អាដុលហ្វ៍ ហ៊ីត្លែរ

អាដុលហ្វ៍ ហ៊ីត្លែរ និងការបង្កើតគណបក្សណាស៊ីនៅអាល្លឺម៉ង់
ហ៊ីត្លែរ រួមជាមួយនឹងសមាជិកគណបក្សណាហ្ស៊ី នៅឆ្នាំ១៩៣០
នៅមុនសង្រ្គាមលោកលើកទី២ ជាពិសេស គឺការបង្កើតគណបក្សណាហ្ស៊ី អាល្លឺម៉ង់ ដោយហ៊ីត្លែរ នៅក្រោយសង្រ្គាមលោកលើកទី១។
អាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler) មានដើមកំណើតនៅក្នុងប្រទេសអូទ្រីស ប៉ុន្តែ បានមករស់នៅក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ តាំងពីអាយុ ២៤ឆ្នាំ។ នៅឆ្នាំ១៩១៤ នៅពេលដែលសង្រ្គាមលោកលើកទី១ចាប់ផ្ទុះឡើង ហ៊ីត្លែរ ដែលមានសញ្ជាតិអូទ្រីស បានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពអាល្លឺម៉ង់ ដោយមានតួនាទីជាអ្នកនាំសារ រវាងទីបញ្ជាការដ្ឋាន និងសមរភូមិមុខ។ ក៏ប៉ុន្តែ ហ៊ីត្លែរបានចំណាយពេលនៅបញ្ជាការដ្ឋាន និងនៅក្នុងមន្ទីរពេទ្យច្រើនជាងនៅសមរភូមិមុខ។
គឺនៅក្នុងពេលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ដែលហ៊ីត្លែរទទួលដំណឹង អំពីបរាជ័យរបស់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី១ នៅខែវិច្ឆិកា ឆ្នាំ១៩១៨។ ដំណឹងដែលធ្វើឲ្យហ៊ីត្លែរមានការភ្ញាក់ផ្អើលផង រន្ធត់ចិត្តផង និងពោរពេញដោយភ្លើងកំហឹងផង ពីព្រោះ ហ៊ីត្លែរជឿថា បរាជ័យរបស់អាល្លឺម៉ង់ គឺជាបរាជ័យនយោបាយ មិនមែនជាបរាជ័យខាងយោធានោះទេ។

ហ៊ីត្លែរ ក៏ដូចជាអ្នកជាតិនិយមអាល្លឺម៉ង់ផ្សេងទៀតដែរ ប្រកាន់នូវជំនឿមួយថា ទាហានអាល្លឺម៉ង់នៅលើសមរភូមិមិនចាញ់ប្រៀបគូសត្រូវនោះទេ ក៏ប៉ុន្តែ មេដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់បែរជាបានប្រកាសចុះចាញ់សង្រ្គាមទៅវិញ ដែលជាហេតុធ្វើឲ្យប្រជាជាតិអាល្លឺម៉ង់ទាំងមូលត្រូវទទួលរងនូវភាព អាម៉ាស់ ព្រមទាំងត្រូវគូសត្រូវសង្កត់ ក តាមរយៈការដាក់លក្ខខណ្ឌយ៉ាងធ្ងន់ធ្ងរ និងដោយអយុត្តិធម៌ នៅក្នុងពេលចុះសន្ធិសញ្ញាសន្តិភាពនៅ Versailles នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៩។ កំហឹង និងភាពអាម៉ាស់នេះហើយ ដែលត្រូវបានហ៊ីត្លែរ យកមកធ្វើជាឧបករណ៍នយោបាយ ដើម្បីឡើងកាន់អំណាច នៅប៉ុន្មានឆ្នាំក្រោយមកទៀត។

នៅក្រោយសង្រ្គាមលោកលើកទី១ ហ៊ីត្លែរ ដែលមិនមែនជាអ្នកទទួលបានការរៀនសូត្រជ្រៅជ្រះនោះ បានបន្តការងារក្នុងជួរកងទ័ពអាល្លឺម៉ង់តទៅទៀត ដោយត្រូវបានគេចាត់ឲ្យតាមឃ្លាំមើលសកម្មភាពរបស់សមាជិកគណបក្សពលករ អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅក្នុងពេលកំពុងឃ្លាំមើលសកម្មភាពរបស់គណបក្សនេះ ហ៊ីត្លែរក៏ស្រាប់តែចាប់ផ្តើមជាប់ចិត្តនឹងគោលនយោបាយបែបជាតិនិយម របស់ពួកគេ ហើយក៏បានចូលជាសមាជិកគណបក្សពលករអាល្លឺម៉ង់ នៅចុងឆ្នាំ១៩១៩។

ហ៊ីត្លែរ កាលពីពេលនៅជាទាហានក្នុងសង្រ្គាមលោកលើកទី១

បន្តិចម្តងៗ ហ៊ីត្លែរបានចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះនៅក្នុងបក្ស តាមរយៈទេពកោសល្យក្នុងការថ្លែងការណ៍ជាសាធារណៈ ជាពិសេស ការថ្លែងរិះគន់សន្ធិសញ្ញាក្រុង Versailles និងរិះគន់អ្នកនយោបាយបដិបក្ខ ព្រមទាំងជនជាតិជ្វីហ្វ ដែលហ៊ីត្លែរចោទថាជាដើមឫសនៃបញ្ហានៅអាល្លឺម៉ង់។

នៅខែកក្កដា ឆ្នាំ១៩២១ ត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ក្រោយពីបានចូលជាសមាជិកគណបក្សពលករអាល្លឹម៉ង់ ហ៊ីត្លែរក៏ស្រាប់តែត្រូវបានគេតែងតាំងជាប្រធានបក្ស ដែលហ៊ីត្លែរបានប្តូរឈ្មោះទៅជា “គណបក្សសង្គមជាតិនិយម” ហើយដែលត្រូវបានគេស្គាល់ជាទូទៅថា “គណបក្សណាហ្ស៊ី”។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៣ ហ៊ីត្លែរបានរៀបចំចលនាបះបោរមួយឡើង នៅក្នុងទីក្រុងមុយនិច ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលអាល្លឺម៉ង់។ ក៏ប៉ុន្តែ ចលនាបះបោរនេះត្រូវទទួលបរាជ័យ។ គណបក្សណាហ្ស៊ីត្រូវបានអាជ្ញាធរហាមឃាត់លែងឲ្យធ្វើសកម្មភាព ចំណែកហ៊ីត្លែរវិញត្រូវបានអាជ្ញាធរចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារ ៥ឆ្នាំ ពីបទក្បត់ជាតិ។ ប៉ុន្តែ ហ៊ីត្លែរជាប់ក្នុងពន្ធនាគារតែជាង១ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបានតុលាការកំពូលអាល្លឺម៉ង់សម្រេចលើកលែងទោសមកវិញ។

ក្រោយពីត្រូវបានដោះលែងចេញពីពន្ធនាគារមកវិញ នៅចុងឆ្នាំ១៩២៤ ហ៊ីត្លែរបានស្នើទៅអាជ្ញាធរអាល្លឺម៉ង់ ដើម្បីសុំបើកគណបក្សណាហ្ស៊ីឡើងវិញ ដោយសន្យាថានឹងគោរពស្ថាប័នរដ្ឋ ហើយថា គណបក្សណាហ្ស៊ីនឹងធ្វើរាល់សកម្មភាពតស៊ូរបស់ខ្លួនដោយសន្តិវិធី នៅក្នុងតែក្របខណ្ឌនៃដំណើរការប្រជាធិបតេយ្យតែប៉ុណ្ណោះ។

រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមឲ្យគណបក្សណាហ្ស៊ីបើកធ្វើសកម្មភាព នយោបាយឡើងវិញ តែបានដាក់បម្រាមមិនឲ្យហ៊ីត្លែរចេញមុខធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈណាមួយនោះទេ។

ក៏ប៉ុន្ត បើទោះបីជាត្រូវអាជ្ញាធរហាមឃាត់មិនឲ្យធ្វើសេចក្តីថ្លែងការណ៍ជា សាធារណៈក៏ដោយ ហ៊ីត្លែរនៅតែអាចធ្វើការផ្សព្វផ្សាយគំនិតនយោបាយរបស់ខ្លួន យ៉ាងទូលំទូលាយបានដែរ ជាពិសេស តាមរយៈការចេញផ្សាយសៀវភៅមួយ ដែលមានចំណងជើងជាភាសាអាល្លឺម៉ង់ថា “Mein Kampf” (ជាភាសាខ្មែរ “ការតស៊ូរបស់ខ្ញុំ”)។ សៀវភៅ ដែលហ៊ីត្លែរសរសេរ នៅក្នុងពេលកំពុងជាប់ក្នុងពន្ធនាគារ ហើយដែលត្រូវបានបោះពុម្ពផ្សាយរាប់លានក្បាល មុននឹងត្រូវក្លាយជាសៀវភៅគោលនៃនយោបាយរបស់របបណាហ្ស៊ីអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់ហ៊ីត្លែរ (ឆ្នាំ១៩៣៣-ឆ្នាំ១៩៤៥)។

នៅក្នុងសៀវភៅនេះ ហ៊ីត្លែរបានសរសេររៀបរាប់អំពីប្រវត្តិផ្ទាល់ខ្លួនផង និងអំពីមនោគមន៍វិជ្ជានយោបាយ ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រជាជាតិអាល្លឺម៉ង់ផង។ យោងតាមគោលគំនិតរបស់ហ៊ីត្លែរ ប្រជាជាតិអាល្លឺម៉ង់ត្រូវតែបង្កើតឡើងដោយឈរលើមូលដ្ឋានជាតិសាសន៍ ជាធំ។

ការបង្កើតប្រជាជាតិអាល្លឺម៉ង់ដោយឈរលើមូលដ្ឋានជាតិសាសន៍ ទៅតាមគំនិតរបស់ហ៊ីត្លែរនេះ មានន័យពីរយ៉ាង។ ទីមួយ មានន័យថា ប្រជាជាតិអាល្លឺម៉ង់ គឺទុកសម្រាប់តែជាតិសាសន៍អាល្លឺម៉ង់តែប៉ុណ្ណោះ ចំណែកឯជាតិសាសន៍ផ្សេងទៀតត្រូវតែកម្ចាត់ចោល ដើម្បីបន្សុទ្ធជាតិសាសន៍អាល្លឺម៉ង់។ គំនិតបន្សុទ្ធជាតិសាសន៍នេះហើយ ដែលជាដើមហេតុមួយ ដែលនាំឲ្យមានការសម្លាប់រង្គាលជនជាតិជ្វីហ្វនៅអាល្លឹម៉ង់ និងនៅតាមបណ្តាប្រទេសស្ថិតក្រោមការកាន់កាប់របស់ហ៊ីត្លែរ នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ហើយប្រសិនបើហ៊ីត្លែរជាអ្នកឈ្នះសង្រ្គាមលោកលើកទី២វិញ ប្រហែលមិនមែនតែជនជ្វីហ្វមួយទេ ដែលត្រូវទទួលរងការសម្លាប់រង្គាលផ្តាច់ពូជ។

ទីពីរ ការបង្កើតប្រជាជាតិអាល្លឺម៉ង់ដោយឈរលើមូលដ្ឋានជាតិសាសន៍ គឺមានន័យថា ព្រំដែនរបស់ប្រទេសអាល្លឺម៉ង់នឹងមិនត្រូវកំណត់តាមលក្ខណៈ ភូមិសាស្រ្តនោះទេ តែទៅតាមលក្ខណៈជាតិសាសន៍ ឬអាចនិយាយបានម្យ៉ាងទៀតថា នៅទីណាក៏ដោយ ឲ្យតែមានជាតិសាសន៍អាល្លឺម៉ង់រស់នៅ ទីនោះត្រូវតែជាទឹកដីរបស់អាល្លឺម៉ង់។ ដោយឈរលើគោលគំនិតនេះហើយ ដែលហ៊ីត្លែរបានចូលឈ្លានពានតំបន់ ដែលមានប្រជាជនដើមកំណើតអាល្លឺម៉ង់រស់នៅ ក្នុងប្រទេសឆេកូស្លូវ៉ាគី និងប៉ូឡូញ ហើយដែលជាឆ្នួនដុតបញ្ឆេះសង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៣៩៕

Leave a comment