អាន់​ឌ្រៀ​ស វែ​សាលី​ស

​ឯកសារយោង​នានា​ទាក់ទង​នឹង​កាយវិភាគវិទ្យា​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​គ្រូពេទ្យ​នៅ​កំឡុង​ឆ្នាំ​១៥០០ សុទ្ធសឹង​ពឹងផ្អែក​លើ​ការសិក្សា​ពី​សរីរៈ​របស់​សត្វ​និង​រឿងព្រេង​ប៉ុណ្ណោះ​។ លោក អាន់​ឌ្រៀ​ស វែ​សាលី​ស (Andreas Vesalius) ជា​មនុស្ស​ដំបូង​គេ​ដែល​បានស្នើ​ឲ្យ​មានការ​វះកាត់​សាកសព ព្រមទាំង​បាន​សិក្សា​ពិសោធន៍​ពី​សរីរៈវិទ្យា​ពិតប្រាកដ​និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​។ ឆ្លងតាម​ការសិក្សា​ពិសោធន៍ គាត់​បាន​សរសេរ​សៀវភៅ​ដំបូង​គេ​អំពី​សរីរាង្គកាយ​មនុស្ស និង​ច​លន​ការ​នៃ​សរីរៈ​ប្រកបដោយ​សុ​ក្រិត​ភាព​និង​អាច​ជឿជាក់​បាន​។​

​ ​ស្នាដៃ​របស់លោក វែ​សាលី​ស​(Vesalius) បានធ្វើ​បដិវត្តន៍​ទៅលើ​វិទ្យាសាស្ត្រ​កាយវិភាគវិទ្យា ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​កំឡុង​ទស្សវត្ស​ឆ្នាំ​១៥០០ ដោយ​ពួក​អ្នកប្រាជ្ញ​ក្រិច​ដូចជា លោក​ហ្កា​លែ​ន (Galen) ជាដើម ហើយ​វា​គឺជា​ការចាប់ផ្តើម​នូវ​របត់​ថ្មី​មួយ​នៅក្នុង វិស័យ​វេជ្ជសាស្ត្រ​។​

​ ​លោក អាន់​ឌ្រៀ​ស វែ​សាលី​ស បានកើត​នៅ​ឆ្នាំ ១៥១៥ ដែលមាន​ឳ​ពុក​ជា​វេជ្ជបណ្ឌិត នៅក្នុង​រាជវាំង​។ ឳ​ពុក​របស់លោក​បាន​ប្រមែប្រមូល​សៀវភៅ​វេជ្ជសាស្ត្រ​ជាច្រើន និង​បាន បង្កើត​បណ្ណាល័យ​មួយ​។ កុមារា វែ​សាលី​ស បាន​សិក្សា​យ៉ាង​ល្អិត​គ្រប់​ភាគ​នីមួយៗ​នៃ សៀវភៅ​ទាំងអស់នោះ ហើយ​គាត់​បាន​ចាប់អារម្មណ៍​ជាខ្លាំង​ជាមួយនឹង​ច​លន​ការ​សរីរៈ​របស់ ភាវៈរស់​។ គាត់​បាន​ព្យាយាម​ធ្វើការ​វះកាត់​សិក្សា​ទៅលើ​សត្វល្អិត​តូចៗ​។​

លោក អាន់ឌ្រៀស វែសាលីស (១៥១៤ ដល់ ១៥៦៤)

​ ​នៅក្នុង​អាយុ​១៨​ឆ្នាំ វែ​សាលី​សបាន​ធ្វើដំណើ​ទៅ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទីក្រុង​ប៉ារីស​។ ពេលនោះ​ការពិសោធន៍​ដោយ​វះកាត់​លើ​សរីរាង្គ​សត្វ និង​មនុស្ស​មិនទាន់​ត្រូវបាន​គេ​អនុញ្ញាតិ​ទូលំទូលាយ​នៅឡើយ​ទេ​។ មុខវិជ្ជា​កាយវិភាគវិទ្យា ត្រូវបាន​គេ​បង្រៀន​តាម​ឯកសារ និង​គំនូរ​ដែល​បកប្រែ​ពី​ភាសា​ក្រិច​របស់លោក​វេជ្ជបណ្ឌិត​ហ្កា​លែ​ន ដែល​បាន​សរសេរ​ឡើង​នៅ​ឆ្នាំ​៥០​មុន​គ​.​ស​.​។

​ ​លោក វែ​សាលី​ស ត្រូវបាន​គេ​ស្គាល់​ថា​ជា​សិស្ស​ឆ្នើម​ម្នាក់ ប៉ុន្តែ​មាន​ច​រិ​ក​ព្រហើន និង​ចូលចិត្ត​វែកញែក​រកហេតុ​ផល​។ នៅក្នុងពេល​ចូល​វះកាត់​សាកសព​លើក​ទី​ពីរ វែ​សាលី​ស បាន​កញ្ឆក់​យក​កាំបិត​ពី​គ្រូ​របស់ខ្លួន ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ក្នុងការ​ការវះកាត់​សរីរាង្គ និង ចំណេះដឹង​អំពី​កាយវិភាគវិទ្យា​មនុស្ស ដែល​បានធ្វើ​ឲ្យ​និស្សិត​ឯទៀត​មានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង​។

​ ​នៅក្នុងនាម​ជា​និស្សិត​ពេទ្យ និង​ជា​ប្រធាន​ថ្នាក់​ផង វែ​សាលី​ស បាន​បញ្ចុះបញ្ចូល មិត្ត​ភ​ក្កិ​របស់ខ្លួន​ឲ្យ​ទាមទា​នូវ​ការបង្កើត​មន្ទីរ​តម្កល់​សាកសព និង​ឆ្អឹង​មនុស្ស​នៅក្នុង​ទីក្រុង ប៉ារីស​សម្រាប់​ឲ្យ​និស្សិត​ពេទ្យ​ធ្វើការ​វះកាត់​សិក្សា​។​វែ​សាលី​សបាន​ព្យាយាម​ពុះពារ​ចូល​យក សាកសព​ពី​កន្លែង​ដែល​គេ​កាត់ទោស​សម្លាប់​អ្នកទោស ដោយ​ឆ្លងកាត់​ឆ្កែ​កាចៗ និង​ក្លិនស្អុយ រលួយ​នៃ​សាកសព ក្នុង​គោលបំណង​ដើម្បី​បាន​សិក្សា​លើ​សរីរាង្គ​ស្រស់ៗ​។​

​ ​នៅ​ឆ្នាំ​១៥៣៧ លោ​កវែ​សាលី​ស បានបញ្ចប់​ការសិក្សា និង​បាន​ផ្លាស់​ទៅ​សាកលវិទ្យាល័យ ប៉ា​ឌូ (Padua) ក្នុងប្រទេស​អ៊ីតាលី ដែល​នៅ​ទីនោះ​គាត់​បានចាប់ផ្តើម​ការបង្រៀន​ជាច្រើន ដោយ​ផ្នែក​នីមួយៗ​ផ្តោត​សំខាន់​លើ​ការវះកាត់ និង​ពិសោធន៍​ជាលិកា​ពិតៗ​។ មាន​និស្សិត និង​សាស្ត្រាចារ្យ​កកកុញ​ចូលរួម​នៅក្នុង​ការបង្រៀន​របស់​គាត់​។ ពួកគេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ជំនាញ​វះកាត់​របស់គាត់ និង​ការរកឃើញ​ថ្មីៗ​ពី​ការវះកាត់​ទាំងនោះ ដូច​ជាស​សៃ​ឈាមក្រហម សាច់ដុំ ស​សៃ​ប្រសាទ ស​សៃ​ឈាមខ្មៅ ព្រមទាំង​រចនាសម្ព័ន្ធ​នៃ​ខួរក្បាល មនុស្ស​។

​ ​ការបង្រៀន​របស់គាត់​ឈានដល់​កំពូល​នៅ​ឆ្នាំ ១៥៤០ ដែល​គាត់​ចាប់ផ្តើម​បង្រៀន​នៅក្នុង​សហសា​ល​បូ​ឡូញ (Bologna) ដែលមាន​អ្នកចូលរួម​ណែនណាន់តាន់តាប់​។ ដូច​និស្សិត​ពេទ្យ​ឯទៀត​ដែរ វែ​សាលី​ស ត្រូវបាន​គេ​បង្រៀន​ឲ្យ​ជឿ​តាម​ឯកសារ​របស់​ហ្កា​លែ​ន ប៉ុន្តែ​វែ​សាលី​ស​នៅតែមាន​មន្ទិលសង្ស័យ​រហូត ដោយហេតុថា​រាល់​ការវះកាត់​សាកសព សុទ្ធតែ​បានបង្ហាញ​ពី​លទ្ធផល​ខុសប្លែក​យ៉ាងច្រើន​ពីអ្វី​ដែល​ហ្កា​លែ​ន​បាន​ពណ៌នា​។

​ ​នៅក្នុង​ការបង្រៀន​លើកដំបូង​របស់គាត់ វែ​សាលី​ស បាន​លើក​ភស្តុតាង​របស់គាត់ បកអាក្រាត​ពី​ភាពមិន​ត្រឹមត្រូវ​របស់​ហ្កា​ហ្លែ​ន ហើយ​គាត់​បាន​បញ្ជាក់ថា​រាល់​ការ​ពិពណ៌នា​របស់​ហ្កា​លែ​ន​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ឆ្អឹង​ទូទៅ ថត​នៃ​បេះដូង និង​ឆ្អឹង​ដើមទ្រូង​ក្តី មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ស្វា​ជាជាង​មនុស្ស​។ នៅក្នុង​ការបង្រៀន​នោះ វែ​សាលី​ស បានបង្ហាញ​នូវ​ចំណុច​ខុសគ្នា​ជាង​២០០​ចំណុច ដែល​មិន​ដូច​ការ​ពិពណ៌នា​របស់​ហ្កា​លែ​ន​។ ជា​ច្រើនដង​ក្រោយមក វែ​សាលី​ស បាន​អះអាងថា​អ្វីដែល​វេជ្ជបណ្ឌិត​វះកាត់​នៅ​អឺរ៉ុប​កំពុង​អនុវត្តតាម​នោះ គឺ​ពឹង​ផ្អែកទៅលើ​រចនាសម្ព័ន្ធ​នៃ​ស្វា ឆ្កែ និង​ចៀម ជាជាង​រចនាសម្ព័ន្ធ​សរីរាង្គកាយ​ពិត​របស់​មនុស្ស ហើយ​ជា​លទ្ធផល​គឺថា​គ្រប់​អត្ថបទ​ដែល​ពួក​គ្រូពេទ្យ​ទាំងអស់​នោះបាន​សរសេរ​សុទ្ធតែ​មិន​ត្រឹមត្រូវ​ឡើយ​។

​ ​វែ​សាលី​ស បានធ្វើ​ឲ្យ​សហគមន៍​វេជ្ជសាស្ត្រ​នៅ​តំបន់​នោះ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ក្រោយមក​គាត់​បាន​បាត់​ខ្លួន​ជាង​បី​ឆ្នាំ ដើម្បី​រៀបចំ​សៀវភៅ​កាយវិភាគវិទ្យា​លម្អិត​របស់ខ្លួន​។ គាត់​បាន​ជួល​វិចិត្រករ​ចំណានៗ ជួយ​គាត់​ក្នុងការ​គូសវាស​អ្វីដែល​គាត់​បាន​វះកាត់ ដូចជា ស​សៃ​ឈាម ស​សៃ​ប្រសាទ ឆ្អឹង សរីរាង្គ សាច់ដុំ ស​សៃ​សាច់ដុំ (Tendons) និង​ខួ​ក្បាល​។

​ ​វែ​សាលី​ស បាន​បង្ហើយ​សៀវភៅ​កាយវិភាគវិទ្យា​ដ៏​មានតម្លៃ​របស់គាត់​នៅ​ឆ្នាំ​១៥៤៣​។ វែ​សាលី​ស ខឹងក្រេវក្រោធ​ជាខ្លាំង​នៅពេលដែល​ក្រុមគ្រូពេទ្យ​ចាស់គំរិល​ដែល​ធ្លាប់​ទទួល​ការអប់រំ​ពី​ហ្កា​លែ​ន មានប្រតិកម្ម និង​មន្ទិលសង្ស័យ​ចំពោះ​ស្នាដៃ​ដែល​គាត់​បាន​សរសេរ​នោះ​។ វែ​សាលី​ស បាន​ប្រមូល​កំណត់ត្រា​របស់គាត់​ដុតចោល និង​បាន​ស្បថ​ថា​នឹងមិន​ធ្វើការ​វះកាត់​ទៀតឡើយ​។

​ ​ប៉ុន្តែ​ជា​សំណាងល្អ ឯកសារ​ដែល​បាន​បោះផ្សាយ​របស់គាត់​នៅមាន​សេសសល់​មកដល់​សព្វថ្ងៃ​ហើយ​វា​បាន​ក្លាយជា​ឯកសារយោង​គំរូ នៅ​ជាង​៣០០​ឆ្នាំ​ក្រោយមក​៕T
​ – See more at: http://library.cen.com.kh/library/read_online_html?token=ZTU1OTU2Yj#sthash.hpOUUbJD.dpuf

Leave a comment