អា​វី​សេន​ណា ( Avicenna ឆ្នាំ​៩៨០​ដល់​១០៣៧ )

អា​វី​សេន​ណា ( Avicenna ឆ្នាំ​៩៨០​ដល់​១០៣៧ ) ​ដែល​បានរស់នៅ​ស្ទើរ​ពេញ​មួយជីវិត​នៅក្នុង​តំបន់​ខាងកើត​និង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​អ៊ីរ៉ង់​នោះ​មាន​ដើមកំណើត​នៅក្នុង​ខេត្ត​ប៊ូ​ខា​រា (Bukhara)​ជា​កន្លែង​ដែល​គាត់​បានទទួល​ការអប់រំ​ដំបូង​ដោយ​ការបង្រៀន​ផ្ទា​ល់ពី​ឪពុក​របស់គាត់​។​ដោយ​ផ្ទះ​របស់គាត់​ជា​កន្លែង​ប្រជុំ​អ្នកចេះដឹង​រៀងរាល់ថ្ងៃ អា​វី​សេន​ណា​បាន​រៀនសូត្រ​ជាច្រើន​ពី​ពួក​បណ្ឌិត​ដ៏​ឆ្នើម​ទាំងនោះ​។​

​ ​ជា​ក្មេង​ដែលមាន​ការអភិវឌ្ឍន៍​លឿន​និង​មាន​សម្ថ​ភាព​ខ្ពស់​ក្នុងការ​ចងចាំ​ពី​កំណើត អា​រី​សេន​ណា​អាច​ទន្ទេញ​បាន​យ៉ាង​ចាំ​ល្អ​នូវ​កំណាព្យ​អារ៉ាប់​តាំងតែ​ពី​គាត់​ទើប​មាន​អាយុ​១០​ឆ្នាំ​ម្លេះ​។ អា​វី​សេន​ណា បានចាប់ផ្តើម​រៀន​តក្ក​វិទ្យា និង​បរមត្ថ​វិទ្យា (Metaphysic) ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ដែល​ក្រោយមក​គាត់​បាន​រៀន​ផ្លោះ​ថ្នាក់ ហើយ​បន្ត​រៀន​ពីរ​បី​ឆ្នាំ​ទៀត និង​ក្រោយមក​គាត់​ក៏បាន​ចាប់ផ្តើម​រៀន​ដោយ​ខ្លួនឯង រហូតដល់ អាយុ​១៨​ឆ្នាំ​។​គាត់​រៀនសូត្រ​យ៉ាង​ស្វាហាប់ និង​បាន​សិក្សា​ស៊ីជម្រៅ​អំពី​នីតិសាស្ត្រ​ឥស្លាម វេជ្ជសាស្ត្រ និង​ចុងក្រោយ​បរមត្ថ​វិទ្យា (​ផ្នែក​មួយ​នៃ​ទស្សនវិជ្ជា​ដែល​សិក្សា​ពី​ធម្មជាតិ​នៃ​រូបធាតុ​នៅក្នុង​លោក​)​។​

​កត្តា​មួយ​ដែល​បាន​ជួយ​បង្កើន​ចំណេះដឹង​របស់​អា​វី​សេន​ណា​គឺ​ដោយសារ​គាត់​ត្រូវបាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​បណ្ណាល័យ​ដ៏​សំបូរបែប​របស់​រាជវង្ស​សា​ម៉ា​នី​ត (Samanids​សន្តតិវង្ស​ជនជាតិ​ដើមដំបូង​មានកំណើត​នៅ​ប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​ការ​ការដួលរលំ​នៃ​ពួក​អារ៉ាប់​) ។​អាទិភាព​នេះ​គឺ​ដោយសារ​គាត់​បាន​ព្យាបាល​អ្នកអង្គម្ចាស់ នូ​អ៊ី​ប​មែន​ស័​រ (Nuh ibn Mansur) បាន​ជោគជ័យ​។
​ ​នៅពេលដែល​អា​វី​សេន​ណា​មាន​អាយុ​បាន​២១​ឆ្នាំ គាត់​បានទទួល​ជោគជ័យ​ស្ទើរតែ​គ្រប់ផ្នែក​នៃ​ការសិក្សា ហើយ​បានទទួល​កិត្តិនាម​ដ៏​ល្បីល្បាញ​ជា​វេជ្ជបណ្ឌិត​កំពូល​។ ក្រៅពីនោះ​គាត់​ក៏​ធ្លាប់បាន​បម្រើការ​ជា​អ្នករដ្ឋបាល​ផងដែរ នៅក្នុង​ជួរ​រដ្ឋាភិបាល​ដោយមាន​តួនាទី​ជា​ក្រឡាបញ្ជី​។​

​ប៉ុន្តែ​មួយ​ពព្រិច​ភ្នែក​ក្រោយមក ឆាកជីវិត​របស់គាត់​ក៏បាន​ផ្លាស់ប្តូរ​។ ឪពុក​របស់គាត់​បាន​ទទួលអនិច្ចកម្ម ហើយ​រាជវង្ស​សា​ម៉ា​នី​ត​ត្រូវបាន​ផ្តួលរំលំ​ដោយ​សន្តតិវង្ស មា​មូ​ត​ហ្កា​ន់​ស្នា​វីដ (Mamud of Ghaznavid-​មេដឹកនាំ​តួ​ក​គី និង​ជា​វិ​រៈ​បុរស​ដែល​បាន​បង្កើត​ច្បាប់​នៃ​រាជវង្ស​ហ្គា​ន​ស្នា​វីដ​(rule of Ghaznavid), នៅក្នុង​តំបន់​ខូ​រ៉ា​សាន​(Khorasan)​ហើយ​អា​វី​សេន​ណា ក៏បាន​ដើរ​ពនេចរ​និង​រស់នៅក្នុង​ស្ថានការណ៍​ដ៏​ច្របូកច្របល់ ។ ប៉ុន្តែ​ការ​ផ្ចង់ស្មារតី​និង​ភាព​អង់អាច​ក្លា​ហ៊ាន​មិនបាន​អនុញ្ញាតិ​ឲ្យ​ឥទ្ធិពល​ខាងក្រៅ​កំណត់​ចំណេះដឹង​និង​ឧ​ត្ត​ម​គតិ​គាត់​បានឡើយ​។​

​ បន្ទាប់ពី​បាន​ពនេចរ​មួយរយៈ​នៅក្នុង​រដ្ឋ ខូ​រ៉ា​សាន គាត់​បាន​ភៀសខ្លួន​ទៅរក​អ្នកអង្គម្ចាស់ ប៊ុ​យ​យី​ដ (Buyid) ដែល​កាន់កាប់​នៅក្នុង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​អ៊ីរ៉ង់ ។ ដំបូង​គាត់​បាន​ទៅ​ជួបនឹង​លោក រ៉ាវី (Ravy) នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​ហើយ​ក្រោយមកទៀត​បាន​ទៅ​នៅ​ជាមួយ​លោក​ហ្គា​ហ្ស្វី​ន (Qazvin) ដោយ​ប្រកបមុខរបរ​ជា​គ្រូពេទ្យ​នៅ​ទីនោះ​។​ប៉ុន្តែ​កា​រស់នៅ​ទីនោះ​ពុំបាន​ផ្តល់​ឲ្យ​គាត់​នូវ​ស្ថិរភាព ការឧបត្ថម្ភ​ជីវភាព​សេដ្ឋកិច្ច​និង​សង្គម​បាន​គ្រប់គ្រាន់​ទេ​។ ដូច្នោះ​ហើយ​គាត់​ក៏បាន​បន្តទៅ ហា​ម៉ា​ដាន់ (Hamadan) នៅឯ​ប៉ែក​ខាងលិច​នៃ​ភូមិភាគ​កណ្តាល​ជា​កន្លែង​ដែល​អ្នកអង្គម្ចាស់ សាម​អាល់​ដា​ឡា (Shams al-Dawlah)​គ្រប់គ្រង​។​ការធ្វើដំណើរ​លើក​នេះ​បានចាប់ផ្តើម​នូវ​ដំណើរ​ជីវិត​ថ្មី​របស់​អា​វី​សេន​ណា​។​គាត់​បាន​ក្លាយជា​គ្រូពេទ្យ​ព្រះរាជវាំង​និង​បានរស់នៅ​ដោយ​រីករាយ​នៅ​ទីនោះ​ដោយ​គាត់​ត្រូវបាន​គេ​តែង​តាំងបី​ថ្នាក់​ខ្ពស់ជាង​មុន​។

​ការរស់នៅ​ក្រោម​បញ្ជា​ពី​ថ្នាក់លើ អា​វី​សេណា ក៏​ទទួលរង​នូវ​គំនៀប​នយោបាយ​និង​ការប៉ង​កម្ចាត់​រូបលោក ដែល​ពេលខ្លះ​គាត់​ត្រូវ​គេចខ្លួន​មួយរយៈ ហើយ​មាន​ពេល​មួយ​នោះ​គាត់​ត្រូវបាន​គេ​ចាប់​ដាក់គុក​ទៀត​។​

​នៅ​ហា​ម៉ា​ដាន់​,​លោក​អា​វី​សេន​ណា​ចាប់ផ្តើម​សរសេរ​ស្នាដៃ​ដ៏​ល្បី​ពីរ​យ៉ាង​។ ទីមួយ​គឺ សៀវភៅ​នៃ​ការព្យាបាល (Book of Healing) ដែល​ប្រហែលជា​ស្នាដៃ ដែលមាន​ទំហំ​ធំជាងគេ​របស់គាត់ និង​មិន​ធ្លាប់មាន​ន​ណា​សរសេរ​ពីមុនមក​។ វា​មាន​ទាំង​តក្ក​វិទ្យា វិទ្យាសាស្ត្រ​ធម្មជាតិ​រាប់បញ្ចូល​ទាំង​ចិត្ត​វិទ្យា មុខវិជ្ជា​សេរី​ទាំង​បួន​គឺ ធរណីមាត្រ​វិទ្យា​តារាវិទ្យា នព្វន្ត និង​តន្ត្រី និង​បរមត្ថ​វិទ្យា​។​

​ គំនិត​ស្នូល​របស់​អា​វិ​សេន​ណា​នៅក្នុង​ស្នាដៃ​របស់គាត់​មាន​ទំនាក់ទំនង​នឹង​អា​រី​ស្តូ​ត និង​ទទួល​ឥទ្ធិពល​ពី​អ្នកប្រាជ្ញ​ក្រិ​ក​ផ្សេងៗ​ផងដែរ​។ ប្រព័ន្ធ​នៃ​ការគិត​របស់គាត់​ពឹង​ផ្អែកលើ​ពុទ្ធិ​នៃ​ព្រះ​ជា​ម្ចាស់​ដែលជា​អង្គ​សំខាន់​។​សៀវភៅ​ដែលមាន​ចំណងជើង​ថា បញ្ជី​វេជ្ជសាស្ត្រ (the Canon of Medicine) គឺជា​សៀវភៅ​ដែល​ល្បី​តែមួយគត់​នៅក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ​ទាំង​នៅក្នុង​ភូមិភាគ​ខាងកើត​និង​ខាងលិច​។​វា​ជា​សព្វវចនាធិប្បាយ (Encyclopaedia) ដែលមាន​ផ្នែក​សំខាន់​សរសេរ​ពី​ស្នាដៃ​នៃ​អ្នកប្រាជ្ញ​វេជ្ជសាស្ត្រ​ក្រិ​ក​នានា នៅក្នុង​សម័យកាល​ចក្រភព​រ៉ូ​ម៉ាំង និង​ស្នាដៃ​ពួក​អ្នក​វេជ្ជសាស្ត្រ​អារ៉ាប់ ហើយក៏​មាននិយាយ​ខ្លះៗ​ពីបទ​ពិសោធន៍​របស់​អា​វី​សេណា​ដែរ (​កំណត់ត្រា​រោគសញ្ញា​ជម្ងឺ របស់គាត់​បាន​បាត់​នៅក្នុងពេល​គាត់​ធ្វើ​ចំណាកស្រុក​)​។

​ ខណៈដែល​គាត់​បំពេញការងារ​ជា​គ្រូពេទ្យ និង​ជា​អ្នករដ្ឋបាល​នៅក្នុង​រាជវាំង​នោះ គាត់​បាន​ចំណាយពេល​រៀងរាល់​យប់​ជាមួយ​សិស្ស​របស់គាត់​ដើម្បី​ពិភាក្សា តាក់តែង និង​ចងក្រង​ស្នាដៃ​ទាំងនោះ​ទុក​។ រាល់ពេល​ធ្វើការ​ជាមួយ​កូនសិស្ស អា​វី​សេន​ណា តែងតែ​បញ្ចូល​តន្ត្រី​និង​ការ​លេងសើច​ជានិច្ច​។​ភាពរឹងមាំ​ផ្នែក​រាងកាយ អនុញ្ញាតិ​ឲ្យ​គាត់​អាចបំពេញ​ការងារ​ទាំង​នោះបាន​យ៉ាង​ល្អ​។​

​ដំណាក់កាល​ចុងក្រោយ នៃ​ឆាកជីវិត​របស់លោក​អា​វី​សេន​ណា ចាប់ផ្តើម​នៅពេលដែល​គាត់​ផ្លាស់​ទៅ​នៅ​អេស​ហ្វេ​ន​សាន​(Esfashan)​ដែលមាន​ចង្ងាយ​ប្រមាណ ២៥០​ម៉ា​យ​ពី​តេ​ហេ​រ៉ង់​។

​នៅក្នុង​ឆ្នាំ​១០២២ ព្រះរាជា​សាម​អាល​ដរ​ឡា បាន​ចូល​ទីវ​ង្គ​ត់ ហើយ​នៅក្នុង​ស្ថានភាព​ដ៏​សែន​លំបាក​ដែល​គាត់​ត្រូវបាន​គេ​តាម​ចាប់​ដាក់គុក​ផង អា​វី​សេណា បាន​ភៀស​ទៅ​នៅ Esfashan​ដោយ​ពុំ​សូវ​មាន​ស្គាល់​ន​ណារ​នៅ​ទី​នោះឡើយ​។ គាត់​រស់នៅ​ទីនោះ​បាន​១៤​ឆ្នាំ ដោយ​សុខសាន្ត​។ គាត់​ត្រូវបាន​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ពី អា​ឡា​ដរ​ឡា​ដែលជា​អ្នកគ្រប់គ្រង​នៅ​ទីនោះ​។ គាត់​បានបញ្ចប់​ស្នាដៃ​ទាំងពីរ​ដែល​គាត់​បានចាប់ផ្តើម​សេរ​សេរ​តាំងពី​នៅ​ហា​ម៉ា​ដាន់​ហើយ​ក៏បាន​សរសេរ​ទុក​ឯកសារ​ជាច្រើន​ផ្សេងទៀត​ប្រមាណ​ជិត ២០០​ឯកសារ​។​

​ដោយ​ការ​ហែហម​ជាមួយ​អា​ឡា​ដរ​ឡា នៅក្នុង​យុទ្ធនាការ​នានា អា​វី​សេន​ណា​បាន​ធ្លាក់ខ្លួន​ឈឺ​។ ដោយ​គាត់​ទទូច​ចង់​ព្យាបាល​ដោយ​ខ្លូន​ឯង​គាត់​ក៏បាន​ទទួលមរណភាព​នៅពេលនោះ​ដោយ​ជម្ងឺ​រលាក​ពោះវៀនធំ​និង​បាក់កម្លាំង​។​

​ឥទ្ធិពល​របស់​អា​វី​សេន​ណា មាន​ច្រើន​នៅ​ប៉ែក​លោកខាងលិច​តែ​គេ​ពុំ​ឃើញ​មានការ​បង្កើត​សាលារៀន ឡាតាំង​អា​វី​សេន​ណា ណាមួយ​ច្បាស់លាស់​ទេ (Latin Avicennism)​។ សៀវភៅ​នៃ​ការព្យាបាល (Book of Healing) របស់គាត់​ត្រូវបាន​បកប្រែ​ដោយ​ផ្នែក​ជា​ភាសាឡាតាំង​នៅក្នុង​សតវត្ស​ទី​១២​ហើយ​បញ្ជី​វេជ្ជសាស្ត្រ ក៏ត្រូវ​បាន​បកប្រែ​នៅក្នុង​ឆ្នាំ​ជាមួយគ្នា​ដែរ​។ ការបកប្រែ​ទាំងអស់នោះ បាន​ផ្សព្វផ្សាយ​គំ​និង​របស់​អា​វី​សេន​ណា​ទៅក្នុង​ពិភពលោក​ខាងលិច​យ៉ាងច្រើន​។​

​គំនិត​របស់គាត់​លាយឡំ​ជាមួយ​លោក អូ​ហ្កូ​ស​ស្ទិ​ន (Augustine) ដែលជា​ទស្សនវិទូ​គ្រី​ស្ត គឺជា​ធាតុ​មូលដ្ឋាន​ក្នុង​ទ្រឹស្តី​នៃ​ទស្សនបណ្ឌិត​នា​មជ្ឈិមសម័យ ជាពិសេស​នៅក្នុង​សាលារៀន Franciscan​។ នៅក្នុង​វេជ្ជសាស្ត្រ ស្នាដៃ​នោះបាន​ក្លាយជា​ឯកសា​យោង​ដ៏​សំខាន់​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជាច្រើន​សតវត្ស ហើយ​អា​វី​សេន​ណា បានទទួល​កិត្តិយស​ស្មើគ្នា​នឹង​អ្វីដែល​គេ​ផ្តល់​ឲ្យ​អ៊ី​ប៉ូ​ក្រា​ត​និង​ហ្កា​ឡែ​ន​ដែរ​។​

​នៅ​ប៉ែក​ខាងកើត​ឥទ្ធិពល​គ្របដណ្តប់​នៃ​ទ្រឹស្តី​វេជ្ជសាស្ត្រ ទស្សនវិជ្ជា និង​សាសន​វិជ្ជា​របស់គាត់ បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ផ្នត់គំនិត​នៃ​ជនជាតិ​ឥស្លាម​៕ – See more at: http://library.cen.com.kh/library/read_online_html?token=ZDlmMjJjZT#sthash.VRQcyWVS.dpuf

Leave a comment