្រុយ​ណូ​បាន​បំពេញ​ចប់សព្វគ្រប់​វគ្គ​សិក្សា​ផ្នែក​ទេវ​វិទ្យា​។ ទោះបីជា​យ៉ាងណា​គាត់​បាន​លួច​អាន​គម្ពីរ​ពីរ​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ព្រឹទ្ធាចារ្យ​សាសនា អ៊ី​រ៉ា​ស​មូស​(Erasmus)​និង​បានធ្វើ​ការពិភាក្សា​ដោយ​សេរី​អំពី​ទស្សនៈ​ប្រឆាំងនឹង​ទេវ​ភាព​ក្នុង​សាសនា​គ្រឹ​ស្ត​។ ជា​លទ្ធផល​គាត់​ត្រូវបាន​គេ​កាត់ទោស ហើយ​បាន​រត់​ភៀសខ្លួន​ទៅ​ទីក្រុង​រ៉ូម នៅ​ខែកុម្ភៈ ឆ្នាំ​១៥៧៦​។ នៅ​ទីនោះ​គាត់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​មនុស្សឃាត​យ៉ាង​អយុត្តិធម៌ ហើយ​គាត់​បាន​ភៀសខ្លួន​សារជាថ្មី​នៅ​ខែមេសា​ឆ្នាំ ១៥៧៦​។ ក្រោយមក​គាត់​បាន​បោះបង់​សាសនា​ដូ​មី​នី​ក ហើយ​បាន​រស់នៅក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស អ៊ីតាលី​។ ចុងក្រោយ ឆ្នាំ​១៥៨១​ដោយ​ចាប់អារម្មណ៍​នឹង​សាសនា​ប្រូ​តេស្ត​ង់ (​និកាយ Calvisme) ប្រុយ​ណូ បាន​ចាក​ចេញទៅ​បារាំង និង​អង់គ្លេស​។

​ ​នៅ​ទីក្រុង អក​ស្វើ​ត (Oxford) គាត់​ចាប់ផ្តើម​សិក្សា​ជា​បន្តបន្ទាប់ ហើយ​គាត់​បាន​អត្ថាធិប្បាយ​អំពី​ទ្រឹស្តី​លោក ខូ​ភើ​នី​ខើ​ស (Corpernican theory) ទាក់ទង​នឹង​ចលនា​នៃ​ផែនដី​។ ដោយសារ​ការមិន​ទទួល​ស្វាគមន៍​ពី​អ្នក​នៅ​អក​ស្វើ​ត គាត់​បាន​ផ្លាស់​ទៅ​ទីក្រុង​ឡុង ក្នុងនាម​ជា​បេស​ក​ទូត​បារាំង​។ នៅ​ខែកុម្ភៈ ១៥៨៤ ប្រុយ​ណូ ត្រូវបាន​អ​ញ្ចើ​ញ​ដោយ​លោក គ្រឺ​វី​ល (FulkeGreville) ដែល​ធ្វើការ​នៅក្នុង​រាជដំណាក់ ទៅ​ពិភាក្សា​ពី​ទ្រឹស្តី​របស់លោក អំពី​ចលនា​ផែនដី​ជាមួយ​បណ្ឌិត​នៅ​អក​ស្វើ​ត​ជាច្រើន ប៉ុន្តែ​ការពិភាក្សា​បានក្លាយ​ទៅជា​ជម្លោះ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប្រុយ​ណូ បានចាប់ផ្តើម​សរសេរ​កិច្ចសន្ទនា​របស់លោក​ជា​ភាសា​អ៊ីតាលី ដែល​បានបង្ហាញ​ពី​ទស្ស​វិជ្ជា​របស់លោក​ជា​លើកដំបូង​។​

រូបសំណាក​លោក ប្រុយ​ណូ​

​ ​មាន​កិច្ចសន្ទនា​សរុប​ចំនួន​ប្រាំមួយ ដែល​នៅក្នុង​នោះបាន​និយាយ​ពី​ផែនដីវិទ្យា (​ទ្រឹស្តី​នៃ​សាកល​)​។ នៅក្នុង​កិច្ចសន្ទនា Cena de le Ceneri​សរសេរ​នៅ​ឆ្នាំ​១៥៨៤ គាត់​មិន​ត្រឹមតែ​បានបញ្ជាក់​ពី​ទ្រឹស្តី​នៃ​ផ្ចិត​សកល​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​លើកឡើងថា​សកលលោក​មិនមាន​ដែន​កំណត់ មាន​ផ្ទុក​នូវ​ភព​ជាច្រើន​មិនអាច​រាប់​អស់ ដែល​វា​ស្រដៀង​គ្នា​ទៅនឹង​ប្រព័ន្ធ​សុរិយគតិ​ដែរ​។ នៅក្នុង​កិច្ចសន្ទនា​នោះ គាត់​ក៏បាន​និយាយថា ព្រះគម្ពីរ​គួរតែ​អប់រំ​មនុស្ស​ត្រឹមតែ​រឿង​សីលធម៌​ប៉ុណ្ណោះ ឯ​បញ្ហា​តារាសាស្ត្រ​មិនមាន​ភាពត្រឹមត្រូវ​ឡើយ​។ នៅក្នុង​កិច្ចសន្ទនា​មួយទៀត​ដែលមាន​ចំណងជើង​ថា “​បញ្ហា​ទាក់ទង​នឹង​មូលហេតុ គោលការណ៍ និង​មនុស្ស​” (De la Causa, principio, euno)​គាត់​បាន​បកស្រាយ​ពី​ទ្រឹស្តី​រូបវិទ្យា​ជាច្រើន ដែល​ទាក់ទង​នឹង​សកល​។ នៅក្នុង​កិច្ចសន្យា​ដែលមាន​ចំណងជើង​ថា “​ពិភពលោក និង​សកល​ដែល​មិនមាន​ដែន​កំណត់​” (De l’infinitounivers et mondi) ឆ្នាំ​១៥៨៤​គាត់​បាន​បង្កើត​ទ្រឹស្តី​អំពី​លោកធាតុ​វិទ្យា ដោយ​រិះគន់​ជា​ប្រព័ន្ធ​ទៅលើ​ទ្រឹស្តី​រូបវិទ្យា​របស់លោក​អា​រី​ស្តូ​ត គាត់​បាន​សរសេរ​ពី​ទ្រឹស្តី​ទំនាក់ទំនង​រវាង​ទស្សន​វិទ្យា​និង​សាសនា ហើយ​តាមរយៈ​ទ្រឹស្តី​នោះ សាសនា ត្រូវបាន​គេ​ចាត់ទុកថា ជា​វិធាន​នៃ​ការគ្រប់គ្រង និង​អប់រំ​មនុស្ស​ដែល​មិនសូវមាន​បញ្ញា​។ សាសនា គឺជា​គោលការណ៍​ដ៏​សំខាន់​មួយ​ដែរ សម្រាប់​ជ្រើសរើស​អ្នកដឹកនាំ​។​នៅ​ឆ្នាំ​១៥៨៥ ប្រុយ​ណូ បាន​ត្រឡប់​ទៅ​ប៉ារីស​វិញ​។ ប៉ុន្តែ​ស្តេច​ហែ​ន​រី​ទី​២ បាន​បដិសេធ​ចំពោះ​ទ្រឹស្តី​សាសនា​នៃ​ពួក​ប្រូ​តេស្ត​ង់​។ ដោយ​មិន​ត្រឹមតែ​មិនបាន​សម្រប​ខ្លួន​ជាមួយ​ស្ថានការណ៍​នៅពេលនោះ ប្រុយ​ណូ ថែមទាំង​បាន​ចំអកឡកឡឺយ​ចំពោះ​អ្នកដឹកនាំ​សាសនា​កាតូលិក​លោក ហ្វា​ប្រ៊ី​ហ្សី​យ៉ូ​(FabrizioMordente) ក្នុង​អត្ថបទ​នៃ​កិច្ចសន្ទនា​ចំនួន​បួន ហើយ​នៅក្នុង​ខែឧសភា ឆ្នាំ​១៥៨៦ គាត់​បាន​ចេញមុខ​រិះគន់​អា​រី​ស្តូ​ត​ជា​សាធារណៈ​។ ដោយមាន​ភាព​តានតឹង​ខ្លាំង ប្រុយ​ណូ​ក៏​ចាក​ចេញទៅ​អាល្លឺម៉ង់ ហើយ​នៅ​ទីនោះ​គាត់​ធ្វើ​ពនេចរ​គ្រប់​ទីកន្លែង​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​ដោយបាន​បង្រៀន​និង​បោះពុម្ពផ្សាយ​ទ្រឹស្តី​ជាច្រើន​។ វណ្ណ​កម្ម​ទាំងនោះ​រាប់ទាំង “​អត្ថបទ​ទាំង​មួយរយ​ហុក​” (Ariculi centum et sexaginta) សរសេរ​ឆ្នាំ​១៥៨៨ ដែល​ប្រឆាំង​ទៅនឹង​ពួក​អ្នក​គណិត​វិទូ​និង​ទស្សនវិទូ​នៅក្នុង​សម័យកាល​នោះ​។ គាត់​ក៏បាន​សរសេរ​កំណាព្យ​ជា​ភាសាឡាតាំង​ចំនួន​បី​ដែល​បាន​បកស្រាយ​យ៉ាង​លម្អិត​ពី​ទ្រឹស្តី​របស់គាត់​ជា​ភាសា​អ៊ីតាលី​នោះ និង​បាន​ពន្យល់​ទស្សនៈ​នៃ​គោលការណ៍​អា​តូ​មិច​របស់គាត់​។ គាត់​បាន​ទៅ​ពឹងពាក់​លោក ហ្វ្រែ​ង​ហ្វឺត (Frankfurt)​ក្នុងការ​បោះពុម្ពផ្សាយ​ស្នាដៃ​របស់ខ្លួន ប៉ុន្តែ​នៅ​ទីនោះ​សភា​បាន​ទាត់ចោល​ចំពោះ​ការស្នើសុំ​នោះ​។ ទោះបីជា​យ៉ាងណា គាត់​នៅ​បន្ត​ស្នាក់នៅ​ទីនោះ​និង​បាន​បង្រៀន​ពួក​បណ្ឌិត​ប្រូ​តេស្ត​ង់ ព្រមទាំង​បានទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ថា ជា​វិញ្ញូ​ជន​សេរី (​អ្នកចេះដឹង​) ដែល​មិន​បានទទួល​ឥទ្ធិពល​ពីសា​សនា​។​

​កន្លែង​កាត់ទោស​លោក ប្រុយ​ណូ ត្រូវបាន​គេ​សាងសង់​ជា​វិមាន​សារៈមន្ទីរ​

​ ​នៅ​ឆ្នាំ ១៥៩១ ក្រោម​ការអញ្ជើញ​ពី​លោក ហ្ស​ក​វ៉ា​នី ម៉ូ​សេនី​កូ (Venetian Patrician GiobanniMocenigo) ប្រុយ​ណូ បាន​ត្រឡប់​ទៅ​អ៊ីតាលី​វិញ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​។ ក្នុងនាម​ជា​ភ្ញៀវ គាត់​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាច្រើន​ជាមួយ​ថា្នក់​ដឹកនាំ​ជាន់ខ្ពស់ ដែលមាន​ទំនោរ​ស្រដៀង​គ្នា​ជា​មូ​យ​គាត់​។ សេរីភាព​របស់លោក​ប្រុយ​ណេ​ត្រូវ​បានបញ្ចប់​នៅពេលដែល ម៉ូ​សេនី​កូ បាន​ចោទប្រកាន់ថា ទ្រឹស្តី​របស់លោក​ប្រុយ​ណូ មាន​លក្ខណៈ​ផ្ទុយទៅនឹង​សាសនា​។ ប្រុយ​ណូ​ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស​។ ទោះបីជា​យ៉ាងណា ក្រុម​ស៊ើបអង្កេត​ក្តី​រ៉ូ​ម៉ាំង បានស្នើ​សុំ​ធ្វើ​បត្យាប័ន​នៅ​ខែ មករា ១៥៩៣ ហើយ​ប្រុយ​ណូ​ត្រូវបាន​យកទៅដាក់​ពន្ធ​ធានា​គារ​នៅក្នុង​រាជវាំង​នៃ​ប្រទេស​រ៉ូ​ម៉ាំង (Holy office)​។​

រូបគំនូរ​នៃ​ការកាត់ទោស​លោក ប្រុយ​ណូ ដោយ​ក្រុម​ស៊ើបអង្កេត​រ៉ូ​ម៉ាំង​

​ ​នៅក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​នៃ​ការឃុំខ្លួន​នោះ ប្រុយ​ណូ ដំបូង​ឡើយ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាក់ទង​នឹង​ទ្រឹស្តី​នោះ ហើយ​បាន​អះអាង​ពី​លក្ខណៈ​នៃ​ទ្រឹស្តី​របស់ខ្លួន ប៉ុន្តែ​គេ​បានទាមទារ​ឲ្យ​មានការ​ដកចេញ​នូវ​ទ្រឹស្តី​នោះ​ដោយ​ឥត​លក្ខ​ណ្ឌ័​។ ក្រោយមក​លោក​ប្រុយ​ណូ ឈប់​បដិសេធថា​ទ្រឹស្តី​របស់លោក​មិន​ប៉ះពាល់​នឹង​សាសនា​គ្រី​ស្ត​ទៀត ហើយ​គាត់​នឹងមិន​ដកចេញ​នូវ​ទ្រឹស្តី​របស់ខ្លួន​ឡើយ​។ សម្តេច​សង្ឃ​ប៉ាប​(Pope Clement VIII) នៃ​សាសនា​គ្រឹ​ស្ត បាន​បញ្ជា​ឲ្យ​មានការ​កាត់ទោស​ចំពោះ​ទង្វើ​ប្រឆាំង​សាសនា​ដ៏​រឹងរូស​នោះ​។​នៅ​ថ្ងៃទី​៨ កុម្ភៈ ឆ្នាំ​១៦០០ គេ​បាន​កាត់ទោស​ប្រហារជីវិត​លោក ហើយ​ពេលនោះ​ប្រុយ​ណូ បាន​និយាយ​ទោ​កាន់​អ្នកកាត់ក្តី​ថា “​អ្នកឯង​ប្រហែលជា​រារែក​ក្នុងការ​កាត់​ទៅ​ស​ខ្ញុំ តែ​ខ្ញុំ​មិនដែល​ខ្លាច​ការកាត់ទោស​សូម្បី​បន្តិច​”​។ មួយរយៈ​ក្រោយមក គាត់​ត្រូវបាន​គេ​យកទៅ​កន្លែង​កាត់ទោស កំ​ប៉ូ (Campo de Fiori) ហើយ​ដុត​ទាំង​រស់​។

ទ្រឹស្តី​លោក ប្រុយ​ណូ ដែលមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​យុគសម័យ​វិទ្យាសាស្ត្រ និង​ទស្សន​វិទ្យា​នា​សតវត្ស​ទី​១៧ ត្រូវបាន​ទទួលយក​ដោយ​ទស្សនវិទូ​ទំនើប​តាំងពី​សតវត្ស​ទី​១៨​ទៅ​។ គាត់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​និមិត្តរូប​នៃ​សេរីភាព​ក្នុង​ការគិត ប្រុយ​ណូ បាន​ជម្រុញ​នូវ​ចលនា​បដិវត្ត​សេរី​នា​សតវត្ស​ទី​១៩ ក្នុង​ទ្វីបអឺរ៉ុប​។ ទស្សនវិស័យ​នៃ​ទ្រឹស្តី​លោកធាតុ​វិទ្យា​របស់​ប្រុយ​ណូ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ទ្រឹស្តី​ទាក់ទង​នឹង​សកល​។ ទ្រឹស្តី​ក្រមសីលធម៌​របស់គាត់ ដែល​ផ្ទុយ​ពី​សាសនា​នោះ បាន​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​សកម្មជន និង​អ្នកសិក្សា​ពី​មនុ​សាស្ត្រ​ជំនាន់​ក្រោយ​៕ – See more at: http://library.cen.com.kh/library/read_online_html?token=M2RhYTJhMj#sthash.wAIWYV28.dpuf

Leave a comment