លោក​ស្តេ​វិ​ន ភីង​ឃឺ (Steven Pinker)

កើត​នៅក្នុង​ឆ្នាំ ១៩៥៤ លោក​ស្តេ​វិ​ន ភីង​ឃឺ (Steven Pinker)​គឺជា​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ ជនជាតិ​អាមេរិកាំង​សញ្ជាតិ​កាណាដា ដែលមាន​ឯកទេស​ឈានមុខ​គេ ខាង​វិទ្យាសាស្ត្រ​ដែល​ទាក់ទង​នឹង​ផ្លូវចិត្ត (Congnitive)​។​

​លោក ភីង​ឃឺ មានកំណើត​នៅក្នុង​ទីក្រុង​ម៉ុង​ត្រេ​អាល (Montreal) ដែល​នៅ​ទីនោះ​គាត់​បានបញ្ចប់​ការសិក្សា​កំរិត​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ​១៩៧៦​។ គាត់​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ចិត្ត​វិទ្យា​ពិសោធន៍​ពី​សាកលវិទ្យាល័យ ហា​វឺ​ត (Harvard University) នៅក្នុង​ឆ្នាំ ១៩៧៩​។ បន្ទាប់ពី​បម្រើ​ការងារ​ជា​ជំនួយការ​សាស្ត្រាចារ្យ នៅក្នុង​សាកលវិទ្យាល័យ​ហា​វឺ​ត ពី​ឆ្នាំ ១៩៨០ ដល់ ១៩៨១ មក គាត់​បាន​ចូលរួម​នៅក្នុង​ដេ​ប៉ា​តឺ​ម៉​ង់ វិទ្យាសាស្ត្រ​ខួរក្បាល និង​ចិត្តសាស្ត្រ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា ម៉ាសា​ឈូ​សិត (Massachusset Institute of Technology)

​ការសិក្សា​ពី​អត្ត​ច​រិ​ក​ក្មេង​ក្នុង​ការរៀន​ភាសា បានធ្វើ​ឲ្យ ភីង​ឃឺ ឯកភាព​ជាមួយនឹង ការអះអាង​របស់​អ្នក​ភាសាវិទ្យា លោក នុម ចុ​ម​ស្គី (Noam Chomsky) ដែល​បាន​លើកឡើងថា មនុស្ស​យើង​មាន​សមត្ថភាព​ពី​កំណើត​នៅក្នុង​ការរៀន​ភាសា​។ ជា​ចុងក្រោយ លោក ភីង​ឃឺ បាន​សន្និដ្ឋានថា សមត្ថភាព​នេះ​កើតឡើង​ដោយសារ​ការ​សម្រប​ខ្លួន ខណៈពេល​វិវត្តន៍​របស់​ក្មេង​។ គាត់​បាន​សរសេរ​ការ​សន្និដ្ឋាន​នេះ​នៅក្នុង​សៀវភៅ​ដ៏​ពេញនិយម​មួយ មាន​ចំណងជើង​ថា “​សភាវៈគតិ​នៃ​ភាសា​” (the language instinct) ដែល​បាន​ក្លាយជា​សៀវភៅ​លក់ដាច់​ជាងគេ និង​ត្រូវបាន​គេ​ចាត់ទុកជា​សៀវភៅ​ក្នុងចំណោម​សៀវភៅ​ល្អ​បំផុត​ទាំង​ដប់​ក្បាល ដោយ​កាសែត​ញ៉ូ​យក​ថែម នៅក្នុង​ឆ្នាំ​១៩៩៤​។ សៀវភៅ​បន្ត​ដែល​លក់ដាច់​ជាងគេ​ដែរនោះ គឺ “​ដំណើរការ​នៃ​គិត​របស់​អ្នក​” (how the mind works) ត្រូវបាន​ទទួលពានរ​ង្វាន់ Pulizer Prize​។ នៅក្នុង​សៀវភៅ​នោះ លោក ភីង​ឃឺ បាន​ពន្យល់​អំពី​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​មួយ ដែល​លោក​បាន​ហៅថា “​វិស្វកម្ម​បញ្ច្រាស់​” (reverse engineering) ដោយ​ធ្វើ​ការវិភាគ​អាកប្បកិរិយា​មនុស្ស ដើម្បី​សិក្សា​ពី​ការវិវត្ត​នៃ​ខួរក្បាល ក្នុងកំឡុងពេល​នៃ​ការលូតលាស់​។ ការសិក្សា​នេះ​អាច​ឲ្យ​គាត់​ពន្យល់បាន នូវ​បាតុភូត​ចិត្តសាស្ត្រ​ជាច្រើន ដូចជា ការគិត​បែប​តក្ក​វិទ្យា និង​គំហើញ​។​ល​។ ក្នុង​វណ្ណ​កម្ម ដែលមាន​ចំណងជើង​ថា “​ពាក្យ និង​ច្បាប់​” (Words and Rules) ភីង​ឃឺ​បាន​ផ្តោត​ការសិក្សា​លើ តំបន់​នៃ​ខួរក្បាល​ផ្នែក​ភាសា ដែល​អាច​ឲ្យ​គាត់​វិភាគ​លើ​ច​លន​ការ​នៃ​ការគិត និង​ការបង្កើត​ភាសា​។ ចំណែក​នៅក្នុង​ស្នាដៃ​មួយទៀត ដែលមាន​ចំណងជើង​ថា “​ធាតុ​នៃ​ការគិត ៖ ភាសា​គឺជា​ផ្លូវ​នៃ​ការសិក្សា​ពី​សារជាតិ​របស់​មនុស្ស​” (​ឆ្នាំ​២០០៧) លោក ភីង​ឃឺ បាន​រកឃើញថា ពាក្យ អាច​ឲ្យ​យើង​ដឹង​ពី​សណ្ឋាន​នៃ​ខួរក្បាល និង​ដំណើរការ​នៃ​ការគិត​របស់​វា​។​
លោក ​ស្តេ​វិ​ន ភីង​ឃឺ (Steven Pinker)
​ទោះបីជា​មានការ​គាំទ្រ​មួយចំនួន ក៏​ស្នាដៃ​របស់ ភីង​ឃឺ កន្លែង​ខ្លះ​មាន​លក្ខណៈ​ផ្ទុយគ្នា​ទៅនឹង​អ្នកដទៃ​។ ស្នាដៃ​របស់គាត់​ប្រហែល​ជាមាន​ទាំង​កម្មវត្ថុ​ផ្នែក ទស្សនវិជ្ជា សាសនា ហើយ​រួម​ជាមួយនឹង​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​ផងដែរ​។ អ្នកប្រាជ្ញ​ខ្លះ​មើលឃើញថា ទិន្ន័យ​ខ្លះ មិនមាន​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ទស្សនៈ​របស់គាត់​ឡើយ ហើយ​កត្តា​ផ្សេងៗ​ដែលមាន​ឥទ្ធិពល​ទៅលើ​ការវិវត្តន៍​នៃ​ខួរក្បាល ក៏​មិនត្រូវ​បានលើកឡើង​ដែរ​។ ទោះបីជា នៅមាន​ចំណុច​ជាច្រើន​ទៀត​ខ្វះខាត​ត្រូវ​សិក្សា​បន្ថែម ក៏​ស្នាដៃ​របស់លោក ភីង​ឃី ស្ថិតនៅក្នុង​ផ្លូវត្រូវ​ជាច្រើន​៕

រក្សាសិទិ្ធគ្រប់យ៉ាងដោយ ខេមបូឌាអេចបេ្រសញូស៍ 2014 Email: ceninfo@cen.com.kh
– See more at: http://library.cen.com.kh/library/read_online_html?token=NTIyNGE4OT#sthash.fQ5ShT67.dpuf

Leave a comment