​ភាពក្រីក្រ​

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​បន្ត​មាន គឺ​ដោយសារ​ការបែងចែក​ធ​ន​ធាន​សំខាន់ៗ​ក្នុងសង្គម សម្រាប់​ការ​ទ្រទ្រង់​ជីវិត មិនត្រូវ​បានធ្វើ​ឡើង​ដោយ​ភាពស្មើគ្នា និង ដោយ​ភាពមិន​សមរម្យ​។ បញ្ហា​នៃ​ការបែងចែក​ធនធាន​ដោយ​ស្មើភាព ឬ​ដោយ​ភាពលម្អៀង​តិចតួច នៅក្នុង​កម្រិត​ណាមួយ​នៃ​សង្គម​នោះ គឺជា​ពុទ្ធិ​មួយ​ដ៏​សំខាន់​នៅក្នុង​ការធានា​យុត្តិធម៌​សង្គម​។ រីឯ​នយោបាយ​នៅ​ក្នុងន័យនេះ ត្រូវបាន​គេ​ចាត់ទុកថា​មាន​នាទី​យ៉ាងសំខាន់ នៅក្នុង​ការបង្កើត​នូវ​សង្គម​មួយ​ដែលមាន​ភាពស្មើគ្នា មាន​សណ្តាប់ធ្នាប់ និង​ស្ថិរភាព ហើយ​ភាពក្រីក្រ​គឺជា​បញ្ហា​មួយ​ដ៏​សំខាន់បំផុត ទាំង​នៅក្នុង​ទ្រឹស្តី និង​ក្នុងការ​អនុវត្ត​។

​ ​ភាពក្រីក្រ​ជាទូទៅ​ត្រូវបាន​គេ​កំណត់​នៅក្នុង​ល​ក្ខ័​ណ្ឌ​ជីវភាព​នៃ​ប្រជាជន ដែល​មិនអាច​បំពេញ​នូវ​តម្រូវ​ការចាំបាច់​ក្នុងការ​រស់នៅ​ទូទៅ និង​ក្នុងការ​បំពេញ​មុខងារ​សង្គម​បាន​។ ប៉ុន្តែ ទោះជា​យ៉ាងណា​វា​មានការ​លំបាក​ក្នុងការ​កំណត់ថា តម្រូវការ​កម្រិតណា​ដែល​ចាត់ទុកថា​ចាំបាច់​នោះ​។

​ ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​ប្រជាជន​មួយ​ភាគ​ធំ កំពុង​រស់នៅក្នុង​ស្ថានភាព​ជីវភាព​ដែល​បានត្រឹមតែ​រស់​យ៉ាង​លំបាក ពោលគឺ​ពួកគេ​ស្ទើរតែ​មិនអាច​រក​អាហារ​ចិញ្ចឹម​ក្រពះ​ប្រចាំថ្ងៃ​បាន ហើយ​ការ​ផ្គត់​ផ្គត់​ផ្នែក​ទី​ជំរក ថ្នាំសង្កូវ និង​ការអប់រំ គឺមាន​ការខ្វះខាត​យ៉ាងខ្លាំង​។ ផ្ទុយទៅវិញ នៅតាម​ប្រទេស​អភិវឌ្ឍន៍​វិញ មាន​ប្រជាជន​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​រស់នៅក្នុង​ស្ថានភាព​ខ្វះខាត ប៉ុន្តែ​ក៏​នៅមាន​ប្រជាជន​ខ្លះ អាច​រស់នៅ​ក្រោម​ខ្សែបន្ទាត់​នៃ​ភាពក្រីក្រ​ផងដែរ​។

​ ​ខ្សែបន្ទាត់​នៃ​ភាពក្រីក្រ អាច​កំណត់​នៅពេលដែល​សមាជិកគ្រួសា​រ មិនមាន​ធនធាន​គ្រប់គ្រាន់ (​គណនា​តាមរយៈ​ប្រាក់ចំណូល​) ក្នុងការ​ចូលរួម​សកម្មភាព​សង្គម និង សកម្មភាព​កំសាន្ត​សប្បាយ​ផ្សេងៗ ដែល​មនុស្ស​នៅក្នុង​សហគមន៍​នោះ​អាច​ទទួលបាន​ជាទូទៅ​។ ជា​ឧទាហរណ៍ ប្រសិនបើ​នៅក្នុង​សហគមន៍​មួយ​សុទ្ធ​តែមាន​ទូរទស្សន៍​ប្រើ​គ្រប់​គ្រួសារ នោះ​គ្រួសារ​ដែល​គ្មាន​លទ្ធភាព​ក្នុង​ការទិញ​ទូរទស្សន៍​ប្រើ នឹងត្រូវ​បានចាត់ទុក​ថា​ជា​គ្រួសារ​ក្រីក្រ​។​

​ ​ ​++​ភាពក្រីក្រ​ដាច់ខាត និង​មិន​ដាច់ខាត​

​ភាពក្រីក្រ​អាចមាន​អត្ថន័យ​ជាច្រើន​ទៅតាម​បរិបទ​ផ្សេងៗ​។ នៅក្នុង​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច ឧស្សាហកម្ម ភាពក្រីក្រ​ជាទូទៅ​ត្រូវបាន​កំណត់ដោយ “​ភាពមិន​ដាច់ខាត​” (relative poverty) ពោលគឺ មនុស្ស​ដែល​ត្រូវបាន​ចាត់ទុកថា​ក្រីក្រ មិនមែន​មានន័យថា​គេ​មិនអាច​បំពេញ​នូវ​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​ជីវិត​បាន​នោះទេ តែ​គឺ​ដោយសារ​គេ​មិនអាច​បំពេញបាន​នូវ​ស្តង់ដារ​អប្បបរមា​នៃ​ជីវភាព​ក្នុង​សហគមន៍​នោះ​។

​ ​ផ្ទុយទៅវិញ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ភាពក្រីក្រ​ច្រើនតែ​ត្រូវបាន​សំដៅលើ​ភាព “​ក្រីក្រ​ដាច់ខាត​” (absolute poverty) ដែល​មានន័យថា ជាល​ក្ខ័​ណ្ឌ​មួយ​ដែល​ប្រជាជន​រស់នៅ​ដោយ​ខ្វះខាត​ធនធាន​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត​ប្រចាំថ្ងៃ​។ ជាគោលការណ៍ ភាពក្រីក្រ​ដាច់ខាត អាច​នឹងត្រូវ​លប់បំបាត់​បាន នៅពេលដែល​ប្រជាជនមាន​ជីវភាព​ប្រសើរឡើង រីឯ​ភាពក្រីក្រ​មិន​ដាច់ខាត​វិញ នឹង​នៅតែ​បន្ត​វត្តមាន ដរាបណា​ការបែងចែក​ធនធាន​នៅក្នុង​សង្គម​នៅតែមាន​វិសមភាព​។ ដូច្នេះហើយ ភាពក្រីក្រ គឺ​មិន​ត្រឹមតែ​ជា​បញ្ហា​នៃ​ប្រទេសជាតិ​មួយ​ឡើយ តែ​វា​ជា​បញ្ហា​សកល ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកបដោយ​ភាពស្មុគស្មាញ​ខ្លាំង​។

​ ​ ​++​ទស្សនៈ​អ្នក​សង្គមនិយម និង​សេរីនិយម

​ ​សម្រាប់​ទស្សនៈ​សង្គមនិយម ភាពក្រីក្រ​គឺជា​រឿង​មួយ​ធ្ងន់ធ្ងរ និង​មិនអាច​អត់ទ្រាំ​បាន​។ វា​ជា​ការពិត ថា​មិនទាន់មាន​សង្គម​ណាមួយ​នៅក្នុង​ពិភពលោក អាច​លុបបំបាត់​ទាំងស្រុង​នូវ​ភាពក្រីក្រ​បានឡើយ បើទោះបីជា​ក្រុម​អ្នក​សង្គមនិយម​តែងតែ​រិះគន់​ចំពោះ​បញ្ហា​នេះ ហើយ​តែងតាំង​ខ្លួន​ថា​អាច​លុបបំបាត់​ភាពក្រីក្រ ទាំង​ដែល​គេ​មិនដែល​ឃើញថា​ក្រុម​នោះ​អាច​ធ្វើបាន​ម្តងណា​ឡើយ​។ តាម​ការវិភាគ​របស់​ម៉ាក្ស (Max) ភាពក្រីក្រ​គឺជា​លក្ខណៈ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​ដោយ​មូលធននិយម និង​ជា​លទ្ធផល​ចេញពី​ការគ្រប់គ្រង​តាម​របប​នោះ​។ ការពង្រីក​ផលចំណេញ​ដោយ​ខាន​តែ​បាន របស់​ពួក​មូលធននិយម ជម្រុញ​ឲ្យ​មានការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម តាមរយៈ​ការកាត់បន្ថយ​ប្រាក់ខែ​កម្មករ ការកាត់បន្ថយ​សេវា​សុខភាព និង​ការបង្កើន​ម៉ោង​ធ្វើ​ការងារ​ជាដើម​។ និយាយ​តាមបែប​ម្យ៉ាងទៀត ការ​ជម្រុញ​អាជីវកម្ម ក្នុងទិសដៅ​បង្កើត​ទ្រព្យសម្បត្តិ​ឯកជន ជាគោលការណ៍​ដែល​លើកទឹកចិត្ត ឲ្យ​មានការ​បង្កើន​គំលាត និង​វិសមភាព​នៅក្នុង​សង្គម (​ភាពក្រីក្រ​មិន​ដាច់ខាត​)​។ ដូច្នេះហើយ​ការងារ​របស់​អ្នក​សង្គមនិយម គឺ​ត្រូវ​ដោះស្រាយ​នូវ​វិសមភាព​នៃ​មូលធននិយម​នោះ ដោយ​អនុវត្តតាម​ពាក្យ​ប្រដៅ​របស់ ម៉ាក្ស ថា “​ផ្តល់​ឲ្យ​តាម​សេចក្តីត្រូវការ​ចាំបាច់​” ដើម្បី​ទុក​ធនធាន​នោះ​បែងចែក​ឲ្យ​បាន​ស្មើគ្នា​ទាំង​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។

​ ​ទស្សនៈ​របស់​អ្នក​សេរីនិយម​បែប​បូរាណ ក៏​ចាត់ទុកថា​ភាពក្រីក្រ​មាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ​ដែរ ប៉ុន្តែ​ការយល់ឃើញ​របស់​ពួក​នោះ​មាន​លក្ខណៈ​មិន​ដូចគ្នា​នឹង​ទស្សនៈ​សង្គមនិយម​ឡើយ​។ ពួកគេ​ជឿថា​ការបែងចែក​ធនធាន​នៅក្នុង​រដ្ឋ​មួយ នឹងមាន​លក្ខណៈ​ល្អប្រសើរ​តាមរយៈ​ប្រព័ន្ធ​នៃ​ទីផ្សា​។ នៅក្នុង​ប្រព័ន្ធ​ទីផ្សា​សេរី បុគ្គល​ឯកជន​ប្រជែង​គ្នា​ក្នុងការ​ស្វែងរក​ធនធាន​របស់ខ្លួន ដែល​នឹង​បង្កើន​នូវ​កំណើនសេដ្ឋកិច្ច​បាន​ល្អជា​ប្រព័ន្ធ​ផ្សេងៗ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​វា​ពុំ​អាច​ទទួលបាន​ស្មើៗ​គ្នា​ដែរ ព្រោះ​នៅក្នុង​ទីផ្សា​សេរី​តែងមាន​អ្នក​ជោគជ័យ និង​អ្នក​បរាជ័យ​ជានិច្ច​។ ហើយ​ចំនុច​នោះ​ហើយ​គឺជា​សក្កា​នុព​ល​សំខាន់​នៃ​ប្រព័ន្ធ​នោះ​។ ការទទួលបាន​ទ្រព្យសម្បត្តិ​ច្រើន​សម្រាប់​បុគ្គល​ឯកជន ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ឆ្លាត​វៃ និង​សមត្ថភាព​របស់​បុគ្គល​នោះ ហើយ​វា​ប្រៀបដូចជា​រង្វាន់​នៃ​ការលើកទឹកចិត្ត​នៅក្នុង​គំនិត​ឆ្នៃប្រឌិត និង​ជោគជ័យ​នៃ​អាជីវកម្ម​។ ម្យ៉ាងវិញទៀត នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សា​សេរី ជម្រុញ​ឲ្យ​ប្រជាជន​ខ្លាច និង​ស្អប់​ភាពក្រីក្រ ដែលជា​ការណ៍​មួយ​ធ្វើ​ឲ្យ​ប្រជាជន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​ជីវភាព​របស់ខ្លួន​នៅក្នុង​សង្គម ក៏ដូចជា​កសាង​អំណាច​សេដ្ឋកិច្ច​នៃ​សង្គម​នោះដែរ​។ បើ​យោងតាម​ការវិភាគ​នេះ យើង​ឃើញថា​វិធាន​ការដែល​អ្នក​សង្គម​និយម​ប្រើ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការបែងចែក​កម្រិត​ពន្ធ​ដា​ទៅតាម​ជីវភាព​ប្រជាជន​ម្នាក់ និង​ការបង្កើន​កម្មវិធី​សុខុមាលភាព​នោះ ទំនងជា​មាន​ផល​អវិជ្ជមាន​ទៅវិញ​សម្រាប់​ប្រព័ន្ធ​ទីផ្សា និង​មិនបាន​លើកទឹកចិត្ត​ឲ្យ​ប្រជាជនមាន​ភាពរឹងមាំ​ឡើយ​។​

​ ​ ​++​គំលាត​រវាង​អ្នកមាន​និង​អ្នកក្រ

​ ​គំលាត​ដ៏​ឆ្ងាយ​រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ​នៃ​បណ្តា​ប្រទេស​ក្នុង​សកលលោក​នាពេល​បច្ចុប្បន្ន បានបង្ហាញ​ឲ្យ​ឃើញ​ការធ្លាក់ចុះ​នៃ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​។ គេ​បាន​ប៉ាន់ប្រមាណ​ថា​មាន​មនុស្ស​ប្រមាណ​ជា​៨០​ភាគរយ​កំពុង​រស់នៅ​ដោយ​ប្រាក់ចំណូល​ទាប​ជាង​ដប់​ដុល្លា​ក្នុង​មួយថ្ងៃ​។ ប្រជា​ជាន​ដែល​ក្រីក្រ​ប្រមាណ​ជាង​៤០​ភាគរយ​នៃ​ប្រជាជន​សរុប មាន​ប្រាក់ចំណូល​ស្មើ​ត្រឹមតែ ៥ ភាគរយ​នៃ​ប្រាក់ចំណូល​ពិភពលោក ឯ​ប្រជាជន​អ្នកមាន​ប្រមាណ​ជា​៥​ភាគរយ​កាន់កាប់​ប្រាក់ចំណូល​ពិភពលោក​ជាង ៧៥ ភាគរយ​។ កុមារ​ប្រមាណ​ជា​ពីរពាន់​លាន​នាក់​ដែល​រស់នៅក្នុង​ប្រទេស​កំ​ពុង​អភិវឌ្ឍន៍ ក្នុងនោះ​មួយ​ភាគបី​កំពុង​ប្រឈម​នឹង​កង្វះខាត​ទីជម្រក ហើយ​មួយ​ភាគ​ប្រាំមួយ​មិនមាន​ទឹកស្អាត​ប្រើប្រាស់ និង​មួយ​ភាគ​ប្រាំពីរ​មិនមាន​សេវា​សុខភាព​ទៅដល់​។ លើសពីនេះ​ទៀត ជា​រៀងរាល់់ឆ្នាំ កុមារ​អាយុ​តិចជាង​ប្រាំ​ឆ្នាំ​ប្រមាណ​ដប់​លាន​នាក់​ស្លាប់ ដោយសារ​កង្វះ​អាហារូបត្ថម្ភ និង​ជម្ងឺ​ដែល​អាច​ការពារ​បាន​។ ភាពក្រីក្រ​ទាំងនោះ ជាការ​គំរាមកំហែង​ដ៏​ធំ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស និង​ស្ថិរភាព​នយោបាយ​ពិភពលោក​។​

​ ​ចាប់តាំងពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ជាច្រើន បានផ្តល់​ប្រាក់​ជំនួយ​បរទេស​ជាច្រើន ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ធានា​ស្ថិរភាព​នយោបាយ​។ សកម្មភាព​មនុស្សធម៌​ជាច្រើន​ត្រូវបាន​បង្កើតឡើង ដើម្បី​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ដោយ​មនុស្ស និង​ដោយ​ធម្មជាតិ រួមទាំង​គ្រោះ​ទុរភិក្ស សង្គ្រាម និង​ប្រល័យពូជសាសន៍​ជាដើម​។ គម្រោង​ចាក់​ថ្នាំ​បង្ការ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ការផ្តល់​ទឹកស្អាត​ប្រើប្រាស់ និង​បង្កើន​អនាម័យ បាន​ជួយ​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​ជម្ងឺ និង​បង្កើន​អត្រា​សង្ឃឹម​រស់នៅក្នុង​តំបន់​ជាច្រើន​។ ទោះបីជា​យ៉ាងណា គេ​សង្កេតឃើញថា គំលាត​ជីវភាព​រវាង​អ្នកមាន និង​អ្នកក្រ​នៅក្នុង​ប្រទេស និង​រវាង​ប្រទេស​និង​ប្រទេស កាន់​តែមាន​កម្រិត​ខ្ពស់​ទៅៗ​។ រីឯ​នយោបាយ​នៅ​ក្នុ​ប្រទេស​ឧស្សាហកម្ម​កាន់តែ​មាន​ភា​ព​ខ្សោយ​ទៅៗ ក្នុងការ​ចាត់វិធានកា​រដោះ​ស្រាយ​បន្ទាន់​នោះ ដែលជា​រឿង​គួ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ស្ថិរភាព​នយោបាយ​ពិភពលោក​នាពេល​អនាគត​៕T – See more at: http://library.cen.com.kh/library/read_online_html?token=NjVhN2M4OT#sthash.hakCME80.dpuf

Leave a comment