ពាក្យ​អំណាច​ប្រជាជន

នៅទីនេះ​ពាក្យ​អំណាច​ប្រជាជន បាន​បកប្រែ​ចេញពី​ភាសា អង់គ្លេស “People Power” ដែល​និយាយ​សំដៅ​ទៅលើ​មហា​បាតុកម្ម​អហឹ​ង្សា​ដ៏​មាន​ប្រជា​ប្រី​យ​ភាព​មួយ កើតឡើង​នៅ​ប្រទេស​ហ្វីលីពីន​នា​ឆ្នាំ​1986 ពោលគឺ​មិន​និយាយ​ពី​ពាក្យ “​អំណាច​ប្រជាជន​” ក្នុងន័យ​ត្រង់​របស់​វា​នោះទេ​។ ដូច្នេះ អំណាច​ប្រជាជន នៅទីនេះ គឺជា​អសាធារណនាម​មួយ​សំរាប់​ហៅ​ទៅលើ​ទំរង់​នៃ​ការតស៊ូ​ដោយឡែក​របស់​ប្រជាជន​ហ្វីលីពីន​ចំពោះ​មេដឹកនាំ​ប្រទេស​របស់គេ ។​

​មហា​បាតុកម្ម​បាន​ផ្ទុះឡើង​ពីថ្ងៃ​ទី 22 កុម្ភៈ 1986 រហូតដល់​ថ្ងៃទី 26 ខែ​-​ឆ្នាំ​ដដែល នៅលើ​មហាវិថី អេ​ពី​ហ្វា​នី​ញ៉ូ ដឺ ឡូ​ស សាន​តូ​ស ( EDSA- Epifanio de los Santos ) នាទី​ក្រុង​ម៉ានីល ក្បែរ​បន្ទាយ​យោធា​អា​ហ្គី​ណា​ល់​ដូ ( Aguinaldo ) និង​បន្ទាយ​ក្រាម ( Crame ) ។

​ ​បាតុកម្ម​មិន​រាថយ ដែល​កើតឡើង​ក្រោយ​ហេតុការណ៍​នៃ​ការបោះឆ្នោត​ក្លែងបន្លំ​ស្រស់ៗ​នៅ​ហ្វីលីពីន​នាពេលនោះ បាន​ដើរតួនាទី​ជា​ចំណែក​សកម្ម​ផ្តាច់​ព្រ​ត្រ័​មួយ បង្ខំ​ប្រធានាធិបតី​ហ្វែ​ឌី​ណង់ ម៉ារ​កូ​ស (Ferdinand Marcos) ឱ្យ​និរទេស​ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក ហើយ​បាន​នាំ​អ្នកស្រី​កូ​រ៉ា​ហ្សូ​ន អាគី​ណូ​(Corazon Aquino) ចូលមក​កាន់អំណាច​ជា​ប្រធានាធិបតី​។ បាតុកម្ម​ត្រូវបាន​ជំរុញ​ឱ្យ​ឆាប់​កើតឡើង ដោយ​ការ​ងើបឈរ​មួយ​ប្រឆាំងនឹង​ប្រធានាធិបតី ម៉ារ​កូ​ស ដែល​ដឹកនាំ​ដោយ​លោក ចាន ប៉ុង​សេ អង់​រី​ឡេ ( Juan Ponce Enrile ) និង លោក​ហ្វី​ដែល រ៉ា​ម៉ូ​ស (Fidel Ramos)​នាយអគ្គសេនាធិការ​រង​នៃ​កងទ័ព​ហ្វីលីពីន ។​

​នាគ្រា​ដំបូង ជាមួយ​អ្នកគាំទ្រ​ជាង​2០០​នាក់ អ្នកបះបោរ​បាន​បង្ខាំង​ខ្លួនឯង​នៅក្នុង​បន្ទាយ “​ក្រាម​” រង់ចាំ​ការវាយប្រហារ​ដោយ​អាវុធ​មួយ​កើតឡើង​។ នៅក្នុង​ខណៈនោះ មេដឹកនាំ​សាសនា​នៅ ម៉ានីល គឺ​កាឌីណាល់ (​ងារ​ជាន់ខ្ពស់​នៃ​សង្ឃ​កាតូលិក ) ចែម ស៊ីន​(Jaime Sin)​បាន​ផ្សព្វផ្សាយ​តាម រលកធាតុអាកាស​អំពា​វ​នាវ​ឱ្យ​ប្រជាជន​បន់ស្រន់ ហើយ​អង្គុយ​រង់ចាំ​ខាងក្រៅ​បន្ទាយ ។ មានការ​ឆ្លើយតប​ប្រកបដោយ​ភាព​ស្ញប់ស្ញែង​។ ហ្វូងមនុស្ស​ដ៏​ច្រើន​សំបើម​បាន​បង្កើតជា​របង​មនុស្ស​ស្ថិតនៅ​ចន្លោះ​ក្រុម​បះបោរ និង​កងទ័ព​ដែល​ប​ញ្ចូ​ន​មក​ដោយ​លោក​ហ្វា​ប៊ី​យៀន វែ ( Fabien Ver ) ដែលជា​នាយ​អគ្គ​សេនា​កងទ័ព​ហ្វីលីពីន​នាពេលនោះ ។

​ ​កងកំលាំង​សន្តិសុខ​បាន​ស្ទាក់ស្ទើរ​ក្នុង​ការប្រើ​កំលាំង ក្នុងខណៈដែល​ប្រធានាធិបតី​ម៉ារ​កូ​ស​ត្រូវគេ​ភូតកុហក កុំអោយ​ដាក់ចេញ​នូវ​បញ្ជា​ផ្ទុះ​
​អាវុធ បើ​មិន​ដូច្នោះ​ទេ ព្រឹត្តិការណ៍​បង្ហូរឈាម​ណាមួយ​នឹងមិន​ផ្តល់​ភាពអនុគ្រោះ​សំរាប់​គាត់​សុំ​សិទ្ធិ​ភៀសខ្លួន​ទៅកាន់​បរទេស​ឡើយ​។ ការ​ភូតកុហក​ជាងនេះទៅទៀត​នោះ គឺ​ពត៌មាន​ដែលថា កងកំលាំងប្រដាប់អាវុធ​ជាច្រើន ចាប់ផ្តើម​ឈរ​ខាង​អ្នកបះបោរ ដោយ​ទាមទារ​ថា​អ្នកស្រី​អាគី​ណូ​គឺជា អ្នកឈ្នះឆ្នោត​មាន​សិទ្ធិ​ពេញលេញ​ធ្វើជា​ប្រធានាធិបតី ។​

​ ​នៅក្នុង​ព្រឹត្តិការណ៍​នោះ លោក​ប្រធានាធិបតី​ម៉ារ​កូ​ស បាន​ទទួលយក​ការផ្តល់​យោបល់​របស់​ព្រឹទ្ធសមាជិក​អាមេរិក ផូ​ល ឡា​សល ( Paul Laxalt) និយាយ​ក្នុងនាម​ប្រធានាធិបតី​អាមេរិក រ៉ូ​ណា​ល់ រី​ហ្គេ​ន​(Ronald Reagan) ដែលថា ម៉ារ​កូ​ស គួរតែ​រត់​និង​រត់​ដោយ​ស្រឡះ​ស្អាត ហើយ នា​រសៀល​ថ្ងៃទី 25 កុម្ភៈ ម៉ារ​កូ​ស​បានទទួល​ធ្វើតាម​។​

​ ​ប្រសិនបើ​គ្មាន​ជញ្ជាំង​មនុស្ស​ស្ថិតនៅ​កណ្តាល​ទេ ពួក​បះបោរ​នឹងត្រូវ​កំទេច ហើយ​ពេលនោះ​ប្រវត្តិសាស្ត្រ​ហ្វីលីពីន​នឹងត្រូវ​ផ្លាស់ប្តូរ ។​

​បន្ទាប់ពី​ការ​កាន់អំណាច​របស់​អ្នកស្រី​អាគី​ណូ ប្រទេស​ហ្វីលីពីន​បានកើត​មាន “​អំណាច​ប្រជាជន​”​លើក​ទី​2 ដែល​តាមរយៈ​នោះ បាន​បណ្តេញ​លោក​ប្រធានាធិបតី ចូ​សេ​ហ្វ អេ​ស្ត្រា​ដា​( Joseph Estada )​ឱ្យ​ចុះ​ចេញពី​តំណែង​នា​ខែមករា 2០០1 ។​

​អ្នកស្រី​ក្លូ​រី​យ៉ា ម៉ា​កា​ប៉ា​ហ្គា​ល អា​រ៉ូ​យ៉ូ​(Gloria Macapagal Arroyo)​បាន​ឡើងកាន់តំណែង​បន្ត ហើយ​បានឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​6​ឆ្នាំ​របស់​ហ្វីលីពីន​ជា​លើក​ទី​2 នា​ខែមិថុនា 2០០4​។ ពួក​ប្រឆាំង​បាន​ព្យាយាម​ធ្វើឱ្យមាន​“​អំណាច​ប្រជាជន​”​ជាថ្មីទៀត ដើម្បី​បណ្តេញ​អ្នកស្រី អា​រ៉ូ​យ៉ូ ដោយ​ចោទ​ពីបទ​មាន​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​។ ជាមួយនឹង​ការសុំ​ទោស​ចំពោះ​ប្រជាជន​ទាំងមូល អា​រ៉ូ​យ៉ូ​បាន​យកឈ្នះ​លើ​ពួក​ប្រឆាំង ដោយ​រារាំង​បាន​ចេតនា​បង្ខំ​គាត់​អោយ​ចុះ ចេញពី​តំណែង​តាមរយៈ​ការប្រើប្រាស់​ប្រជាជន ។

“​អំណាច​ប្រជាជន​” គឺជា​លក្ខណៈពិសេស​ដោយ​ឡែក​សំរាប់​ប្រទេស​ហ្វីលីពីន ដែល​ត្រូវបាន​គេ​និយាយ​ដល់ និង​មាន​ចលនា​មួយចំនួន​ចម្លង​ពុម្ព​តាម​នោះ​៕​ – See more at: http://library.cen.com.kh/library/read_online_html?token=YmU0ZmQ2Yz#sthash.AK4AXX4t.dpuf

Leave a comment